សិស្ស​រាប់រយ​នាក់​ចេញ​យុទ្ធនាការ​សំអាត​ទីក្រុង​កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រុង​កំពង់ចាម​ក្នុង​ការ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​នា​ពេល​កន្លង​មក​ទទួល​បាន​ផ្ការំដួល​២​ទង ជាមួយនឹង​ការ​ណែនាំ​ពី​សំណាក់​លោក លន់ លឹ​ម​ថៃ អភិបាល​នៃ​គណៈ​អភិបាលខេត្ត នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៦ គេ​ឃើញ​មាន​សិស្សានុសិស្ស​រាប់រយ​នាក់ រួម​ជាមួយ​និង​កម្មករ​៥៧​នាក់ ចេញ​សំអាត​ទីក្រុង​កំពង់ចាម ដោយ​បាន​ធ្វើ​ឡើង​២​គោលដៅ​ព្រម​ៗ​គ្នា ដើម្បី​ឱ្យ​មាន​សោភ័ណ​ភាព​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ។

លោក ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា សម្រាប់​កម្លាំង​ដែល​ចេញ​សំអាត​ក្រុង​២​គោលដៅ ក្នុង​នោះ​មាន ១-​ចាប់ពី​ចំណុច​រង្វង់​មូល​កងទ័ព ក្រោយ​វិទ្យាល័យ​ព្រះ​សីហ​នុ​ដល់​ផ្លូវបំបែក​រង្វង់​មូល​រតនាគារ​ខេត្ត និង ២-​ចាប់ពី​រង្វង់​មូល​នាង​គ​ង្ហី​ង​ដល់​សាលាសង្កាត់​កំពង់ចាម ជាប់មាត់​ទន្លេមេគង្គ ។

លោក​អភិបាលក្រុង​កំពង់ចាម បាន​មាន​ប្រសាសន៍​បន្ត​ថា ក្រៅពី​កម្លាំង​សិស្ស​ទាំង​២​គោលដៅ​នោះ ក៏​មាន​កម្មករ​១​ក្រុម​ទៀត​មាន​គ្នា​៥៧​នាក់ ត្រូវ​បាន​ចេញ​បោសសំអាត​អនាម័យ​ក្រុង​គ្រប់​ផ្លូវ​ទាំងអស់ និង​ធ្វើ​ឡើង​រាល់ថ្ងៃ​តែ​ម្តង ចំណែក​សិស្សានុសិស្ស​មក​ពី​វិទ្យាល័យ​ព្រះ​សីហ​នុ និង​វិទ្យាល័យ​ដីដុះ​នោះ​ត្រូវ​ចេញ​សំអាត​ក្រុង​រើស​សំរាម​ក្នុង​១​ខែ​ម្តង ។

លោក ចាន់ ផ​ល្លី បាន​ឲ្យ​ដឹង​ទៀត​ថា រាល់​ថ្ងៃនេះ​រូប​លោក​នឹង​ប្រឹងប្រែង​បន្ត​ទៀត ដោយ​មិន​អាច​ធ្វើ​តែឯង​នោះ​ទេ ត្រូវ​តែ​មានការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ទទួល​បាន​ផ្ការំដួល​៣​ទង ។ លោក​បញ្ជាក់​ថា ក្រោម​ការ​ណែនាំ​ពី​សំណាក់​លោក លន់ លឹ​ម​ថៃ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ខិតខំ​ប្រឹងប្រែង​កែប្រែ​ផ្លូវ​តាម​មាត់ទន្លេ​ក្រុង​កំពង់ចាម ដើម្បី​ឱ្យ​មាន​សោភ័ណ​ភាព​ដូច​ជាដើម​ឈើ​ត្រូវ​បាន​បំពាក់​អំ​ពូ​ល​ភ្លើង​នៅ​ពេល​រាត្រី ដើម្បី​អបអរសាទរ​បុណ្យ​ទន្លេ​នៅ​ក្នុង​ខែមីនា​ខាង​មុខ​នេះ​ផង​ដែរ សង្ឃឹមថា មាន​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី​ចូលរួម​កម្សាន្ត  ៕