បុរស​វ័យ​ចំណាស់​ម្នាក់​និង​បុរស​វ័យក្មេង​ម្នាក់​នៅ​ភូមិ​ជាមួយ​គ្នា ចង​.​ក​សម្លាប់​ខ្លួន​នឹង​មែក​អំពិល​ដូច​គ្នា​នៅ​កន្លែង​ផ្សេង​គ្នា

ខេត្តកំពត ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​មែក​អំពិល​ខាងត្បូង​ផ្ទះ​ចម្ងាយ​ប្រមាណ​៣០​ម៉ែត្រ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​ត្រពាំង​ច្រាប ឃុំ​ថ្មី ស្រុក​ទឹកឈូ ។

លោក​វរសេនីយ៍ត្រី ណុ​ប ចាន់​ភាព អធិការរង​នគរបាល​ស្រុក​ទឹកឈូ បាន​ឲ្យ​ដឹង​ថា បុរស​វ័យ​ចំណាស់​រង​គ្រោះ​ឈ្មោះ អ៊ុ​ក សោត ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ។

ប្រភព​ពី​ក្រុម​គ្រួសារ​បុរស​រង​គ្រោះ​មាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​ចេះ​តែ​និយាយ​ប្រាប់​ប្រពន្ធ​គាត់​ថា គាត់​ពិបាក​ក្នុង​ខ្លួន​ណាស់ ហើយ​គិតតែ​ចង់​ចង​.​ក​សម្លាប់​ខ្លួន ។ ក្រោយ​ពី​ដឹង​ថា​បុរស​រង​គ្រោះ​មាន​អាកា​រៈ​បែប​នេះ ពួក​គាត់​ក៏​មានការ​ប្រុង​ប្រយ័ត្ន និង​តាម​ឃ្លាំមើល​គាត់​ជា​ប្រចាំ​ដែរ ប៉ុន្តែ​នៅ​ថ្ងៃ​កើតហេតុ​គាត់​នៅផ្ទះ​តែ​២​នាក់​ប្រពន្ធ ពេល​ហូប​បាយ​ថ្ងៃត្រង់​រួច​ប្រពន្ធ​ក៏​ប្រមូល​ចាន​ទៅ​លាង​នៅផ្ទះ​បាយ រួច​ចេញ​មក​ក្រៅ​ស្រាប់តែ​បាត់​ប្តី​ក៏​ចេញ​មក​ក្រៅ​ផ្ទះ​ស្រាប់តែ​ប្រទះ​ឃើញ​ចង​.​ក​ស្លាប់​បាត់​ទៅ​ហើយ ។

មាន​ករណី​ចង​.​ក​សម្លាប់​ខ្លួន​មួយទៀត​កើតឡើង​នៅ​ក្នុងភូមិ​-​ឃុំ​ដដែល ​ដោយ​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៦ បុរស​ម្នាក់​បាន​បាត់​យូរ​ពេក​មិនឃើញ​ចូល​ផ្ទះ​ក៏​ត្រូវ​ក្រុម​គ្រួសារ​តាម​រក​ប្រទះ​ឃើញ​ចង​.​ក​សម្លាប់​ខ្លួន​នឹង​មែក​អំពិល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ស្ថិត​នៅ​ភូមិ​ត្រពាំង​ច្រាប ឃុំ​ថ្មី ស្រុក​ទឹកឈូ ។

លោក​វរសេនីយ៍ត្រី​អធិការរង​នគរបាល​ស្រុក​ទឹកឈូ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឡុ​ង ដា​វិ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ប្រពន្ធ និង​កូនប្រុស​ម្នាក់​ក្នុង​បន្ទុក ។

លោក​អធិការរង​បន្ត​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម មិន​ចាំ​ស្លាក​លេខ​ចេញពីផ្ទះ​បាត់​យ៉ាង​យូរ ដោយ​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ក្រុម​គ្រួសារ​តាម​រក​ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ប្រើ​កន្សែងពោះគោ​ចង​.​ក​នឹង​មែក​ដើម​អំពិល​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​១​គីឡូម៉ែត្រ​សម្លាប់​ខ្លួន​បាត់​ដោយ​គ្មាន​អ្នក​ណា​ដឹង​ម្នាក់​ឡើយ ។

ប្រភព​ពី​ក្រុម​គ្រួសារ​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​បុរស​រង​គ្រោះ​គិត​ខ្លី​ចង​.​ក​បញ្ចប់ជីវិត​គឺ​ប្រហែលជា​ដោយសារ​ជំពាក់​បំណុល​អង្គការ​(​មីក្រូ​ហិរញ្ញ​វត្ថុ​ឯកជន​)​ច្រើន​ពេក ហើយ​រក​ចំណូល​បង់​មិន​ទាន់​ក៏​ត្រូវ​បងប្អូន​ក្នុង​ក្រុម​គ្រួសារ​ស្តីបន្ទោស ហើយ​ខឹង​អ្នក​ស្តីបន្ទោស ប្រហែលជា​តូចចិត្ត​ទើប​គិត​ខ្លីរ​ត់ទៅ​ចងក​ធ្វើ​អត្តឃាត​បញ្ចប់ជីវិត​បែប​នេះ​តែ​ម្តង​ទៅ ។

ក្រោយ​ពី​ពិនិត្យ​សព​រួចរាល់ សមត្ថកិច្ច​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ជូន​ក្រុម​គ្រួសារ​រៀង​ៗ​ខ្លួន​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕