អាហារ​ពេលព្រឹក​ពិត​ជា​សំខាន់​មែនឬ​? អ្នកជំនាញ​និយាយថា​ទេ​!

អាហារ​ពេលព្រឹក​ពិត​ជា​សំខាន់​មែនឬ​? អ្នកជំនាញ​និយាយថា​ទេ​!

​ប្រសិនបើ​អ្នក​កំពុង​តែ​ព្យាយាម​រក្សា​សុខ​ភាព​អោយ​ល្អ និង​រក្សា​រូបរាងកាយ​អោយ​សម​សួន​នោះ​អ្នក​ប្រហែលជា​ធ្លាប់​បាន​លឺ​ពីមុន​មក​ហើយ​ថា អាហារ​ពេលព្រឹក​គឺជា​អាហារ​ដ៏​សំខាន់​មួយ ។​កាលពី​ជាង​១០​ឆ្នាំមុន មាន​អំណះ​អ​ណាងមួយ​បញ្ជាក់ថា ការ​បរិភោគ​អាហារ​ពេល​ព្រឹក​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ក្នុងការ រក្សា​ទម្ងន់​រាងកាយ​។​ប៉ុន្តែ​ពេល​វេលា​ប្រែប្រួល ហើយ​ពេលនេះ​អ្នកជំនាញ និង​ការសិក្សា​ស្រាវជ្រាវ​ថ្មី គឺ​មិន​បាន​យល់​ស្រប​ទៅ​នឹង​គំនិត​នេះ​ទៀត​ទេ​។​

​នៅក្នុង​ឆ្នាំ ២០១៤ មាន​ក្រុម​សិក្សា​ស្រាវជ្រាវ​មួយ​ក្រុម បាន​ធ្វើ​ការសិក្សា​មួយ​នៅ​សកល​វិទ្យាល័យ អា​ឡា​បា​ម៉ា (Alabama) ។​អ្នកសិក្សា​ស្រាវជ្រាវ បាន​ធ្វើ​ពិសោធន៍​ទៅលើ​ថា​តើ អាហារ​ពេលព្រឹក​ពិតជា​អាហារ​ដ៏​សំខាន់​មួយ ក្នុងចំណោម​អាហារ​ទាំងបី​ពេល មែនឬ​យ៉ាងណា​? នៅក្នុង​ការសិក្សា​នេះ មាន​មនុស្ស​ចំនួន ៣០០​នាក់​បាន​ចូលរួម ដែល​ក្នុងនោះ​ពួកគេ​ត្រូវបាន​ជ្រើសរើស ដោយ​មិន​បាន​ព្រៀងទុក អោយធ្វើ​ការបរិភោគ​អាហារ​ពេលព្រឹក​។ ហើយ​មួយ​ក្រុម​ទៀត គឺ​តម្រូវ​អោយ​មិន​បរិភោគ​វា និង​មួយ​ក្រុម​ទៀត​គឺ​បន្ត​អនុវត្ត​នូវ​ទម្លាប់​ប្រចាំថ្ងៃ​របស់​ពួកគេ​។ ៤​ខែ​ក្រោយ​មក អ្នកចូលរួម​ទាំងអស់ បាន​ទទួល​ការវាយតម្លៃ ហើយ​អ្នក​សិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា វា​មិន​មាន​ភាពខុសគ្នា​អ្វី​នោះ​ទេ នៃ​ការ​ស្រក​ទម្ងន់ ចំពោះ​ក្រុម​អ្នកចូលរួម​ទាំង​បី​ប្រភេទ​នេះ ។​

មាន​ការសិក្សា​ស្រាវជ្រាវ​មួយ​ផ្សេង​ទៀត បាន​ធ្វើឡើង​នៅ​សកល​វិទ្យាល័យ ខ​ណែ​ល ( cornell) ដែល​ក្រុមមនុស្ស​ទាំងនោះ​ត្រូវបាន​ចាត់តាំង​អោយ​ធ្វើកា​រ​ពិសោធន៍​ដូចគ្នា​មួយ​។ វា​ត្រូវ​បាន​រកឃើញថា ក្រុមមនុស្ស​ដែល​មិន​បាន​បរិភោគ​អាហារ​ពេលព្រឹក គឺ​មិន​បាន​ប្រើប្រាស់​នូវ​ថាមពល​កាឡូរី​ច្រើន​ដូច​អ្នក​បាន​បរិភោគ​អាហារ​ពេលព្រឹក​នោះទេ ។ ទន្ទឹមនេះ ក៏​វា​មាន​ការសិក្សា​ស្រាវជ្រាវ​មួយទៀត ដែល​បាន​ធ្វើ​នៅ​សកល​វិទ្យាល័យ បា​ស (Bath)  ដែល​ក្នុងនោះ​ការរកឃើញ​បានបញ្ជាក់​ថា អ្នក​ដែល​មិន​បរិភោគ​អាហារ​ពេលព្រឹក ប្រើប្រាស់​ថាមពល​តិចជាង ក្រុមមនុស្ស​ដែល​បាន​បរិភោគ​អាហារ​ដំ​បួង​ក្នុង​មួយ​ថ្ងៃនេះ ។​

ការសិក្សា​ស្រាវជ្រាវ​ថ្មី បាន​រកឃើញ​នូវ​ចំណុច​ដូចគ្នា​មួយ​គឺ ប្រសិនបើ​អ្នក​ក្រោក​ពេលព្រឹក ហើយ​អ្នក​មិន​ឃ្លាន​អ្វី​ទេ នោះ​អ្នក​ក៏​មិន​ចាំបាច់​បរិភោគ​អាហារ​ព្រឹក​នោះដែរ​។ អ្នក​ក៏​មិនគួរ​ខ្លាច ក្នុង​ការ​មិន​បរិភោគ​អាហារ​ពេល​ព្រឹក​នោះ​ដែរ ប្រសិនបើ​អ្នក​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​គ្រប់គ្រង​ទម្ងន់​។ អ្នកជំនាញ​យល់​ស្រប​ថា ការ​ញាំ​នំ​ដូណាត់ ឬ​របស់​អ្វី​ដែល​មាន​ជាតិ​ផ្អែម​នៅក្នុង​ពេល​ព្រឹក គឺ​បាន​ត្រឹមតែ​បន្ថែម​ជាតិ​ស្ករ​ទៅក្នុង​ក្រពះ ដែល​នេះ​ជា​ការអនុវត្ត​នូវ​ទម្លាប់ នៃ​ការ​ត្រូវតែ​បរិភោគ​អាហារ​ពេលព្រឹក ដែល​នឹង​កាន់តែ​ធ្វើអោយ​ស្ថានភាព​សុខភាព​អាក្រក់​ជាង ការ​មិន​បរិភោគ​អាហារ​ពេល​ព្រឹក​ទៅ​ទៀត​។

ដូចគ្នានេះដែរ ការផឹក​ទឹក​ផ្លែឈើ​នៅក្នុង​ពេល​ព្រឹក វា​ក៏​បាន​ផ្តល់​ផលប៉ះពាល់​មួយចំនួន​ផងដែរ ព្រោះថា​ក្នុង​ទឹក​ផ្លែឈើ​ទាំងនោះ មិនមែន​ជា​អាហារ​ដែល​មាន​ជាតិ​ស​សៃ​នោះឡើយ​។ ដូច្នេះ គឺ​អ្នក​គ្រាន់តែ​បាន​ផឹកទឹក​ស្ករ​មួយ​កែវ​ប៉ុណ្ណោះ​។ សម្រាប់​កាហ្វេ ការ​កំណត់​ពេលវេលា គឺជា​ការចាំបាច់​។ អ្នក​អាច​ផឹក​វា​នៅ​ក្នុង​ពេល​ព្រឹក ប៉ុន្តែ​ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ស្រស់ថ្លា និង​ស្វាង​ល្អ​នោះ​ហើយ អ្នក​ក៏​មិនចាំបាច់​ផឹក​វា​ទៀត​ដែរ ព្រោះ​ថា​វា​អាច​ធ្វើអោយ​អ្នក​ពឹងផ្អែក​ទៅលើ​ជាតិ​កាហ្វេ​អ៊ី​ន និង​រង​នូវ​ផលប៉ះពាល់​ផ្សេងៗ​របស់​វា​។​

លើកលែង​តែ​កាហ្វេ​មួយ​ចេញ វា​ពិតជា​ចាំបាច់​ក្នុង​ការ​គិតពី “​អ្វី​ដែល​គួរ​ញាំ​”  ជាង  “​ពេល​ដែល​គូរ​ញាំ​” នៅពេល​ដែល​អ្នក​ចង់​គ្រប់គ្រង​ទម្ងន់​រាងកាយ​។ ការជ្រើសរើស​អាហារ​អោយបាន​ត្រឹមត្រូវ​យក​មក​បរិភោគ គឺជា​អ្វី​ដែល​មាន​ឥទ្ធិពល​ទៅលើ​ទម្ងន់​រាងកាយ និង​ការរក្សា​វា អោយបាន​ត្រឹមត្រូវ ជាជាង​ការ​គិតពី​ពេលវេលា​នៃ​ការ​ញាំ ៕

ប្រែសម្រួល៖ ម៉ុត ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។