ថ្ងៃ​ទី​០៤​មក​រា ត្រួតពិនិត្យ​យានយន្ត​ទូ​ទាំង​ប្រទេស​រក​ឃើញ​រថយន្ត​និង​ម៉ូតូ​ល្មើស​៨១៣៩​គ្រឿង

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៦​ ដែល​ជា​ថ្ងៃ​ទី​៤​នៃ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ​ត្រួតពិនិត្យ​យានយន្ត​ទូទាំង​ប្រទេស​បាន​ចំនួន​២៧៤៦៩​គ្រឿង រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​៨១៣៩​គ្រឿង និង​យានយន្ត​អប់រំ​៤៤២២​គ្រឿង បាន​យក​ទៅ​រក្សា​ទុក​ចំនួន​១២៦​គ្រឿង ។

លោក​ឧត្តមសេនីយ៍ឯក រុន រ័​ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ បាន​មាន​ប្រសាសន៍​ក្នុង​ស​ន្និ​សិ​ទ​កាសែត​នា​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​ថា នៅ​ថ្ងៃ​ទី​០៤មករានេះ ត្រួតពិនិត្យ​យានយន្ត​ទូទាំង​ប្រទេស​បាន​ចំនួន​២៧៤៦៩​គ្រឿង​(រថយន្ត​៩៦៧៧​គ្រឿង) ក្នុង​នោះ​បាន​រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​៨១៣៩​គ្រឿង​(រថយន្ត​៣៣៣១​គ្រឿង) និង​បាន​អប់រំ​ម្ចាស់​យានយន្ត​ចំ​នួ​៤៤២២​គ្រឿង(រថយន្ត​១៩៤០​គ្រឿង) បង្កាន់ដៃ​ពិន័យ​៣៧១៧​គ្រឿង បង្កាន់ដៃ​បង់ប្រាក់​២៧៤៧​គ្រឿង​(រថយន្ត​១០០៣​គ្រឿង) និង​ឃាត់​ទុក​យានយន្ត​ចំនួន​១២៧​គ្រឿង​(រថយន្ត​១​គ្រឿង)​ ចំនួន​ទឹកប្រាក់​បង់​រួច​ចំនួន​៦៧៣.០០០.០០០​រៀល ។ ដោយឡែក​ការ​ត្រួតពិនិត្យ​យានយន្ត​នៅ​ថ្ងៃ​ទី​០៣​ខែមករា មាន​ចំនួន​៣០៣១២​គ្រឿង ស្មើ​៣០% យានយន្ត​ល្មើស​ចំនួន​៨៨៩៨​គ្រឿង ស្មើ​៣០% យានយន្ត​អប់រំ​ចំនួន​៥២២៦​គ្រឿង ស្មើ​៥៩% ចេញ​បង្កាន់ដៃ​ពិន័យ​ចំនួន​៣៦៧២​គ្រឿង ស្មើ​៤១% ពិន័យ​ចំនួន​៣១២៣​គ្រឿង ស្មើ​៨៥% ហើយ​ក្នុង​នោះ​ឃាត់​យានយន្ត​ទុក​ចំនួន​៧៣​គ្រឿង ។

ការ​អនុវត្ត​របស់​នគរបាល​ចរាចរណ៍​ផ្លូវគោក​បន្ត​អនុវត្ត​ជា​ប្រចាំ និង​ដោយ​រលូន តាម​រយៈ​របាយការណ៍​ខាងលើ​នេះ​ប្រជាពលរដ្ឋ​ភាគច្រើន​បាន​គាំទ្រ​ និង​ចូលរួម​គោរព​ច្បាប់ ។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​សូម​ធ្វើការ​អំពាវនាវ​ដល់​គ្រប់​សាធារណជន​ មេត្តា​ចូលរួម​គោរព និង​អនុវត្ត​ច្បាប់​ឲ្យ​បាន​គ្រប់​ៗ​គ្នា ហើយ​ការ​គេចវេស​ប្រឈម​នឹង​គ្រោះថ្នាក់ និង​ប្រឈម​ឡើង​តុលាការ ៕