ស្នងការនគរបាលភ្នំពេញ ក្រើនរំឮកអធិការខណ្ឌ ១២ កុំលាក់បទល្មើស កើតឡើងក្នុងមូលដ្ឋានខ្លួន

ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានក្រើនរំឮកឲ្យអធិការតាមខណ្ឌទាំង១២ មិនត្រូវលាក់បាំងបទល្មើស ដែលកើតមានឡើង ក្នុងមូលដ្ឋានរបស់ខ្លួនឡើយ ។

គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ការក្រើនរំឮកនេះ ក្រោយពីការរកឃើញ កាលពីពេលថ្មីៗនេះថា ក្រុមជនល្មើសដែលចាប់ខ្លួន បានសារភាពពីករណី ដែលខ្លួនបានប្រព្រឹត្តកន្លងមក នៅក្នុងខណ្ឌមួយចំនួន តែនៅពេលដែលសមត្ថកិច្ច ចុះស្រាវជ្រាវសំណុំរឿងទាំងនោះ បែរជាមិនមានទៅវិញ ។ 

នេះជាការលើកឡើងរបស់លោកក្នុងកិច្ចប្រជុំ បូកសរុបដកពិសោធន៍ សភាពការណ៍លទ្ធផលកិច្ចសហប្រតិបត្តការបង្ក្រាបបទល្មើស ព្រហ្មទណ្ឌ គ្រឿងញៀន និងសណ្តាប់ធ្នាប់ចរាចរណ៍ ប្រចាំឆ្នាំ២០១៥ របស់គណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៥។

ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បានឲ្យដឹងថា ការគ្រប់គ្រងមុខសញ្ញាព្រហ្មទណ្ឌ ការអនុវត្តន៍ដីកា និងការស្វែងរកចាប់ខ្លួនមុខសញ្ញាដែលនៅសេសសល់ ទទួលបានលទ្ធផលទាប និងមិនទាន់ក្លាយជាសកម្មភាពជាក់ស្តែងរបស់ សមត្ថកិច្ចក្នុងមូលដ្ឋាន ធ្វើឲ្យបទល្មើសមានការថយចុះ តែមួយរយៈពេល តែមានការកក្រើកឡើងវិញ បន្ទាប់ពីមុខសញ្ញាទាំងនោះ បានបង្កើតជាក្រុមថ្មី ដើម្បីធ្វើសកម្មភាពបន្ត ។

លោកបន្តថា មុខសញ្ញាជនល្មើស ដែលបង្ក្រាប មិនទាន់អស់មាន ៤៧៣មុខសញ្ញា លើ ២៥៦ករណី ៕

ស្នងការនគរបាលភ្នំពេញ ក្រើនរំឮកអធិការខណ្ឌ ១២ កុំលាក់បទល្មើស កើតឡើងក្នុងមូលដ្ឋានខ្លួន