​ទារក​អាច​រៀន​បាន​ដោយ​វិធី​ណា​ខ្លះ​?

​ទារក​អាច​រៀន​បាន​ដោយ​វិធី​ណា​ខ្លះ​?

ការសិក្សា​រៀនសូត្រ គឺ​មិន​ដែល​ត្រូវបាន​បញ្ឈប់​នោះទេ​។  ហើយ​នៅពេល​ដែល​ទារក​តែង​ត្រូវបាន ទទួល​ការព្រួយបារម្ភ​ពី​បញ្ហា​នេះ នោះ​យើង​ពិតជា​មាន​ការភ្ញាក់ផ្អើល ក្នុងការ​ឃើញ​នូវ វិធី​នៃ​ការរៀន និង ភាព​ឆាប់​ចាប់​បាន​របស់​ពួកគេ​។ វា​ពិតជា​ធ្វើអោយ​យើង​មានការ​ឆ្ងល់​ណាស់ ថា​តើ​ទារក​អាច​រៀន​ឆាប់​ចេះ​បែបនេះ បាន​ដោយ​របៀប​ណា​?

អ្នក​ប្រាកដជា​បានឃើញ​ថា ទារក​តូច​របស់​អ្នក អាច​ចាប់​យក រាល់​វត្ថុ​តូចៗ​ដែល​ពួកគេ​អាចធ្វើ​បាន​។ ពួកគេ​តែង​ព្យាយាម ចាប់​យក​របស់​អ្វី​មួយ​ដាក់​បញ្ចូល​ក្នុង​មាត់​បាន​យ៉ាង​ត្រង់​ល្អ​, ពួកគេ​នឹង​ឆាប់​ស្និទ្ធស្នាល​នឹង​អ្នក តាម​ដែល​គេ​អាច​ធ្វើបាន​,​ពួក​គេ​ចង់​ប៉ះ និង ចាប់​នូវ​រាល់​អ្វី​ដែល​អ្នក​បាន​ចាប់​កាន់ ហើយ ពួកគេ​ត្រៀមខ្លួន​ជាស្រេច ក្នុង​ការស្វែងរក​នូវ រាល់​អ្វីៗ​នៅ​ជុំវិញ​ផ្ទះ​។ ពេលខ្លះ វា​ពិតជា​ធ្វើអោយ​យើង ឆ្ងល់​ណា​ថា​តើ ហេតុអ្វី​បានជា​កូនតូច​នេះ តែងតែ​ធ្វើ​អោយ​ខ្លួន​គេ​រវល់​ជាប់​រហូត​ដូចនេះ ? ប៉ុន្តែ​នេះ​គឺជា វិធី​ដែល​ពួកគេ​កំពុង​ចាប់ផ្តើម​រៀន​! ពិតណាស់ កុមារ​តូចៗ​រៀន​តាម​រយៈ ញាណ​របស់​ពួកគេ​។ ពួកគេ​រៀន ដោយ​ការ​ប៉ះ​, ឃើញ​, ស្តាប់លឺ​, ស្រង់​ក្លិន និង ភ្លក្ស​រសជាតិ​នៃ​អាហារ​ផ្សេងៗ ។​

ទារក​ក៏​ធ្វើការ​រៀន​ផង​ដែរ នៅពេល​ដែល​ពួក​យើង​ធ្វើការ​និយាយ​ជាមួយ នឹង​ពួកគេ​។ ទំនាក់ទំនង ជា​វិជ្ជមាន គឺ​អាច​ជួយ​អោយ​ទារក​របស់​អ្នក ឆាប់​យល់​ពី​អ្នក​បាន បើទោះជា​មិនមែន​តាម​រយៈ​ការប្រើ ភាសា​ក៏ដោយ​។ ពួកគេ​អាច​យល់​បាន នូវ​អ្វី​ដែល​អ្នក​កំពុង​តែ​ព្យាយាម​និយាយ ប្រហែលជា​អាច តាមរយៈ ការបង្ហាញ​ទឹកមុខ ឬ សកម្មភាព​របស់​អ្នក​ទៅ​កាន់​ពួកគេ​។ ដូចនេះ ហើយ​អ្នក​ត្រូវតែ​យល់​ស្រប​ថា ពួកគេ​គឺ​ពិតជា​មាន ភាព​ឆ្លាត​វៃ​ណាស់​!

រយៈពេល​នៃ​ការសិក្សា​របស់​កូនតូច​អ្នក គឺ​ចាប់ផ្តើម​តាំងតែ​ពី​ថ្ងៃ ដែល​ពួកគេ​កើត​មក​ម្ល៉េះ​។ នេះ​គឺជា ពេល​មួយ​ដែល​អ្នក​អាច បណ្តុះ​គំនិត និង តម្លៃ​ចំពោះ​ទារក និង កសាង​នូវ ទំនាក់ទំនង​ផ្នែក​ផ្លូវចិត្ត​ជាមួយ នឹង​ពួកគេ​ជាខ្លាំង​។ ប៉ុន្តែ​យើង​ក៏​ត្រូវ​ដឹង​ផង​ដែរ កម្រិត​នៃ​ការរៀនសូត្រ​របស់​ទារ​ក​ម្នាក់ៗ គឺ​មាន​ភាព ខុសៗ​គ្នា​ផង​ដែរ ។ ដូច្នេះ អ្នក​ត្រូវ​មាន​ការអត់ធ្មត់ និង តាមដាន​ពី​ការវិវត្តន៍ និង ការរៀន​របស់​ពួកគេ ដែល​កើតមាន​រាល់​នាទី ដែល​អាច​នឹង​កើតមាន​ដោយ​អ្នក​មិន ទាំង​បាន​ដឹង​មុន​ផង រហូតដល់​ពេល​មួយ ដែល​ពួកគេ អាច​និយាយ ត្រលប់​មក​កាន់​អ្នក​វិញ​បាន​នោះ ៕

ប្រែសម្រួល៖ ម៉ុត ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។