កម្ពុជា​បណ្តេញ​បរទេស​ខុសច្បាប់ ៤៤២៤​នាក់ ក្នុង​ឆ្នាំ​២០១៥

​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចំនួន ៤៤២៤​នាក់ ត្រូវបាន​អាជ្ញាធរ​កម្ពុជា​ឃាត់ខ្លួន​និង​បណ្តេញចេញ ដោយ​គិត​ត្រឹម​ខែមករា ដល់​ខែធ្នូ ឆ្នាំ​២០១៥ ។ ក្នុងចំណោម​ជនបរទេស​ទាំងនោះ​ជនជាតិ​វៀតណាម​មាន​ចំនួន​ច្រើនជាងគេ ដែលមាន​រហូតដល់ ៣៩៧៨​នាក់​។ នេះ​បើតាម​របាយការណ៍​ពី​នាយកដ្ឋាន​រដ្ឋបាល​សរុប នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ​។​

​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​សរុប លោក កែម សារិន បាន​មានប្រសាសន៍ថា ជនបរទេស​ខុសច្បាប់​ចំនួន ៤៤២៤​នាក់ (​ស្រី​៥៥៣​នាក់​) មាន​ចំនួន ៤៩​សញ្ជាតិ ត្រូវបាន​សមត្ថកិច្ច​អន្តោប្រវេសន៍​ឃាត់ខ្លួន​និង​បញ្ជូនទៅ​ស្រុកកំណើត​វិញ ដោយ​គិត​ត្រឹម​១២​ខែ គឺ​ចាប់ពី​ខែមករា ដល់​ខែធ្នូ ក្នុង​ឆ្នាំ​២០១៥ ។ លោក បន្ថែមថា ក្នុងចំណោម​ជនអន្តោប្រវេសន៍​ទាំងនោះ អន្តោប្រវេសន៍​វៀតណាម​ចំនួន​៣៩៧៨​នាក់ (​ស្រី​១១៥​នាក់​)​។​

​ប្រធាន​នាយកដ្ឋាន​រូបនេះ​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​បែបនេះ​ថា​៖«​យើង​ឃាត់ខ្លួន​និង​បណ្តេញ​ជនជាតិ​វៀតណាម​ច្រើនជាងគេ​។ ពួគគេ​មក​រស់នៅ​និង​ធ្វើការ​ដោយ​ខុសច្បាប់ មិនមាន​លិខិតឆ្លងដែន ឬ​ឯកសារ​ពាក់​ពន្ធ​អ្វី​នោះទេ​»​។​

​ជុំវិញ​បញ្ហា​នេះ លោក អ៊ុក ហៃ​សីលា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ធ្លាប់​អះអាងថា ជនជាតិ​វៀតណាម​ដែល​មក​រស់នៅ​និង​ធ្វើការ​នៅ​កម្ពុជា ភាគច្រើន​ប្រកបមុខរបរ​ជាជាង​ឈើ ជាងសំណង់ ជាងដែក និង​ជាង​កែច្នៃ​ផ្សេងៗ ហើយ​ខ្លះទៀត​ក៏មាន​មុខរបរ​ខ្លួនឯង​ដែរ ដូចជា​បើកហាង​លក់​កាហ្វេ លក់​បាយ ជាដើម​។ ជាងនេះទៅទៀត ជនជាតិ​វៀតណាម​ខ្លះទៀត ក៏​ធ្វើជា​អ្នក​ម៉ាស្សា និង​ធ្វើការ​ក្នុង​ហាង​ខារ៉ាអូខេ​ផងដែរ​។​

​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៤ ជនអន្តោប្រវេសន៍​សរុប​ចំនួន ១៣០៧ នាក់ (​ស្រី​២៧៧​នាក់​) មាន​២៤​សញ្ជាតិ ដែល​ត្រូវបាន​ឃាត់ខ្លួន​និង​បណ្តេញ​ចេញពី​កម្ពុជា​។ ចំពោះ​ជនបរទេស​ខុសច្បាប់ ក្នុង​ឆ្នាំ​២០១៤ ជនជាតិ​វៀតណាម​មាន​រហូតដល់​ចំនួន​១០១៥​នាក់ (​ស្រី​២៤៥​នាក់​)៕