តំណាង​សហព័ន្ធ​ពន្យល់​ខ្មែរ​ក្រោម​នៅ​អាមេរិក​ពី​ផែនការ​សម្រាប់​ឆ្នាំ​២០១៦

ពលរដ្ឋ​ខ្មែរ​ក្រោម​ប្រមាណ ៣០០​នាក់​មក​ពី​រដ្ឋ​នានា​នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​៣ មករា បាន​ទៅ​ជួប​ជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ឡងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋ​អាមេរិក ក្នុង​កម្មវិធី​បណ្តុះបណ្តាល​មួយ ដើម្បី​សិក្សា​ស្វែង​យល់​ពី​ស្ថានភាព​កំពុង​កើត​មាន​សម្រាប់​ខ្មែរ​ក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម និង​នៅ​លើ​ពិភពលោក។

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក លោក ថាច់ ង៉ុកថាច់ ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ពី​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​៤ មករា ថា គោល​បំណង​នៃ​ជំនួប​នោះ គឺ​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម បាន​ស្វែង​យល់​ពី​សកម្មភាព​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​អនុវត្ត​នា​ពេល​កន្លង​មក និង​ដើម្បី​ជម្រាប​ជូន​ពី​ផែនការ​សកម្មភាព​នានា​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ឆ្នាំ​២០១៦ នេះ៖ «ឆ្នាំ​២០១៦ នេះ យើង​ផ្ដោត​ធំ​ទៅ​លើ​កម្ពុជា​ក្រោម និង​តំបន់​អាស៊ី។ ទី​១ យើង​បាន​ធ្វើ​ហើយ​នៅ​អន្តរជាតិ ដែល​គេ​បាន​ស្គាល់​យើង។ ទី​២ យើង​នឹង​ជំរុញ​ឲ្យ​ប្រទេស​អាស៊ាន​ទាំង​១០ ស្គាល់​ខ្មែរ​ក្រោម​កាន់​តែ​ច្រើន​ឡើង។ គោល​បំណង​ឲ្យ​បង​ប្អូន​យើង​ក្នុង​ស្រុក​បាន​ដឹង​ឮ​ថា ដំណើរ​នៃ​ការ​ពុះពារ​ការ​ខំ​ប្រឹងប្រែង​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្វើ​ឲ្យ​អន្តរជាតិ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ឡើង ខ្មែរ​ក្រោម​នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម»

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ត្រូវ​បាន​ខ្មែរ​ក្រោម​នៅ​ឯ​នាយ​សមុទ្រ បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៩៦ ក្នុង​គោលដៅ​តស៊ូ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម គោរព​សិទ្ធិ​មនុស្ស សិទ្ធិ​រស់នៅ សិទ្ធិ​រក្សា​សាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និង​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង​របស់​ខ្មែរ​ក្រោម ដែល​ជា​ជនជាតិ​ដើម​នៅ​លើ​ដែនដី​កម្ពុជា​ក្រោម។

កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៥ តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មក​ពី​ទូទាំង​ពិភពលោក បាន​ទៅ​ជួប​ប្រជុំ​គ្នា​នៅ​រដ្ឋ​វ៉ាស៊ីនតោន (Washington) សហរដ្ឋ​អាមេរិក ម្តង​រួច​ហើយ ដើម្បី​ចូលរួម​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។