គ.ជ.ប​នឹង​ប្រជុំ​ជម្រុះ​បេក្ខជន​សម្រាប់​តំណែង​អគ្គ​និង​អគ្គ​លេខាធិការរង

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឬ​ហៅ​កាត់​ថា គ..ប នឹង​ជម្រុះ​យក​បេក្ខជន​តែ​ត្រឹម ១៥​នាក់ សម្រាប់​តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង នៅ​ថ្ងៃ​ទី​៥ មករា។

អ្នក​នាំ​ពាក្យ​គ..ប លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ថា ការ​ប្រជុំ​សម្រេច​ជម្រុះ​យក​បេក្ខជន​១៥​នាក់​នោះ ដោយ​នឹង​យក​៣​នាក់ សម្រាប់​ប្រកួត​ប្រជែង​តំណែង​អគ្គលេខាធិការ និង​១២នាក់​ទៀត សម្រាប់​តំណែង​អគ្គលេខាធិការ។

លោក ហង្ស ពុទ្ធា បញ្ជាក់​ថា បេក្ខជន​ទាំង​១៥​នាក់​ចុង​ក្រោយ​នោះ នឹង​តម្រូវ​ឲ្យ​ផ្ដល់​ឯកសារ​ច្បាប់​ដើម​ទាំង​អស់ ដូចជា​សញ្ញាប័ត្រ ឯកសារ​ប្រវត្តិរូប​ជាដើម។

បេក្ខជន​ដែល​ចូលរួម​ប្រកួត​ប្រជែង​យក​តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង ត្រូវ​បំពេញ​លក្ខខណ្ឌ​ចំនួន ៦​ចំណុច ដូចជា​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត និង​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់​ក្នុង​រយៈពេល​បំពេញ​ការងារ មាន​អាយុ​យ៉ាង​តិច ៣០​ឆ្នាំ មាន​សិទ្ធិ​បោះឆ្នោត មាន​សញ្ញាបត្រ​ចាប់​ពី​ថ្នាក់​ឧត្ដម​សិក្សា​ឡើង​ទៅ មាន​បទពិសោធន៍​ការងារ​យ៉ាង​តិច​ណាស់ ៥​ឆ្នាំ និង​មិន​ត្រូវជា​សហព័ន្ធ ឬ​ញាតិ​សារ​លោហិត ឬ​ញាតិពន្ធ​រហូត​ដល់​ថ្នាក់​ទី​៣ របស់​ប្រធាន អនុ​ប្រធាន​គណបក្ស​នយោបាយ។

វគ្គ​ជម្រុះ​ចុងក្រោយ​សម្រាប់​តំណែង​នេះ គឺ​ប្រើ​រូបមន្ត​បី​យក​មួយ ហើយ​លទ្ធផល​ចុង​ក្រោយ​នឹង​ត្រូវ​ប្រកាស​នៅ​ពាក់​កណ្ដាល​ខែ​មករា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។