ចំណុចមួយចំនួន​ក្នុង​មាត្រា​៣ និង​មាត្រា​៤ នៃ​ច្បាប់​សហជីព ត្រូវបាន​ស្នើ​ឲ្យ​កែប្រែ

មាត្រា​ចំនួន២១ ក្នុងចំណោម១០០មាត្រា នៃ​ច្បាប់​ស្តីពី​សហជីព ត្រូវបាន​លើក​មក​ពិភាក្សា និង​ស្នើ​ឲ្យ​កែប្រែ ក្នុង​កិច្ចប្រជុំ រវាង​គណបក្សកាន់អំណាច​និង​គណបក្សប្រឆាំង នៅ​វិមាន​រដ្ឋសភា នា​ថ្ងៃទី៤ ខែមករា នេះ។ ប៉ុន្តែ ជា​លទ្ធផល មាត្រា​ចំនួន២ប៉ុណ្ណោះ គឺ​ចំណុច​មួយចំនួន​នៃ​មាត្រា៣និង​មាត្រា៤ ដែល​ត្រូវបាន​ផ្តល់យោបល់​ឲ្យ​កែប្រែ។

មាន​ត្រា៣ ដែល​ចែងថា សហជីព​ត្រូវធ្វើ​របាយការណ៍​ប្រចាំខែ ដាក់ជូន​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវ​កែប្រែ​មក​រយៈពេល ៤៥ថ្ងៃ។ ចំណែកឯ មាត្រា៤ ដែល​ចែងថា  សហជីព​ចំនួន៩ឡើងទៅ​ទើប​អាច ចងក្រង​ជា​សហព័ន្ធ​សហជីព​បាន ត្រូវបាន​សម្រួល​មក​ត្រឹម​ចំនួន៧ វិញ។ នេះ​បើតាម​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន ក្រោយពី​បញ្ចប់​កិច្ចប្រជុំ។

សូម​ស្តាប់ ប្រសាសន៍​របស់លោក សុខ ឥសាន

បើតាម​លោក សុខ ឥសាន  រដ្ឋ​សភាព​នឹង​បន្ត​រៀបចំ​សិក្ខាសាលា ដើម្បី​ផ្តល់ឱកាស​ដល់​តំណាង​សហជីព​ទាំងឡាយ បាន​ចូលរួម​ជជែក​និង​ផ្តល់យោបល់​បន្ថែម ជុំវិញ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​នេះ ប៉ុន្តែ​លោក​មិនអាច​បញ្ជាក់ថា សិក្ខាសាលា​នេះ នឹងត្រូវ​រៀបចំ​នៅពេលណា​នោះទេ។

ជំនួប​តំណាងគណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្គ្រោះ​ជាតិ ធ្វើឡើង​ក្រោយពី​មានការ​ស្នើសុំ​ពី​សំណាក់​សហជីព ទៅកាន់​ស្ថាប័ន​នីតិបញ្ញត្តិ រួមទាំង​គណបក្សប្រឆាំង ឲ្យ​ជួយ​ទប់ស្កាត់​ការ​អនុ​ប័ត​ច្បាប់​នេះ។ បន្ទាប់មក គណបក្ស​ទាំងពីរ ក៏​សម្រេច​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច កាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ ដើម្បី​ពិនិត្យ​និង​ផ្តល់យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​នេះ មាន៧ជំពូក និង១០០មាត្រា ត្រូវបាន​រាជរដ្ឋាភិបាល​អនុម័ត និង​បញ្ជូន​ទៅកាន់​រដ្ឋសភា កាល​ថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០១៥ ។ មេ​សហជីព​មួយចំនួន ធ្លាប់​អះអាងថា ប្រសិនបើ​ច្បាប់​សហជីព​ត្រូវបាន​រដ្ឋសភា​អនុម័ត ដោយ​គ្មាន​ការកែប្រែ នោះ​ស្ថាប័ន​សហជីព អាច​នឹង​ដួលរលំ ដោយសារតែ​ភាព​រឹតត្បិត​នៃ​ច្បាប់​នេះ៕