កងកម្លាំង​រ៉ុ​ហ្កែ​តរបស់​ចិន​ធ្វើ​សមយុទ្ធ ក្រោយ​បង្កើតបាន​មួយ​សប្ដាហ៍​

​កងកម្លាំង​រ៉ុ​ហ្កែ​តរបស់​ចិន បានធ្វើ​សមយុទ្ធ​នៅ​ភាគ​ឦសាន​និង​តំបន់​វាល​ខ្សាច់​ភាគ​ពាយព្យ អំឡុងពេល​ការឈប់​សម្រាក​ឆ្លង​ឆ្នាំ​សកល ។ សមយុទ្ធ​នេះ​មាន​គោលបំណង​បង្កើន​សមត្ថភាព​នុយក្លេអ៊ែរ​និង​សមត្ថភាព​ប្រយុទ្ធ​របស់​កងទ័ព​រំដោះប្រជាជន​ចិន ។

​កងកម្លាំង​គ្រាប់​រ៉ុ​ហ្កែ​តរបស់​ចិន ដែលមាន​អាយុ​ទើប​តែមួយ​សប្ដាហ៍ បានធ្វើ​សមយុទ្ធ​សាកល្បង​សមត្ថភាព​របស់ខ្លួន នៅ​ចំពេល​សម្រាក​បុណ្យ​ឆ្លង​ឆ្នាំ​ថ្មី ហើយ​សមយុទ្ធ​នេះ​បានធ្វើ​ឡើង​នៅ ២​ទីតាំង ។ នៅ​ថ្ងៃទី​១ ខែមករា អង្គភាព​កាំភ្លើង​ធំ​ជាច្រើន បាន​ចូលរួម​ក្នុង​សមយុទ្ធ​នៅ​ភាគ​ឦសាន​ប្រទេស ដែល​កំពុង​គ្របដណ្ដប់​ដោយ​ព្រិល​យ៉ាង​ក្រាស់ ។ ចំណែក​លំ​ហាត់​យោធា​មួយទៀត បានធ្វើ​នៅ​តំបន់​វាល​ខ្សាច់​ភាគ​ពាយព្យ​នៅ​ថ្ងៃ​សោ​រ៍ ទី​២ មករា​កន្លងទៅ​។ 

​យោងតាម​សារព័ត៌មាន CRI របស់​ចិន ក្នុង​សមយុទ្ធ​នេះ កាំជ្រួច​ជាច្រើន​ត្រូវបាន​ដាក់ពង្រាយ​ក្នុង​ការបាញ់​ផ្លោង​ទិសដៅ​ដែលមាន​រយៈ​ចម្ងាយ​មធ្យម​និង​វែង ។ ទាក់ទង​នឹង​ការធ្វើ​សមយុទ្ធ​នេះ លោក Zhang He មេបញ្ជាការ​អង្គភាព​មី​ស៊ី​ល​ប្រចាំ​តំបន់​ពាយព្យ​បាន​និយាយថា ៖« ក្នុងនាម​ជា​សមាជិក​កងកម្លាំង​រ៉ុ​ហ្កែ​ត​នេះ យើង​ត្រូវ​ដុះខាត់​អារម្មណ៍ និង​ត្រៀមខ្លួន​ជានិច្ច ឲ្យ​សក្ដិសម​នឹង​ឈ្មោះ​ថ្មី​របស់​អង្គភាព​យើង​»​។

​គួរ​បញ្ជាក់ថា គ្រាន់តែ​ឆ្នាំ​២០១៦​មកដល់​ភ្លាម​មហា​យក្ស​ចិន​ប្រកាស​បង្កើត​អង្គភាព​យោធា​ធំៗ​បី ស្ថិតក្រោម​រចនាសម្ព័ន្ធ​កងទ័ព​រំដោះប្រជាជន​ចិន​។ ហើយ​អង្គភាព​មួយ​ក្នុងចំណោម​អង្គភាព​ទាំងបី​នោះ គឺ​កងកម្លាំង​គ្រាប់​រ៉ុ​ក​ហ្កែ​ត​នេះ​តែម្ដង ។

​កងកម្លាំង​គ្រាប់​រ៉ុ​ហ្កែ​ត​នេះ​ត្រូវបាន​គេ​ប្តូរ​ឈ្មោះ​ពី​កងកម្លាំង​កាំភ្លើង​ធំ​ទី​២ ហើយ​អង្គភាព​នេះ​នឹង​ទទួលបន្ទុក​កាំជ្រួច​បាលី​ស្ទិ​កមី​ស៊ី​ល​ផង​។ អង្គភាព​នេះដែរ​ត្រូវបាន​គេ​បង្កើន​កម្រិត​ឲ្យ​ស្មើ​កងទ័ពជើងទឹក ជើង​អាកាស និង​ជើងគោក​ដែរ ហើយ​គេ​វាយតម្លៃថា អង្គភាព​មួយ​នេះ​មាន​តួនាទី​សំខាន់​ក្នុងការ​គ្រប់គ្រង​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​របស់​កងទ័ព​រំដោះ​ប្រជា ជន​ចិន​។

​គេ​អាច​យល់បាន​ថា ការបង្កើត​កងកម្លាំង​រ៉ុ​ហ្កែ​ត ក៏ដូចជា​អង្គភាព​ដទៃទៀត គឺជា​ផ្នែក​នៃ ការ​ទម្រង់​វិស័យ​កងទ័ព​របស់​ចិន​បច្ចុប្បន្ន ដូចដែល​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង អះអាងថា ជា​កំណែទម្រង់​ធំ​បំផុត​មួយ​មិន​ធ្លាប់មាន ចាប់តាំងពី​សាធារណរ​ដ្ឋ​ប្រជាមានិត​ចិន​ផុស​រូបរាង​ឡើង​ឆ្នាំ ១៩៤៩ មក​នោះ​។ ការបង្កើត​កងពល​ថ្មី​បី​នេះ​ជា​យុទ្ធសាស្ត្រ​ថ្មី​របស់​ចិន​ក្នុងការ​សម្រួល​ដល់​ការសហការ​គ្នា​រវាង​ក​ង​ទ័ពជើងគោក ជើង​ទឹក និង​ជើង​អាកាស​ក្នុង​សង្គ្រាម​សម័យ​ទំនើប ៕