ដឹងថា​នាង​ខ្ញុំ​បាត់បង់​ព្រហ្មចារី គាត់​ចាកចេញ​គ្មាន​ងាកក្រោយ​

​នាង​ខ្ញុំ​ត្រូវ​ឈឺ​ចិត្តជា​ពន់ពេក និង ស្រក់​ទឹកភ្នែក​នៅ​ចំពោះមុខ​បុរស​ចិត្តអាក្រក់​ដែល​នាង​ខ្ញុំ​ខំប្រឹង​ស្រឡាញ់​ទុកជា​គូ​អនាគត ប៉ុន្តែ​គាត់​វិញ​ដោយសារតែ​រឿង​ព្រហ្មចារី គាត់​ធ្វើ​ខឹង​នាង​ខ្ញុំ ព្រមទាំង​ចាកចេញ​ដោយ​មិន​នឹក​ស្រណោះ ។ ស្រឡាញ់គ្នា​បាន​ជាង​កន្លះ​ឆ្នាំ នាង​ខ្ញុំ​ស្មានថា​នឹងមាន​សុភមង្គល​ជាង​គូ​ស្នេហា​ណាៗ​ទាំងអស់ ។ ដំបូង​ឡើយ​យើង​ទាំងពីរ​នាក់​មាន​សេចក្តីសុខ​ផ្លូវចិត្ត​ជាមួយគ្នា​ខ្លាំងណាស់ រហូតដល់​មិត្តភក្តិ​មួយចំនួន​របស់​នាង​ខ្ញុំ​ត្រូវ​ច្រណែន​ទៀតផង ។ ពួកគេ​និយាយថា នាង​ខ្ញុំ​មានសំណាង​ដោយបាន​បុរស​រូប​សង្ហា​ទាន់សម័យ​មក​ធ្វើជា​គូស្នេហ៍ ថ្វីបើ​នាង​ខ្ញុំ​មិន​និយាយ ប៉ុន្តែ​ប្រការនេះ​ក៏​ធ្វើឱ្យ​នាង​ខ្ញុំ​សប្បាយចិត្ត ។

បន្ទាប់ពី​ចាប់ផ្តើម​ស្រឡាញ់គ្នា​បាន​ប្រហែល​ជិត​មួយឆ្នាំ គាត់​ក៏​ចាប់​មាន​កាយវិការ​ជិតស្និទ្ធ​ជាង​មុន ហាក់ដូច​ចង់​ធ្វើ​អ្វីមួយ​ហួស​ពី​ព្រំដែន​កំណត់ ។ ពិតជា​ដូច្នោះ​មែន គាត់​តែងតែ​ចង់​សប្បាយ​ជាមួយ​នាង​ខ្ញុំ គាត់​និយាយថា មានតែ​នៅពេល​បាន​ស្និទ្ធស្នាល​នឹង​គ្នា​ប៉ុណ្ណោះ ទើប​យើង​អាច​យល់ចិត្ត​គ្នា អធ្យាស្រ័យ​ដល់​គ្នា​បានល្អ​ជាង​មុន ។​ ​បើទោះជា​នាង​ខ្ញុំ​មិន​យល់ស្រប​ជាមួយ​ការគិត​របស់គាត់ ប៉ុន្តែ​នាង​ខ្ញុំ​ក៏​ចង់​ស្ន​ទ្ធិ​ស្នាល​ជាមួយ​គាត់ ព្រោះតែ​ខ្ញុំ​ស្រឡាញ់​គាត់ ។ នាង​ខ្ញុំ​មិនដឹងថា​ហេតុអ្វី​បានជា​នាង​ខ្ញុំ​ក្លាហាន​បែបនេះ ប្រហែលជា​ដោយសារតែ​ខ្លាច​បាត់បង់​គាត់ ប្រសិនបើ​មិន​ព្រម​តាមចិត្ត​គាត់ ។ ជាងនេះទៀត​នាង​ខ្ញុំ​ក៏​ខ្លាច​គាត់​និយាយថា​នាង​ខ្ញុំ​មិន​ស្រឡាញ់​គាត់​ដោយស្មោះ​ត្រង់ ទើប​មិន​ជឿ​លើ​គាត់ ។ ពេលនេះ​ទើប​នាង​ខ្ញុំ​ដឹងថា ស្នេហា​ពិតជា​មាន​ភាព​ទាក់ទាញ​មែន ។

នាង​ខ្ញុំ​បានប្រគល់​ខ្លួនប្រាណ​ឱ្យ​គាត់ ប៉ុន្តែ​អ្វីដែល​នឹកស្មាន​មិន​ដល់​នោះ គឺ​ក្រោយពី​បានដឹងថា​នាង​ខ្ញុំ​អស់​ភាព​បរិសុទ្ធ គាត់​ក៏​បញ្ចេញ​ឥរិយាបថ​ប្លែក​ខុសពី​មុន​ភ្លាម​នៅក្នុង​ផ្ទះសំណាក់​នោះ​តែម្តង ។ គាត់​សួរ​នាង​ខ្ញុំ​អស់ពី​សំណួរ​នេះ​ដល់​សំណួរ​នោះ ហើយ​ថា​នាង​ខ្ញុំ​កុហក​បោកប្រាស់​គាត់ ។ តាមពិត​កាលពី​ដំបូង​ឡើយ​គាត់​មិនដែល​សួរ​នាង​ខ្ញុំ​អំពី​រឿង​ភាព​បរិសុទ្ធ​នោះទេ តែ​គាត់​បែរជា​មក​និយាយ​នៅពេលនេះ​ទៅវិញ​… នាង​ខ្ញុំ​មិនដឹងថា​ត្រូវ​និយាយ​អ្វី​ជាមួយ​គាត់​នោះទេ ។​ ​កាលពីមុន​នាង​ខ្ញុំ​ធ្លាប់មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ម្នាក់ ហើយ​យើង​ក៏​ធ្លាប់​គេង​ជាមួយគ្នា ប៉ុន្តែ​នោះ​គ្រាន់តែ​ជា​រឿង​អតីត​កាលដែល​កន្លងទៅ​ជាច្រើន​ឆ្នាំ​ណាស់​មកហើយ ម្យ៉ាង​នាង​ខ្ញុំ​បាន​បំភ្លេចចោល​រួចហើយ​ដែរ ។

នាង​ខ្ញុំ​បាន​និយាយប្រាប់​រឿងនេះ​ដល់​គាត់​ដោយ​សង្ឃឹមថា គាត់​នឹង​អធ្យាស្រ័យ ប៉ុន្តែ​ផ្ទុយទៅវិញ​គាត់​បាន​ទះកំផ្លៀង​ខ្ញុំ​មួយ​ដៃ ។ មិន​នឹកស្មាន​ដល់​សោះ​ថា​មនុស្ស​ដែល​នាង​ខ្ញុំ​ស្រឡាញ់​បែរជា​ធ្វើ​ដាក់​នាង​ខ្ញុំ​បែបនេះ ។​ ​ហេុ​ត​អ្វី​ក៏​គាត់​ប្រែជា​យល់ថា​ការដែល​អស់​ភាព​បរិសុទ្ធ​ គឺជា​រឿង​បោកប្រាស់​ទៅវិញ ។ នាង​ខ្ញុំ​មិនបាន​និយាយ​កុហក​គាត់​ឡើយ ព្រោះ​គាត់​មិនដែល​បាន​សួរ​នាង​ខ្ញុំ​អំពី​រឿងនេះ​ទេ ។ តើ​វា​មាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ ហើយ​នាង​ខ្ញុំ​ក៏​មិនមែនជា​ស្រី​ខិលខូច​ឯណា ។ នាង​ខ្ញុំ​មិនមែនជា​ស្រី​ដែលមាន​ទំនាក់ទំនង​ស្នេហា​ម្តង​ច្រើន​នាក់ ឯណា​នាង​ខ្ញុំ​ស្អប់​គាត់ ស្អប់​មនុស្ស​ដែល​មិនចេះ​ពិចារណា មនុស្ស​អ​ត្មា​និយម ។ ចាប់ពីពេលនោះ​មក​គាត់​បាន​បាត់​ខ្លួន​លែង​ទាក់ទង​មក​នាង​ខ្ញុំ​សូម្បី​តែម្តង ។

មុនពេល ចាក​ចេញពី​បន្ទប់​ផ្ទះសំណាក់ គាត់​បាន​និយាយ​ខ្លាំងៗ​ដាក់​នាង​ខ្ញុំ​ថា គាត់​មិនអាច​ទទួល យក​បានទេ​ចំ​ញេះ​នារី​ដែល​ធ្លាប់​ដេក​ជាមួយ​ប្រុស​ម្នាក់​រួចហើយនោះ ។ នាង​ខ្ញុំ ពិតជា​ឈឺចិត្ត​រក​អ្វី​មក​ប្រៀប​មិនបាន​ដោយសារតែ​បាន​យល់ព្រម​ធ្វើតាម​គាត់ និង បានប្រគល់​ខ្លួនប្រាណ​ឱ្យ​គាត់ ។ នាង​ខ្ញុំ​ស្អប់​គាត់​ខ្លាំងណាស់ ! នាង​ខ្ញុំ​ទ្រាំ​លេបទឹក​ភ្នែក​ដើម្បី​បំភ្លេច​បុរស​ដូចជា​គាត់ ប៉ុន្តែ​ទឹកភ្នែក​នៅតែ​ហូរ​ស្រក់​មក​ជោក​ផែន ថ្ពាល់​មិន​ព្រម​ឈប់ ។ នាង​ខ្ញុំ​សួរ​ខ្លួនឯង​ថា ពេលណា​ទើប​ស្ត្រី​ខ្មែរ​គេច​ផុតពី​បញ្ហា​ព្រហ្មចារី​នេះ ? ​។​

​ចំពោះ​នារី​មាន​វិបត្តិ​ផ្លូវចិត្ត !
​បញ្ហា​ដែល​នាង​ជួបប្រទះ​ក៏​ជា​បញ្ហា​ដែល​នារី​វ័យក្មេង​ទាំងឡាយ​ធ្លាប់​ឆ្លងកាត់ ។ នេះ​គឺជា​បញ្ហា​មួយ​ដែល​បច្ចុប្បន្ន​នៅតែមាន​អ្នក​យកមក​ធ្វើជា​រឿង​សំខាន់ ពិសេស​គឺ​មនុស្ស​អ​ត្មា​និយម និង ជា​មនុស្ស​បោកប្រាស់ ។ ពួកគេ​ប្រើប្រាស់​បញ្ហា​ព្រហ្មចារី​របស់​ស្ត្រី​ធ្វើជា​លេស​ដើម្បី​សម្រេច​បំណង​អ្វីមួយ ។ តាមពិត​នៅក្នុង​សង្គម​នីមួយៗ បញ្ហា​ព្រហ្មចារី​គឺមាន​ការយល់ឃើញ​ខុសៗ​គ្នា ។ នៅ​ប្រទេស​លោកខាងលិច​មួយចំនួន​ធំ​យល់ថា វា​ជា​រឿង​ធម្មតា រឿង​មិន​សំខាន់ ដោយ​ពួកគេ​មិន​យកចិត្តទុកដាក់​ប៉ុន្មាន​នោះទេ ។ ប៉ុន្តែ​សម្រាប់​សង្គម​ខ្មែរ បញ្ហា​ព្រហ្មចារី​គឺជា​រឿង​មួយ​ដែល​មកទល់នឹង​បច្ចុប្បន្ន​នៅតែ​ត្រូវបាន​គេ​ចាត់ទុកជា​បញ្ហាសំខាន់ ដោយសារ​នៅក្នុង​សង្គម​កម្ពុជា បញ្ហា​ព្រហ្មចារី​គឺ​ទាក់ទង​នឹង​វប្បធម៌ សីលធម៌ និង ភាពទន់ភ្លន់​របស់​នា​រី​ទាំងឡាយ ។

​ថ្វីបើ​នាង​បាត់បង់​ភាព​បរិសុទ្ធ​ម្តងមកហើយ ប៉ុន្តែ​នោះ​ជា​រឿង​កាលពីមុន​ជា​រឿង​ដែល​នាង​បាន​បំភ្លេចចោល ដូច្នេះ​ភាព​បរិសុទ្ធ​ខាង​ផ្លូវចិត្ត​របស់​នាង​នៅតែមាន ។ នាង​គួរតែ​យល់ថា​បុរស​ដែល​យក​បញ្ហា​ព្រហ្មចារី​ជាធំ ហើយ​មិន​ទទួលយក​នូវ​អ្វីដែល​បានកើត​ឡើង គឺ​មានតែ​មនុស្ស​អ​ត្មា​និយម មនុស្ស​ដែល​មិនមាន​ការទទួលខុសត្រូវ និង មនុស្ស​បោកប្រាស់​តែប៉ុណ្ណោះ ។ ពួកគេ​យក​លេស​នេះ ដើម្បី​ចាកចេញ​ពី​នារី​ដែល​ធ្លាប់​ស្រឡាញ់​បន្ទាប់ពី​បានសម្រេច​តាម​បំណង ។

ដូច្នេះ​ជម្រើស​ដ៏​ល្អ​សម្រាប់​នាង គឺ​ចូរ​បំភ្លេច​បុរស​នោះ​ចោល បំភ្លេច​រឿង​ជូរចត់​ដែល​បានកើត​ឡើង ហើយ​ស្វែងយល់​រក​អនាគត​ថ្មី​ដោយ​ប្រុងប្រយ័ត្ន ។ ចូរ​កុំ​ប្រគល់​ខ្លួនប្រាណ​ទៅឱ្យ​បុរស​ណា​ឱ្យសោះ​ទោះជា​ជិត​ដល់​ថ្ងៃ​រៀបការ​ក៏ដោយ ៕

ដឹងថា​នាង​ខ្ញុំ​បាត់បង់​ព្រហ្មចារី គាត់​ចាកចេញ​គ្មាន​ងាកក្រោយ​