គណៈកម្មការ​ចំពោះ​កិច្ច​ឯកភាព​២​ចំណុច​ក្នុង​ចំណោម​បញ្ហា​២១​ចំណុច​នៃ​សេចក្តីព្រាងច្បាប់​សហជីព

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ក្រុម​សហជីព​ដាក់​សំណើ​ជា​កង្វល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​កាលពី​ពេល​កន្លង​ចំនួន​២១​ចំណុច​នោះ ក្រុម​គណៈ​កម្ម​ការ​ចំពោះ​កិច្ច​ដែល​មាន​អាសនៈ​ក្នុង​សភា (CPP និង CNRP) បាន​បើក​កិច្ច​ពិភាក្សា​គ្នា​នា​សៀ​ល​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៦​នេះ នៅ​វិមាន​រដ្ឋសភា ដោយ​បាន​ឯកភាព​គ្នា​ចំនួន​២​ចំណុច​ក្នុង​ចំណោម​២១​ចំណុច ។

លោក សុខ ឥ​សាន អ្នក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​គណៈកម្មការ​ចំពោះ​កិច្ច និង​លោក សុ​ន ឆៃ តំណាង​គណៈកម្មការ​ចំពោះ​កិច្ច មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​សារ​ព័ត​មាន​ក្រោយ​ជំនួប​ស្រ​ដៀង​គ្នា​ថា គណៈកម្មការ​ចំពោះ​កិច្ច​បាន​យក​ចំណុច​ដែល​មិន​ពេញចិត្ត​របស់​ក្រុម​សហជីព​ទាំង​២១​ចំណុច​ដែល​បាន​ដាក់​មក​កាន់​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​ក្នុង​សភា​ដើម្បី​ពិនិត្យ​កែសម្រួល ជា​លទ្ធផល​នៃ​កិច្ច​ជំនួប​មួយ​ល្ងាច​នេះ គណៈកម្មការ​ចំពោះ​កិច្ច​បាន​ពិភាក្សា​ឯកភាព​គ្នា​បាន​២​មាត្រា គឺ​មាត្រា​ទី​៣ និង​មាត្រា​៤ នៃ​ច្បាប់​ស​ហី​ជីព ហើយ​ការ​ពិភាក្សា​គ្នា​មិនមែន​តែ​មួយ​លើក​នោះ​ទេ គឺ​ពិភាក្សា​មាន​ភាព​យូរ ព្រោះថា អ្វី​ដែល​ត្រូវ​ពិភាក្សា​នោះ​សុទ្ធតែ​ជា​ប្រយោជន៍​របស់​អង្គការ​សហជីព ។

ប៉ុន្តែ លោក សុ​ន ឆៃ ថា កិច្ច​​ពិភាក្សា​គ្នា​និង​ឯកភាព​គ្នា​នោះ​មិន​ទាន់​សម្រេច​យ៉ាងណា​នោះ​ទេ គឺ​ទុក​ឲ្យ​សហជីព​ជា​អ្នក​សម្រេច​ទទួលយក ឬ​យ៉ាងណា ។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា បាន​សម្តែង​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ក្រុម​សហជីព​ដាក់​សំណើ​ទៅ​កាន់​គណៈកម្មការ​ចំពោះ​កិច្ច​ទាំង​២​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​សភា ហើយ​គណៈកម្មការ​ទាំង​២​មិន​ដោះស្រាយ​រាល់​ចំណុច​ទាំងនោះ ដោយសារ​តែ​ចង់​ដោះស្រាយ​យកចំណេញ​ផ្នែក​នយោបាយ​រៀង​ៗ​ខ្លួន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា គណៈកម្មកា​ចំពោះ​កិច្ច​ទាំង​២គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​សភា​​បាន​ឯកភាព​ជួប​គ្នា​ម្តងទៀត​នៅ​ថ្ងៃ​ទី​១៣​ ខែមករា ឆ្នាំ​២០១៦​ខាង​មុខ ដើម្បី​ពិភាក្សា​បន្ត​ទៀត​នៃ​ចំណុច​ដែល​ក្រុម​សហជីព​ដាក់​ឲ្យ​កែសម្រួល ៕