កូរ៉េខាងត្បូង​បោះទុន​៤០​លាន​ដុល្លារ​ដាំ​ម្រេច​នៅ​មណ្ឌលគិរី​

​ភ្នំពេញ​៖ ក្រុមហ៊ុន វែ​លបាយ​អូ របស់​កូរ៉េខាងត្បូង​បាន​វិយោគ​ទុន​ចំនួន​ជាង​៤០​លាន​ដុល្លារ​អាមេរិក  ដើម្បី​ដាំ​ម្រេច​នៅ​ខេត្តមណ្ឌលគិរី ហើយនឹង​នាំចេញ​ទៅកាន់​ទីផ្សារ​ពិភពលោក​។​

​លោក គីម យាំង​ជុង អគ្គនាយក​ក្រុមហ៊ុន វែ​លបាយ​អូ ប្រាប់​ឲ្យ​ដឹងថា ក្រុមហ៊ុន បាន និង​កំពុងដំណើរការ​លើ​ផ្ទៃដី​ដាំ​ម្រេច​ប្រមាណ ៥០០ ហិកតា ក្នុង​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។ លោក បន្តថា  ក្រុមហ៊ុន​នឹង​នាំចូល​នូវ​បច្ចេកវិទ្យា​ទំនើប និង​ជំនាញ​កសិកម្ម​របស់​ប្រទេស​កូរ៉េ ដើម្បី​ធ្វើ​ឲ្យ​សម្រេច​ផលិតផល​ម្រេច​ដែលមាន​គុណភាព​ខ្ពស់ អាច​នាំ​ចេញទៅ​ទីផ្សារ​ពិភពលោក​ដោយ​ប្រើប្រាស់​យីហោ​របស់ខ្លួន​ផ្ទាល់​តែម្តង​។

​សូមបញ្ជាក់ថា សព្វថ្ងៃ​ក្រុមហ៊ុន វែ​លបាយ​អូ បានផ្តល់​ការងារ​ដល់​កម្មករនិយោជិត​ចំនួន​ជាង ១០០​នាក់ ដោយ​គិត​ចាប់ពី​ពេល​ដំណើរការ​ក្នុង​ខែកញ្ញា​ឆ្នាំ​២០១៥​មក​។ ហើយ​នៅក្នុង​ស្រុក​ពេ​ជ្រា​ដា​នា​ខេត្តមណ្ឌលគិរី ខាង​ក្រុមហ៊ុន​នឹង​ជួយ​លើកស្ទួយ​ការអភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​ឲ្យ​កាន់តែ​រីកចម្រើន​។  តាម​គម្រោង​ក្រុមហ៊ុន នឹង​បង្កើត​កសិដ្ឋាន​ម្រេច​ដ៏​ធំជាងគេ​នៅលើ​ពិភពលោក មិនមែន​តែ​នៅ​កម្ពុជា​នោះទេ​៕

​ប្រភព AKP