AEC៖ ប្រជាជន​ថៃ​ព្រួយ​ខ្លាច​គ្មាន​ការងារ​ព្រោះ​ចំណេះដឹង​ភាសា​អង់គ្លេស​មាន​កម្រិត​

​ចំណេះដឹង​ផ្នែក​ភាសា​អង់គ្លេស​ក្លាយជា​ប្រធានបទ​ក្តៅ​សម្រាប់​សង្គម​ថៃ ក្រោយ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (ASEAN Economic Community) ចេញ​រូបរាង​ជា​ផ្លូវការ​កាលពី​ថ្ងៃ​សុក្រ​ទី​១​មករា​កន្លងមក​។ ទាំង​សិស្ស គ្រូបង្រៀន និង​អ្នកនយោបាយ​ថៃ បារម្ភ​កាន់តែខ្លាំង​ព្រោះ កម្រិត​ភាសា​អង់គ្លេស​របស់​ប្រជាជន​ថៃ​ទាប​និង​ពិបាក​ប្រឡូក​ក្នុង​ទីផ្សារការងារ​សហគម​ន៍​សេដ្ឋកិច្ច​នេះ​។

សូមស្ដាប់ព័ត៌មានលម្អិត ដោយលោក មុំ ពិទូរ្យ៖​


​ប្រជាជន​ថៃ​ទូទៅ បានបង្ហាញ​ក្តីបារម្ភ​ជុំវិញ​ការចាប់យក​ឱកាស​ការងារ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ព្រោះ​ចំណេះដឹង​ភាសា​អង់គ្លេស​របស់​ពួកគេ​មាន​កម្រិត​នៅឡើយ​។ ភាសា​អង់គ្លេស​ក្លាយជា​ភាសា​យាន្ត​ក្រៅពី​ជំនាញ​សម្រាប់​ប្រជាជន​សហគមន៍​សេដ្ឋកិច្ច​ថ្មី​នេះ ព្រោះ​ពួកគេ​អាច​ឆ្លងដែន​ទៅធ្វើ​ការងារ​នៅក្នុង​បណ្តា​ប្រទេស​ជា​សមាជិក​ទាំង​១០​បាន​។ បើសិនជា​ចំណេះ​ភាសា​អង់គ្លេស​របស់​ពួកគេ​ល្អ ពួកគេ​ក៏​អាចមាន​លទ្ធភាព​ប្រកួតប្រជែង​ខ្ពស់​និង​អាច​ឈានទៅ​ទទួលបាន​ការងារ​ល្អប្រសើរ​ទៅតាម​នោះដែរ​។​

​បើតាម​របាយការណ៍​វាយតម្លៃ​កម្រិត​ភាសារ​អង់គ្លេស​ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​អប់រំ​ភាសា​ទីមួយ ដែល​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ថៃ Bangkok Post ប្រទេស​ថៃ​មិនមែនជា​ប្រទេស​និយាយ​ភាសា​អង់គ្លេស ហើយ​ចំណេះដឹង​ភាសារ​អង់គ្លេស​របស់​ប្រជាជន​ទូទៅ​មាន​កម្រិត​ទាប​ណាស់​។ ហើយ​បញ្ហា​នេះ​បាន​បង្ក​ឲ្យ​អ្នកនយោបាយ គ្រូបង្រៀន រួមទាំង​សិស្ស​និស្សិត​ថៃ​ព្រួយបារម្ភ​ពី​ការបាត់បង់​ឱកាស​ការ​ងារ​ខ្លាំង​ផងដែរ​។

 និយាយ​ដល់​ចំណេះដឹង​និង​សមត្ថភាព​ប្រើប្រាស់​ភាសា​អង់គ្លេស ក្នុងចំណោម​ប្រទេស ១៦ នៅ​អាស៊ី ថៃ​នៅ​លេខ​រៀង​ទី​១៤ ហើយ​ក្នុងចំណោម​ប្រទេស​៧០ ទូទាំង​ពិភពលោក ថៃ​ស្ថិតនៅ​នៅ​លំដាប់​លេខ​រៀង​ទី ៦២ ឯណោះ​។

​ជុំវិញ​សមត្ថភាព​ប្រើប្រាស់​ភាសា​អង់គ្លេស​នេះ លោក Tothsaporn Thongdee និស្សិត​វ័យ​២០​ឆ្នាំ ដែល​សិក្សា​ជំនាញ​គណនេយ្យ​នៅ​ខេត្ត Chon Bori  បានបង្ហាញ​ក្តីបារម្ភ​ជាខ្លាំង​ព្រោះ​លោក​ដឹងថា​ចំណេះដឹង​ភាសា​របស់លោក​នៅ​ខ្សោយ​។ និស្សិត​ម្នាក់នេះ​បានបញ្ជាក់​ថា លោក​ពូកែ​ខាង​គណនេយ្យ ប៉ុន្តែ​លោក​បារម្ភ​ពី​ចំណេះដឹង​ភាសា​អង់គ្លេស​របស់លោក​ទៅវិញ​។ នេះ​ក៏ដោយ​សារ​ថា គណនេយ្យ​ជា​ជំនាញ​មួយ​ដែល​ស្ថិត​ក្នុងចំណោម​ជំនាញ​ទាំង ៨ ដែល​អាច​ឆ្លងដែន​បាន​ដោយ​សេរី​ក្នុង​សហគមន៍​សេដ្ឋកិច្ច​ទាំងមូល​។

​កាលពី​ថ្មីៗ​កន្លងទៅ​នេះដែរ នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ចា បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ថៃ​គ្រប់គ្នា​ផ្តោត​ការយកចិត្តទុកដាក់​ឲ្យ​កាន់តែខ្លាំង​លើ​ការ​បំប៉ន​សមត្ថភាព​ភាសា​អង់គ្លេស​របស់ខ្លួន ក្នុង​សម័យកាល​សមាហរណកម្ម​សេដ្ឋកិច្ច​នេះ​។ ប្រមុខ​របប​សឹក​រូបនេះ​ទទួលស្គាល់ថា ចំណេះដឹង​ភាសា​ពិតជា​ចំណុចខ្សោយ​របស់​ប្រជាជន​ថៃ​បច្ចុប្បន្ន​។ 

​ក្រៅពីនេះ​លោក​បានស្នើ​ឲ្យ​ប្រជាជន​ថៃ​ខិតខំ​កសាង​សមត្ថភាព​ជំនាញ​របស់ខ្លួន​ដើម្បី​ត្រៀមខ្លួន​ប្រកួតប្រជែង​ក្នុង​ទីផ្សារការងារ​អាស៊ាន​ផងដែរ​។​

​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ថៃ​បាន​ប្រឹងប្រែង​ផងដែរ​ដើម្បី​ជួយ​ឲ្យ​ប្រជាជន​ត្រៀមខ្លួន​បាន​ស្រួលបួល​សម្រាប់​ទាញយក​ឱកាស​នេះ​។ កន្លងមក​ថៃ​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ចំនួន ៦​ចំណុច​ក្នុងនោះ​មាន​ទាំង​ការលើកកម្ពស់​ការយល់​ដឹង​ពី​អាស៊ាន ពង្រឹង​ការអប់រំ តម្រង់ផ្លូវ​សិស្ស​និស្សិត​និង​ប្រជាជន​ទាក់ទង​វិជ្ជាជីវៈ ការជំរុញ​ការភ្ជាប់​ទំនាក់ទំនងរ​វាង​ប្រជាជន​ថៃ​និង​ប្រជាជន​នៃ​ប្រទេសជិតខាង រួមទាំង​ជំរុញ​បម្លាស់ប្តូរ​បច្ចេកវិទ្យា​ជាដើម​។

​ហើយ រដ្ឋាភិបាល​ក្រុង​បាងកក​មាន​គោលនយោបាយ​ពង្រឹងសមត្ថភាព​ភាសាបរទេស​និង​វិជ្ជាជីវៈ​របស់​ប្រជាជន​ថៃ​តាំងពី​ឆ្នាំ ២០១២​មកម្ល៉េះ​។ ដូច​គេ​ឃើញស្រាប់​គណកម្មការ​អប់រំ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ថៃ បាន​ប្រឹងប្រែង​បង្កើត​កម្មវិធី​ភាសា​អង់គ្លេស​នានា​ជាច្រើន ដែល​ផ្តល់ឱកាស​ដល់​ប្រជាជន​ថៃ​បាន​ក្រេបជញ្ជក់​ចំណេះដឹង​ភាសា​និង​ពង្រឹងសមត្ថភាព​និង​ជំនាញ​ជារួម​៕