ទណ្ឌិត​ជនជាតិ​យួន​ម្នាក់​ដែល​ជាប់​ទោស​ពី​បទ​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ខុសច្បាប់​ ត្រូវ​ជាប់គុក​២០​ឆ្នាំ​ ទទួល​បានការ​លើកលែងទោស​

​យោង​តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទណ្ឌិត​ភេទ​ស្រី​ ជនជាតិ​យួន​ម្នាក់​ដែល​ត្រូវ​ស្ថាប័ន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​២០​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៥០​លាន​រៀល​ ពី​បទ​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ខុសច្បាប់​ ជា​បទ​លើ្ម​ស​ឧក្រិដ្ឋ​ តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ​១១​ ចុះ​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០១០​ របស់​តុលាការ​កំពូល​នោះ​ ទទួល​បានការ​លើកលែងទោស​ជា​ស្ថាពរ​ពី​អង្គ​ព្រះមហាក្សត្រ​ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​នៅ​កម្ពុជា​ មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ខណៈ​បទល្មើស​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​កម្ពុជា​បាន​និង​កំពុង​មាន​សន្ទុះ​កើន​ឡើងជា​លំដាប់​ ។​

​ស្ត្រី​ជា​ទណ្ឌិត​ជនជាតិ​យួន​ជាប់​ទោស​ពី​បទ​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ខុសច្បាប់​ ដែល​ត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​២០​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៥០​លាន​រៀល​ ទទួល​បានការ​លើកលែងទោស​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១១០/៨៥២​ ចុះ​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១០​នោះ​ មានឈ្មោះ​ ដួង​ ធី​មិ​ញ​ហ្វុ​ង​ សញ្ជាតិ​អូស្ត្រាលី​ (​បច្ចុប្បន្ន​អាយុ​៥២​ឆ្នាំ​)​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការ​លើកលែងទោស​ឲ្យ​ទណ្ឌិត​ដែល​ជាប់​ទោស​ពី​បទ​ជួញដូរ​គ្រឿងញៀន​ ជា​បទល្មើស​ឧក្រិដ្ឋ​ អាច​បង្កប់​ដោយ​អំពើ​ពុក​រលួយ​កម្រិត​ធ្ងន់ធ្ងរ​មិន​សាមញ្ញ​ឡើយ​ ៕​

ទណ្ឌិត​ជនជាតិ​យួន​ម្នាក់​ដែល​ជាប់​ទោស​ពី​បទ​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ខុសច្បាប់​ ត្រូវ​ជាប់គុក​២០​ឆ្នាំ​ ទទួល​បានការ​លើកលែងទោស​