អភិបាល​រាជធានី​ភ្នំពេញ​ដាក់​ចេញ​គោល​ការ​៤​ចំណុច​ដើម្បី​ពង្រឹង​សន្តិសុខ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៦ នៅ​សាលា​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​បូក​សរុប ដក​ពិសោធន៍ សភាពការណ៍ លទ្ធផល​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ គ្រឿងញៀន និង​សណ្ដាប់ធ្នាប់​ចរាចរណ៍ ប្រចាំឆ្នាំ​២០១៥ របស់​គណៈ​បញ្ជាការ​ឯកភាព រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​ក្រោម​ឱវាទ​សាលា​រាជធានី​ភ្នំពេញ និង​កងកម្លាំងប្រដាប់អាវុធ​យ៉ាងច្រើន​កុះករ ។

យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ចំពោះ​កិច្ចការ​ពង្រឹង​សន្តិសុខ នៅ​ក្នុង​រាជធានី​ភ្នំពេញ លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​នូវ​កិច្ចការ​៤​ចំណុច​សំខាន់​ៗ​គឺ ៖
១-​គ្រប់​ជំនាញ​/​ស្ថាប័ន​ជុំវិញ​សាលា​រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវ​តែ​ផ្សារ​ភ្ជាប់​ការងារ​របស់​ខ្លួន​ជាមួយ​កិច្ចការ​សន្តិសុខ​ជា​សំខាន់ ។
២-​កិច្ចការ​រឹត​បន្តឹង​គោលនយោបាយ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព ។
៣-​បង្កើន​ការ​គ្រប់គ្រង​សន្តិសុខ សុវត្ថិភាព​ចរាចរណ៍
៤-​រៀបចំ​យន្តការ​ផ្សព្វផ្សាយ​ច្បាប់​ឲ្យ​បាន​ទូលំទូលាយ​ដល់​ក្រុមការងារ​ថ្នាក់​ជាតិ និង​អនុវត្ត​ច្បាប់​ដោយ​មាន​អ​ជ្ញា​ធរ​ជា​អ្នក​សហការ​ប្រតិបត្តិ ៕