ទូរទស្សន៍​ជាច្រើន​ចាក់​រឿង​ខ្មែរ​តាម​សំណើរ​របស់លោក ខៀវ កាញារីទ្ធ

សំណូមពរ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ដែល​សុំ​ឲ្យ​ម្ចាស់​ស្ថានីយទូរទស្សន៍​ដាក់​ផ្សាយ​វណ្ណ​កម្ម​ខ្មែរ​នៅ​ម៉ោង​មាស (ពី​ម៉ោង៧ដល់​ម៉ោង៩យប់) ហាក់ដូច​ជាមាន​ប្រសិទ្ធភាព​ហើយ បើ​គិត​ចាប់តាំងពី​រាត្រី​ដើម​ឆ្នាំ​២០១៦មក។

តាម​ការសង្កេត​របស់​សារព័ត៌មានថ្មីៗនា​រាត្រី​ថ្ងៃទី៤ ខែមករា ទូរទស្សន៍​ជាច្រើន​បានសម្រេច​ចាក់ផ្សាយ​ភាពយន្ត​ខ្មែរ​ទៅតាម​សំណូមពរ​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ ដែល​ក្នុងនោះ​មានដូចជា ទ​ទក ប៉ុស្តិ៍​លេខ៣ លេខ៥ CTN លេខ៩ SEATV បាយ័ន ETV និង MyTV ជាដើម។

សម្រាប់​ប៉ុស្តិ៍​មួយចំនួនទៀត ជំនួស​ភាពយន្ត​បរទេស​នៅ​ម៉ោង​មាស ពួកគេ​មានកម្ម​វិធី​ព័ត៌មាន កម្មវិធី​កម្សាន្ត រួមទាំង​ការផ្សាយពាណិជ្ជកម្ម​ដ៏​សំបូរ​បែបនា​រយៈពេល២ម៉ោង។

កាលពី​ថ្ងៃទី២៥ ខែកញ្ញា លោក ខៀវ កាញារីទ្ធ បាន​ផ្ញើលិខិត​ទៅ​ម្ចាស់​ស្ថានីយទូរទស្សន៍​ទាំងអស់​ឲ្យ​ធ្វើការ​ចាក់ផ្សាយ​វណ្ណ​កម្ម​ខ្មែរ ក្រោយ​ការវាយលុក​ភាពយន្ត​បរទេស​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ហើយ​គោលបំណង​របស់លោក​គឺ​ដើម្បី​លើកស្ទួយ វប្បធម៌ និង​អត្តសញ្ញាណ​ជាតិខ្មែរ។

ដំបូង​ឡើយ ការអនុវត្ត​ត្រូវបាន​កំណត់​ចាប់ពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ ប៉ុន្តែ​ដោយ​ម្ចាស់​ស្ថានីយទូរទស្សន៍​សំណូមពរ​ទុក​ពេលវេលា​រៀបចំខ្លួន​ឲ្យ​បាន​រួចរាល់ ទើប​ក្រសួង​ព័ត៌មាន​សម្រេច​លើក​យកមកអនុវត្ត​ចាប់ពី​ដើមឆ្នាំ២០១៦នេះ​វិញ។

ក្រោយ​ផុត​ម៉ោង​មាស គេ​សង្កេតឃើញថា ទូរទស្សន៍​ភាគច្រើន​បាន​ចាក់​បញ្ចាំង​រឿង​បរទេស ដូចជា ថៃ ចិន ឥណ្ឌា ដូច​ធម្មតា៕