របៀប​មើល​ពី​ស្ថានភាព​រថយន្ត​មួយ​ទឹក​ដោយ​ខ្លួន​ឯង មិន​ចាំ​បាច់​អ្នក​ជំនាញ


របៀប​មើល​ពី​ស្ថានភាព​រថយន្ត​មួយ​ទឹក​ដោយ​ខ្លួន​ឯង មិន​ចាំ​បាច់​អ្នក​ជំនាញ

ពេល​ប្រិយមិត្ត​ចង់​ទិញ​រថយន្ត​មួយ​ទឹក ប្រិយមិត្ត​តែង​តែ​​រក​មនុស្ស​ដែល​មាន​ជំនាញ​ និង​មាន​បទ​ពិសោធន៍​ដែល​គេ​ដឹង​​ពី​រថយន្ត​អោយ​ជួយ​មើល​ឲ្យហើយ​ទាល់​តែ​ស្គាល់​គ្នា​ជិត​ស្និទ្ធ​ទៀត​ទើប​មិន​សូវ​អស់​ប្រាក់​ច្រើន ពេល​នេះ​សូម​ណែនាំ​ពី​របៀប​មើល​ដោយ​ខ្លួន​ឯង​មិន​ចាំ​បាច់​អ្នក​ជំនាញ។

 

លោក ជា ចាន់ ដែល​មាន​បទពិសោធន៍​ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​មើល​រថយន្ត​មួយ​ទឹក​ជូន​អតិថិជន លោក​បាន​បង្ហើប​ប្រាប់​ពី​គន្លឹះ​ខ្លះ​ៗ ដើម្បី​ជា​ចំណេះដឹង​ និង​ជា​ជំនួយ​សម្រាប់​ឲ្យ​ប្រិយមិត្ត​យក​ទៅ​ស្វែង​យល់​ដោយ​ខ្លួន​ឯង។

 
តោះ ! អាន​សាក​មើល​មាន​អ្វី​ថ្មី​ទេ

 

របៀប​មើល​ពី​ស្ថានភាព​រថយន្ត​មួយ​ទឹក​ដោយ​ខ្លួន​ឯង មិន​ចាំ​បាច់​អ្នក​ជំនាញ

 

១) ថ្នាំ​រថយន្ត

ជា​ធម្មតា​រថយន្ត​ថ្មី និង​មួយ​ទឹក​គុណភាព​ថ្នាំ​​ខុស​គ្នា បើ​មើល​លើ​កម្រិត​ភាព​រលោង​ក៏​ខុស​គ្នា​ដែរ រថយន្ត​ថ្មី​ពេល​លាង​សម្អាត​ហើយ ​គ្រាន់​តែ​ជូត​ធម្មតា​ក៏​ភ្លឺ​ដែរ ប៉ុន្តែ​រថយន្ត​មួយ​ទឹក​ទាល់​តែ​លាង ហើយ​ប៉ូលា​រួច​ជូត​ទៀត​ទើប​ភ្លឺ ជា​ពិសេស​ចំណុច​ដែល​ងាយ​មើល​ជាង​គេ​គឺ​កាង​មុខ កាង​ក្រោយ ឬ​ម្ដុំ​ជិត​ស្តុប ព្រោះ​ប្រសិន​បើ​រថយន្ត​នោះ​មួយ​ទឹក​ហើយ​ធ្លាប់​ត្រូវ​គេ​ប៉ះ​ពារ​ទៀត នោះ​ថ្នាំ​ដើម (ថ្នាំ​ស៊ីន)​ប្រាកដ​ជា​របក ឬ​ឆ្កូត ទោះ​ជា​យក​ទៅ​ស្ល​ថ្នាំ​ថ្មី​និង​ប៉ូលា​ឲ្យ​រលោង​យ៉ាង​ណា​ក៏​នៅ​តែ​អាច​ទាយ​ដឹង​បាន​ដែរ។

 

២) សាច់​ដែក

 

ការ​ពិនិត្យ​រថយន្ត​មួយ​ទឹក​ត្រង់​ចំណុច​នេះ អាច​ថា​ងាយ​ស្រួល​សម្រាប់​អ្នក​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ ប៉ុន្តែ​ចំពោះ​អ្នក​ថ្មីៗ​វិញ ប្រាកដ​ជា​មើល​មិន​ដឹង​នោះ​ទេ ព្រោះ​សាច់​ដែក​គេ​អាច​ស្ល​ថ្មី​បាន​ដោយ លាយ​ជាមួយ​សាច់​ដែក​ដទៃ ដែល​មិន​មែន​ជា​សាច់​ដែក​មក​ពី​នាយ។ ម្យ៉ាង​វិញ​ទៀត សាច់​ដែក​ដែល​មាន​សភាព​ពុក​ខ្លាំង ដោយ​គ្រាន់​តែ​បាញ់​ថ្នាំ ហើយ​​ប៉ូលា​ឲ្យ​ថ្មី​ក្នុង​រយៈពេល​បណ្ដោះ​អាសន្ន​ណា​មួយ អាច​មាន​បញ្ហា​ធំ​ពេល​​ប្រើប្រាស់។

 

របៀប​មើល​ពី​ស្ថានភាព​រថយន្ត​មួយ​ទឹក​ដោយ​ខ្លួន​ឯង មិន​ចាំ​បាច់​អ្នក​ជំនាញ

 
៣) ផ្លាក​លេខ
ចំណុច​នេះ​ស្រួល​មើល​ជាង​គេ ព្រោះ​ធម្មតា​រថយន្ត​ថ្មី​មិន​ទាន់​ជា​កម្មសិទ្ធិ​របស់​អ្នក​ណា​គេ​មិន​ធ្វើ​ផ្លាក​លេខ​ទេ ហើយ​ក៏​មិន​ទាន់​មាន​ក្រដាស​ពន្ធ​ផ្លូវ​នៅ​លើ​កញ្ចក់​រថយន្ត​ដែរ ទាល់​តែ​រថយន្ត​នោះ​ធ្លាប់​មាន​ម្ចាស់​ទើប​គេ​ធ្វើ។ ម៉្យាង​ទៀត​ ឯកសារ​ពាក់​ព័ន្ធ​ផ្លូវ​ច្បាប់ ដូច​ជា ពន្ធ​នាំ​ចូល ពន្ធ​ផ្លូវ ពន្ធ​អាករ ជា​ដើម​ដែល​រថយន្ត​មួយ​ទឹក​ត្រូវ​មាន នោះ​គឺ​មិន​អាច​ខ្វះ​បាន​ឡើយ។

 

របៀប​មើល​ពី​ស្ថានភាព​រថយន្ត​មួយ​ទឹក​ដោយ​ខ្លួន​ឯង មិន​ចាំ​បាច់​អ្នក​ជំនាញ

 

៤) តួ​ក្នុង​រថយន្ដ

 

ចំណុច​នេះ​សំដៅ​ដល់ សម្ភារៈ​ដែល​នៅ​ខាង​ក្នុង​រថយន្ត​ទាំង​អស់​ដែល​មាន​ដូច​ជា ពូក​រថយន្ត ​រហាត់​ទឹក​ជូត​កញ្ចក់ កញ្ចក់​ ម៉ាញេ ឬ​បាស​​ឡាន និង​ប្រព័ន្ធ​ភ្លើង​សម្រាប់​បំភ្លឺ​ខាង​ក្នុង​រថយន្ត​ជា​ដើម ប្រសិន​បើ​រថយន្ត​មួយ​ទឹក​របស់​ទាំង​អស់​នោះ​ច្បាស់​ជា​មាន​សភាព​ចាស់​បន្តិច​ហើយ ទោះ​ជា​គេ​ប្ដូរ​ថ្មី​ក៏​ដោយ​ក៏​មិន​ទាំង​អស់​ដែរ។

 

៥) ម៉ាស៊ីន​រថយន្ត

 

ម៉ាស៊ីន​របស់​រថយន្ត​មួយ​ទឹក យើង​អាច​មើល​បាន​ដោយ​សម្គាល់​ត្រង់​ម៉ាស៊ីន​នោះ​មិន​ស្អាត មាន​លេច​ប្រេង លឺ​សំឡេង​ប្លែក​ចេញ​ពី​ទី​ណាមួយ​ ឬ​ក៏​ម៉ាស៊ីន​ដែល​​ធ្លាប់​រុះរើ​ពី​មុន​មក។ ចំណុច​​ប្រព័ន្ធ​គ្រឿង​ម៉ាស៊ីន​នេះ​គេ​ក៏​អាច​កែ​បាន​ដែរ ​គ្រាន់​តែ​មិន​ច្រើន​ ហើយ​យើង​ក៏​ដឹង​បាន​តាម​រយះ​ការ​ស្ដាប់​សំឡេង ឬ សាក​ដោយ​ខ្លួន​ឯង​ផ្ទាល់។

 

របៀប​មើល​ពី​ស្ថានភាព​រថយន្ត​មួយ​ទឹក​ដោយ​ខ្លួន​ឯង មិន​ចាំ​បាច់​អ្នក​ជំនាញ

 

តើ​ប្រិយមិត្ត​មាន​ចំណុច​សម្គាល់​ណា​លើស​នេះ​ទៀត​ទេ អាច​ចូល​រួម​បញ្ចេញ​មតិ​បាន?
អត្ថបទ៖ រក្សា