អ្វីខ្លះដែលអូឡាំពិកកម្ពុជាធ្វើបានក្នុងឆ្នាំ២០១៥ ?

ភ្នំពេញ:     ​ភ្នំពេញ​:​ឆ្នាំ​២០១៥​តើ​គណៈកម្មាធិកា​ជាតិ​អូឡាំពិក​កម្ពុជា​ធ្វើការ​ងារ ​អ្វីខ្លះ​ដើម្បី​កីឡា​នៅ​ស្រុក​ខ្មែរ ?​នេះ​ជា​សំណួរ​ដ៏ សាមញ្ញ​មួយ​ដែលមាន​បង្កប់​ទោ​ដោយ​ភាព​ចំអក ។​

​    ​លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំ់ពិក​កម្ពុជា​បាន​ចាត់ទុកថា​ ឆ្នាំ​២០១៥​ជា​ឆ្នាំ​ដ៏​អស្ចារ្យ​មួយ​ដែល​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ កម្ពុជា​សម្រេចបាន​ការងារ​ធំៗ​ជាច្រើន​ហួស​ពី​ការ​ស្មាន ។

​    ​ការប្រកួត​កីឡា​SEA Games​លើក​ទី​២៨​នៅ​សឹង្ហ​បូរី​កម្ពុជា​បានកំណត់​ចំណាត់ថ្នាក់​ថ្មី​ របស់ខ្លួន​ពី​លេខ​៩ មក​លេខ ៨ ទោះបី​ចំនួន​មេដាយ​មានការ​ថយចុះ​ក៏ពិតមែន ។ កត្តា​សំខាន់​ជាច្រើន​ទៀត​នោះ​គឺ​ការ​សហការគ្នាជាមួយ​ក្រសួង​អប់រំ​យុវជន និង កីឡា​ក្នុង​ការរៀបចំ​ផែនការមេ​សម្រាប់​SEA Games ២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ។​

​    ​លោក​វ៉ា​ត់ ចំរើន​អះអាងថា​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ីអាគ្នេយ៍​បានប្រគល់​សិទ្ធ​ឲ្យ​ កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ SEA Games ២០២៣​ជា​ផ្លូវការ​ហើយៗ​ពេលនេះ​កម្ពុជា​កំពុងតែ​រៀបចំ​សេណារីយោ​ដើម្បី​ទ​ទួ​ រៀបចំ​ព្រឹត្តិការណ៍​ នោះ​ឲ្យ​បានល្អ ។​

​    ​ក្នុងខណៈដែល​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ផ្ដោត​ការយកចិត្តទុកដាក់​ ក្នុងការ​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​SEA Gamesនោះ​ការត្រៀម​រៀបចំ​ព្រឹត្តិការណ៍ National Games ជា​លើកដំបូង​របស់​កម្ពុជា​ក៏ត្រូវ​បានរៀបចំ​ដែរ ហើយ​ការ​ប្រ​កួត Games ថ្នាក់ជាតិ​នេះ​នឹង​ចាប់ផ្ដើម​អនុវត្តន៍​នៅ​ឆ្នាំ​២០១៦​ដោយ​ធ្វើ​រៀងរាល់ ២ ឆ្នាំ​ម្ដង ។​

​    ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​គឺជា​ហេ​ដ្ឋា​រចនា​ស្ព័​ន្ធ​ដ៏​សំខាន់​ សម្រាប់​ការត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ SEA Gamesដែល​ពេលនេះ​កំពុងតែ​ដំណើរ​ការកសាង​ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ​១៥៦​ លាន​ដុល្លារ​អាមេរិក ។​ភាគី​កម្ពុជា​បាន​ចុះ MOU ជាមួយ​លើ​ការសាងសង់​នេះ​ជាមួយ​ភាគី​ចិន​ដែលជា​ម្ចាស់ជំនួយ​រួចរាល់​អស់ហើយ ។​

​    ​អ្វីដែល​ត្រូវ​បន្ត​នោះ​គឺ​ការចូល​រួមសហការ​ដោយ​អស់ពី​ចិត្ត​ពី​សហព័ន្ធ​ ជាតិ ក្នុងខណៈដែល​អូឡាំពិក​កម្ពុជា និង​ក្រសួង​អប់រំ​យុវជន និង កីឡា​កំពុងតែធ្វើការ​ជាមួយគ្នា​បាន​យ៉ាង​ល្អ ហើយ​សហព័ន្ធ​មួយចំនួន​ហាក់ដូចជា​មិនទាន់​ក្រោក​ពី​ដេក​នៅឡើយ​នោះ ។​

​     ​សព្វថ្ងៃនេះ​សហព័ន្ធ​ជាតិ​មួយចំនួន​នៅ​ដេក​មើលបំណាំ​គ្នា​ដោយ​មិន​ខិតខំ​ ស្វែងរក​ការរីកចម្រើន​ដោយ​ខ្លួនឯង​ដោយ​ដើរ​ស្រែក​ផ្ដេសផ្ដាស់​ថា​គ្មាន​នរណា ​ជួយ​ខ្លួន​ទៅវិញ ។​ឯកឧត្តម​វ៉ា​ត់ ចំរើន​បានធ្វើការ​កត់សំគាល់ថា​សហព័ន្ធ​មួយ​ខ្លាំង​អាស្រ័យទៅលើ​ អគ្គលេខាធិការ ។ បើ​អគ្គលេខាធិការ​សហព័ន្ធ​ណា​ខ្សោយ​សហព័ន្ធ​នោះ​ក៏​ខ្សោយ​ដែរ ។​

​    ​សព្វថ្ងៃនេះ​សហព័ន្ធ​ណា​ដែលមាន​សកម្មភាព​ច្រើន​សហព័ន្ធ​នោះ​ច្រើន​តែមាន​ សក្ដានុពល ឯ សហព័ន្ធ​ដែល​គ្មាន​សកម្មភាព​នោះ​គឺ​រង់ចាំតែ​ការប្រកួត​ប្រចាំឆ្នាំ​ក្រោម​ ការចាត់ចែង​របស់​ក្រសួង​អប់រំ​យុវជន និង កីឡា​គឺ​គ្មាន​សកម្ម​ភាព​អ្វី​ផ្សេង​ពី​នោះឡើយ ។​

​    ​ឆ្នាំ​២០១៥​បានកំណត់​នូវ​សញ្ញា​នៃ​ភាពជោគជ័យ​ជាច្រើន​ទាំង​កិច្ចការ​ ក្នុងប្រទេស និង ទាំង​កិច្ចការ​ក្រៅ​ប្រ​ទេស ។ ក្នុងប្រទេស​ក្រៅពី​ការងារ​ប្រចាំឆ្នាំ​ធម្មតា​នោះ​សហព័ន្ធ​កីឡា​អូឡាំពិក​ ថ្មី​ចំនួន ២ ត្រូវបាន​បង្កើតឡើង​គឺ​សហ​ព័ន្ធ​ទូកក្ដោង និង សហព័ន្ធ​កីឡា​បាញ់កាំភ្លើង ។​ជាមួយគ្នានេះ​អូឡាំពិក​កម្ពុជា​ក៏បាន​ជម្រុញ​ឲ្យ​សហព័ន្ធ​ជាតិ​នានា​ដែល​ អស់​សុពលភាព​ឲ្យ​ធ្វើ​មហាសន្និបាត​ឡើងវិញ ឲ្យ​ពង្រឹង​ការដឹកនាំ និង អភិបាលកិច្ច​ល្អជា​ដើម ។​

​    ​រឿងរ៉ាវ​ក្រៅប្រទេស​ថ្នាក់ដឹកនាំ​អូឡាំពិក​កម្ពុជា​បាន​ចូលរួម​ប្រជុំ​ធំៗ ​ជាច្រើន​នៅ​បណ្ដា​ប្រទេស​នានា​ហើយ​អន្តរជាតិ​ក៏បាន​កោតសរសើរ​ចំពោះ​ អូឡាំពិក​កម្ពុជា​ដែល​បាន​សហការ​ល្អជា​មួយ​ស្ថាប័ន​កីលា​របស់​រាជរដ្ឋាភិបាល ​គឺ​ក្រសួង​អប់រំ​យុវជន និង កីឡា ។​
​    ​
​    ​