ខ្សែ​ប្រយុទ្ធ​កូរ៉េខាងត្បូង Kim Jeongho ចង់​បន្ត​អាជីព​បាល់​ទាត់​នៅ​កម្ពុជា

ខ្សែ​ប្រយុទ្ធ​កូរ៉េខាងត្បូង Kim Jeongho ចង់​បន្ត​អាជីព​បាល់​ទាត់​នៅ​កម្ពុជា

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូរ៉េខាងត្បូង​របស់​ក្លឹប​ក្រសួង​ការពារជាតិ Kim Jeongho បាន​បញ្ជាក់​ថា​ ចង់​បន្ត​អាជីព​បាល់​ទាត់​នៅ​កម្ពុជា បន្ទាប់​ពី​ចប់​កុង​ត្រា​រដូវ​កាល​ចាស់ និង​​កំពុង​ចំណាយ​ពេល​វិស្សមកាល ព្រម​ទាំង​​ហ្វឹកហាត់​លើ​ទឹក​ដី​ប្រទេស​កំណើត​បណ្ដោះ​អាសន្ន។

 

ខ្សែ​ប្រយុទ្ធ​កូរ៉េខាងត្បូង Kim Jeongho ចង់​បន្ត​អាជីព​បាល់​ទាត់​នៅ​កម្ពុជា

 

Kim Jeongho បាន​ប្រាប់​ពី​ប្រទេស​កូរ៉េខាងត្បូង​ថា ចង់​បន្ត​អាជីព​បាល់​ទាត់​នៅ​កម្ពុជា និង​កំពុង​ចរចា​ជាមួយ​ក្លឹប​ចាស់​ក្រសួង​ការពារ​ជាតិ ដែល​ធ្លាប់​លេង​ឲ្យ​បាន​ពាក់​កណ្ដាល​ឆ្នាំ​២០១៥។ ប្រសិន​បើ​ការ​ចរចា​នោះ​បាន​សម្រេច Jeongho នឹង​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ខែ​នេះ ខណៈ​ក្លឹប​ក្រសួង​ការពារ​ជាតិ​កំពុង​ខ្វះ​កីឡាករ​បរទេស​ដូច​គ្នា។

 

Kim Jeongho ជា​អតីត​កីឡាករ​ក្រុម​ភ្នំពេញ​ក្រោន​កាល​ដើម​ឆ្នាំ​២០១៥ បន្ទាប់​ពី​ចុះ​កុងត្រា​ក្រោយ​ធ្វើ​តេស្ត​មួយ​ខែ។ ដំបូង​រូប​គេ​បាន​លេង​ក្នុង​តំណែង​ខ្សែ​ប្រយុទ្ធ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​​បែរ​ជា​ត្រូវ​លេង​បំពេញ​ចន្លោះ​ក្នុង​តំបន់​ការពារ និង​មិន​សូវ​បង្ហាញ​មុខ​លើ​ទីលាន​ញឹកញាប់​ឡើយ ដោយសារ​កីឡាករ​បរទេស​មាន​គ្រប់​ជើង​សម្រាប់​ភ្នំពេញក្រោន។

 

បញ្ហា​កាន់​តែ​តាន​តឹង ក្រោយ​សហព័ន្ធ​ពិន័យ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បួន​ប្រកួត នៅ​ជើង​ទី​មួយ​នៃ​ការ​ប្រកួត​ពាន​រង្វាន់​លីក​កំពូល​កម្ពុជា​ឆ្នាំ​២០១៥។ មុន​ចូល​ដល់​ជើង​ទី​ពីរ កីឡាករ​សញ្ជាតិ​កូរ៉េខាងត្បូង​រូប​នេះ បាន​ផ្ទេរ​ពី​ភ្នំពេញ​ក្រោន មក​ក្រសួង​ការពារ​ជាតិ ដោយ​ចាប់​ផ្ដើម​លេង​ជា​ខ្សែ​ប្រយុទ្ធ និង​ជាប់​ជម្រើស ១១​នាក់​ដំបូង​រហូត​ដល់​ចប់​រដូវ​កាល៕

 

អត្ថបទ៖ គង់ វិសាល