Galaxy S7 ​នឹង​មាន​ថ្ម​ទំហំ​ធំ​ជាង​មុន​ ថែម​ទាំង​មិន​ជ្រាប​ទឹក​ទៀត​ផង

Galaxy S7 ​នឹង​មាន​ថ្ម​ទំហំ​ធំ​ជាង​មុន​ ថែម​ទាំង​មិន​ជ្រាប​ទឹក​ទៀត​ផង

មិន​ខុស​ពី​ Galaxy S6 ទូរសព្ទ​ Galaxy S7 ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្ហាញ​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​ MWC នា​ថ្ងៃ​ទី​២១​ខែ​កុម្ភៈ​ខាង​មុខ​នេះ ហើយ​មក​ទល់​ពេល​នេះ​មាន​ព័ត៌មាន​លេច​លឺ​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​លក្ខណៈ​សម្បត្តិ​ទូរសព្ទ​នេះ។

 

Galaxy S7 ​នឹង​មាន​ថ្ម​ទំហំ​ធំ​ជាង​មុន​ ថែម​ទាំង​មិន​ជ្រាប​ទឹក​ទៀត​ផង

 

ទើប​តែ​ថ្មីៗ​នេះ​វិបសាយ​ VentureBeat បាន​ផ្សព្វផ្សាយ​ដំណឹង​ថ្មី​មួយ​ទៀត​អំពី​លក្ខណ​សម្បត្តិ​ទូរសព្ទ​​​ដោយ​ថា​​ Galaxy S7 នេះ​នឹង​​មាន​បំពាក់​បច្ចេកវិទ្យា​មិន​ជ្រាប​ទឹក​និង​ធូលី​ដី​ ដូច​ដែល​មាន​នៅ​លើ​ Galaxy S5 ដែរ។ មិន​តែ​ប៉ុណ្ណោះ​ប្រភព​ដដែល​នេះ​ក៏​បាន​​លើក​ឡើង​ពី​ទំហំ​អេក្រង់​ទូរសព្ទ​ទាំង​ពីរ​ម៉ូដែល​ ដោយ​ Galaxy S7 នឹង​មាន​អេក្រង់​ទំហំ​៥,១​អ៊ីញ​ ហើយ​ Galaxy S7 Edge មាន​អេក្រង់​​កោង​ទំហំ​៥,៥​អ៊ីញ។ ចំពោះ​កម្រិត​ Resolution វិញ​រំពឹង​ថា​នឹង​មាន​ទំហំ​ 1440×2560 ប្រភេទ​ Super AMOLED។

 

Galaxy S7 ​នឹង​មាន​ថ្ម​ទំហំ​ធំ​ជាង​មុន​ ថែម​ទាំង​មិន​ជ្រាប​ទឹក​ទៀត​ផង

 

​​​​​​​​​ទូរសព្ទ​ Galaxy S7 នេះ​ផង​ដែរ​នឹង​ដំណើរ​ការ​ដោយ​បន្ទះ​ Chip Exynos 8890 ហើយ​ចំពោះ​ S7 ដែល​ដាក់​លក់​ក្នុង​តំបន់​អាមេរិក​ខាង​ជើង​នឹង​បំពាក់​បន្ទះ​ Chip Snapdragon 820។ និយាយ​ពី​អង្គ​ផ្ទុក​ទិន្នន័យ​​​វិញ​​មាន​ពីរ​ជម្រើស​គឺ​ ៣២GB និង​ ៦៤GB ហើយ​​គេ​រំពឹង​ថា​នឹង​មាន​រន្ធ​សម្រាប់​ដោត​​ SD Card ដើម្បី​បន្ថែម​ទំហំ​អង្គ​ចងចាំ​បាន។ ទូរសព្ទ​ទាំង​ពីរ​ម៉ូដែល​នេះ​នឹង​មាន​បំពាក់​ RAM ទំហំ​៤GB។

 

ចំពោះ​កាមេរ៉ា​ខាង​ក្រោយ​​វិញ​គេ​បាន​កាត់​បន្ថយ​ទំហំ​របស់​វា​ ដោយ​នៅ​សល់​តែ​ ១២MP ប៉ុណ្ណោះ​ ដោយ​កាមេរ៉ា​ខាង​មុខ​សម្រាប់​ថត​រូប​ Selfie នៅ​មាន​ទំហំ​ ៥MP ដដែល។ ជា​ចុង​ក្រោយ​ប្រភព​បាន​ឲ្យ​ដឹង​ថា​គេ​នឹង​ធ្វើ​បន្ថែម​ទំហំ​ថ្ម​របស់​ទូរសព្ទ​ទាំង​ពីរ​ដោយ​ Galaxy S7 នឹង​បំពាក់​ថ្ម​ទំហំ​ ៣០០០mAh និង​ Galaxy S7 Edge បំពាក់​ថ្ម​ទំហំ​ ៣៦០០mAh ដែល​សុទ្ធ​សឹង​ជា​ថ្ម​មិន​អាច​ដោះ​ចេញ​ពី​ទូរសព្ទ​បាន។

 

បញ្ជាក់​ថា​លក្ខណៈ​សម្បត្តិ​ដែល​បាន​រៀប​រាប់​ខាង​លើ​នៅ​មិន​ទាន់​ចាត់​ទុក​ថា​ព័ត៌មាន​ផ្លូវ​ការ​នៅ​ឡើយ​នោះ​ទេ​ ដូច​នេះ​មាន​តែ​​ទន្ទឹង​រង់​ចាំ​មើល​ព្រឹត្តិការណ៍​ MWC ដែល​មក​ដល់​ក្នុង​ពេល​ឆាប់ៗ៕

 

ចុច​អាន៖ iPhone 7 ​អាច​​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ​២៥៦GB​?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AndroidAuthority​​​​​​​