វិចារណកថា៖ បទល្មើស ព្រហ្មទណ្ឌ នៅតែធ្វើឲ្យប្រជាពលរដ្ឋ ភ័យខ្លាច

របាយការណ៍ប្រចាំឆ្នាំ២០១៥ របស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៥ បទល្មើសព្រហ្មទណ្ឌ បានកើតឡើង ចំនួន ៧៦៥លើក គឺថយចុះ ៧៩លើក បើប្រៀបធៀប ទៅនឹងឆ្នាំ២០១៤។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺ បទល្មើសព្រហ្មទណ្ឌ ក្នុងរាជធានីភ្នំពេញ បានធ្វើឲ្យមនុស្ស ស្លាប់បាត់បង់ជីវិត ចំនួន ៤៣នាក់ និងរងរបួសចំនួន ១៩២នាក់។ ប្រការនេះ បានធ្វើឲ្យ ប្រជាពលរដ្ឋ នៅតែមានការភ័យខ្លាច យ៉ាងខ្លាំងចំពោះ បទល្មើសព្រហ្មទណ្ឌ ដែលនៅតែកើតឡើង យ៉ាងពេញបន្ទុក ហើយអំពាវនាវឲ្យអាជ្ញាធរ នឹងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការណ៍ ទប់ស្កាត់ បទល្មើសនានា ប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឲ្យកាន់តែប្រសើរឡើងថែមទៀត។

មន្រ្តីរាជការ នឹងប្រជាពលរដ្ឋទូទៅ បានកត់សម្គាល់ថា ក្នុងចំណោម បទល្មើសព្រហ្មទណ្ឌ ៧៦៥លើក គឺមានបទឧក្រិដ្ឋចំនួន ១៨១លើក ដែលបញ្ហានេះ មិនមែនជារឿងសាមញ្ញនោះទេ។ ប្រជាពលរដ្ឋទូទៅ បានលើកឡើងថា រយៈពេលប៉ុន្មានខែ កាលពីចុងឆ្នាំ២០១៥ កន្លងទៅ អំពើចោរកម្ម លួច ឆក់ ប្លន់ នៅក្នុងរាជធានីភ្នំពេញ មានការកើនឡើង យ៉ាងគំហុកជាពិសេស នៅអំឡុងខែតុលា វិច្ឆិកា និងខែធ្នូ។ ជាការពិត សមត្ថកិច្ចនគរបាល និងសមត្ថកិច្ច កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បង្ក្រាបក្រុមចោរប្លន់ ចោរឆក់ ចោរគាស់ផ្ទះ និងក្រុមជនសង្ស័យ ជួញដូរចែកចាយ ប្រើប្រាស់គ្រឿងញៀន ជាបន្តបន្ទាប់ ក៏ប៉ុន្តែបទល្មើសទំាងនេះ ពុំមានការថយចុះនោះទេ។ ដោយសារតែ បទល្មើសកើតឡើង យ៉ាងពេញបន្ទុក បែបនេះហើយ ទើប្រជាពលរដ្ឋ ព្រួយបារម្ភយ៉ាងខ្លំាង អំពីបញ្ហាអសន្តិសុខសង្គម និងសុវត្ថិភាពផ្ទាល់ខ្លួន។

ក្រៅពីនៅក្នុងរាជធានីភ្នំពេញ គឺនៅបណ្តាខេត្តនានា ដូចជាខេត្តបាត់ដំបង ពោធិ៍សាត់ កណ្តាល កំពត កំពង់ស្ពឹ កោះកុង សៀមរាប និងត្បូងឃ្មុំជាដើម អំពើប្លន់ប្រដាប់អាវុធ បានកើតឡើងយ៉ាងរាលដាល កាលពីចុងឆ្នំា២០១៥ កន្លងទៅ។ ប្រការនេះ បានធ្វើឲ្យប្រជាពលរដ្ឋ អំពាវនាវយ៉ាងទទូច ឲ្យអាជ្ញាធរនិងសមត្ថកិច្ច យកចិត្តទុកដាក់ជាប្រចាំក្នុងការ ពង្រឹងសន្តិសុខសង្គម និងបង្ក្រាបបទល្មើសផ្សេងៗ ប្រកបដោយជោគជ័យ។ តាមការពិនិត្យជាក់ស្តែង ប្រជាពលរដ្ឋទូទំាងប្រទេស មានសេចក្តីរីករាយយ៉ាងខ្លាំង នៅពេលដែលសមត្ថកិច្ច បង្ក្រាបក្រុមចោរប្លន់ ចោរឆក់ ចោរគាស់ផ្ទះ និងក្រុមជនសង្ស័យ ចែកចាយជួញដូរ ប្រើប្រាស់គ្រឿងញៀន ដែលតែងតែបង្កបញ្ហា នាំឲ្យប៉ះពាល់ដល់សន្តិសុខសង្គម។

រយៈពេលប៉ុន្មានថ្ងៃ នៃដើមខែមករា ឆ្នាំ២០១៦ នៅទូទំាងប្រទេស មានការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី ក្នុងគោលដៅ ពង្រឹងសុវត្ថិភាព នៅតាមដងផ្លូវ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលឆក់យកជីវិត ប្រជាពលរដ្ឋរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ។ ទន្ទឹមនឹងការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ គឺបទល្មើសផ្សេងៗ ដូចជាករណីប្លន់ប្រដាប់អាវុធ ចោរឆក់ និងគ្រឿងញៀន នៅតែកើតឡើង គួរឲ្យភ័យខ្លាចដដែល ទំាងនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ជាពិសេសបទឧក្រិដ្ឋកាប់សម្លាប់ ហាក់ដូចជាពុំមានការថយចុះនោះទេ។ ចំណុចនេះហើយ ដែលប្រជាពលរដ្ឋអំពាវនាវថា ទន្ទឹមនឹងការអនុវត្តច្បាប់ចរាចរណ៍ គឺអាជ្ញាធរ និងសមត្ថកិច្ចគួរយកចិត្តទុកដាក់ ទប់ស្កាត់ បទល្មើសផ្សេងៗ ជាពិសេសបទល្មើសព្រហ្មទណ្ឌ ដើម្បីពង្រឹងសន្តិសុខសង្គម។

សរុបសេចក្តីមក បទល្មើសព្រហ្មទណ្ឌ នៅតែកើតមានយ៉ាងពេញបន្ទុក រយៈពេលប៉ុន្មានថ្ងៃនៃដើមខែមករា ឆ្នំា២០១៦នេះ ដូចដែល គេហទំព័រ សារព័ត៌មាននានា និងបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក បានផ្សព្វផ្សាយជាសាធារណៈ។ ជាងនេះទៅទៀត ក្នុងខណៈដែលនគរបាលចរាចរណ៍ ទូទំាងប្រទេសកំពុងអនុវត្តន៍ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ គឺគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងគួរឲ្យរន្ធត់ នៅក្នុងខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ ខេត្តបន្ទាយមានជ័យ និងនៅក្នុងរាជធានីភ្នំពេញ។ បញ្ហាទំាងអស់នេះ គឺជារឿងដែលក្រសួង និងស្ថាប័នពាក់ព័ន្ធ ត្រូវពិនិត្យឡើងវិញ ដើម្បីធ្វើយ៉ាងណា អាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ប្រកបដោយសុវត្ថិភាព៕