ពីរ​នាក់​ប្តី​ប្រពន្ធ​សង់សាលា និង បង្រៀន​សិស្ស​មិន​យកប្រាក់​

​នេះ​ជាការ​ងារ​ប្រកបទៅដោយ​ទឹកចិត្ត​សប្បុរសធម៌​មួយ​កម្រ​រកបាន​របស់​គ្រូបង្រៀន​ជនបទ​ពីរ​នាក់​ប្តី​ប្រពន្ធ ដែល​បាន​ចំណាយ​ពេលវេលា ប្រាក់កាស​ផ្ទាល់ខ្លួន ដើម្បី​ជួយ​បង្រៀន​កុមារា​-​រី​តូចៗ​នៅក្នុង​សហគមន៍​ជនបទ ដាច់ស្រយាល​ដែល​គ្មាន​លទ្ធភាព​ទៅ​សាលារៀន ដើម្បីឱ្យ​ពួកគេ​បាន រៀនសូត្រ​ដូច​កុមារ​ដទៃទៀត ។ ទឹកចិត្ត​សប្បុរស​រប​ស់​គ្រូបង្រៀន​ពីរ​នាក់ ប្តី​ប្រពន្ធ​នេះ​បានធ្វើឱ្យ​អាណាព្យាបាល​របស់​កុមារា​-​រី​នៅ​ក្នុងភូមិ​ទាំងមូល អបអរសាទរ និង រីករាយ​យ៉ាងខ្លាំង ។ គ្រូបង្រៀន​ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ ប្តី​មានឈ្មោះ ហ៊ឹម ធា និង ប្រពន្ធ​ឈ្មោះ សូ សា​វើ​យ រស់នៅ​ក្នុងភូមិ ១ សង្កាត់ ១ ក្រុងព្រះសីហនុ ហើយ​សព្វថ្ងៃ​ពួកគាត់​ធ្វើជា​គ្រូ បង្រៀន​នៅ​សាលាបឋមសិក្សា ហ៊ុន សែន ឃ្លាំង​លើ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែលមាន​ចម្ងាយ​ប្រមាណ​ជិត ១០ គីឡូម៉ែត្រ ពី​ភូមិ​របស់គាត់ ។

ពីរ​នាក់​ប្តី​ប្រពន្ធ​សង់សាលា និង បង្រៀន​សិស្ស​មិន​យកប្រាក់​

លោកគ្រូ ហ៊ឹម ធា ដែលមាន​អាយុ ៣៩ ឆ្នាំ បានឱ្យដឹងថា ដំបូង​ឡើយ​លោក និង ភរិយា​មិនសូវ​ជា​ចាប់អារម្មណ៍​ជាមួយ​រឿងនេះ​ប៉ុន្មាន​ឡើយ ដោយ​គិតថា​គ្រាន់តែ ធ្វើជា​គ្រូ​ល្អ​ម្នាក់​នៅក្នុង​សាលា​គឺ​បាន​ទៅហើយ ប៉ុន្តែ​ក្រោយពី​ធ្វើដំណើរ​ពីរ​នាក់ ភរិយា​ទៅ​បង្រៀន​សិស្ស​រាល់ថ្ងៃ​ជួប​រឿង​ដដែលៗ គឺ​សិស្ស​តូចៗ និង ក្រីក្រ នៅក្នុង សហគមន៍​របស់គាត់​ភាគច្រើន​មិនបាន​ទៅ​រៀន​ទេ ដោយសារតែ​សាលា​នៅ​ឆ្ងាយ​ពី​ផ្ទះ ពួកគេ​មានការ​ពិបាក​ក្នុងការ​ធ្វើដំណើរ ពេលខ្លះ​នៅ​រដូវវស្សា​ធ្វើឱ្យ​កុមារ​ទាំងនោះ ទទឹក​ខោអាវ សៀវភៅ​អស់ មិនអាច​ទៅ​រៀន​នៅ​សាលា​បានជា ហេតុ​បណ្តាលឱ្យ​សិស្ស​មួយចំនួន ពិសេស​សិស្ស​តូចៗ​តែម្តង​បាន​បោះបង់ ចោលការ​សិក្សា ។

ពីរ​នាក់​ប្តី​ប្រពន្ធ​សង់សាលា និង បង្រៀន​សិស្ស​មិន​យកប្រាក់​

ដោយ​មើលឃើញ និង មាន​ក្តី​អាណិត​ដល់​សិស្ស​ទាំង នោះ លោកគ្រូ និង ភរិយា​ក៏បាន​គិត​គ្នា​ថា បើ​យើង​ប្រមូល​ក្មេងៗ​ដែល​មិន បាន​ទៅ​សាលា​ឱ្យមក​រៀន​នៅ​សំយាបផ្ទះ​របស់​យើង​នោះ ពេល​គេ​ធំ​ឡើង មានលទ្ធភាព​ទៅ​សាលា​ដោយ​ខ្លួនឯងបាន​នោះ ពួកគេ​នឹង​រៀន​ទាន់​សិស្ស​ដទៃទៀត តែបើ​យើង​ធ្វើ​មិនដឹង​នោះ​ពួកគេ​ពិតជា​មិនចេះ​អក្សរ​ឡើយ ។ ក្រោយពី​គិត​គ្នា​ពីរ​នាក់​ប្តី​ប្រពន្ធ​ហើយ គាត់ និង ភរិយា​ក៏​ចាប់ផ្តើម ប្រកូក​ប្រកាស​ឱ្យ​សិស្ស​មក​រៀន​នៅផ្ទះ​របស់​ពួកគាត់​តែម្តង ។ ដោយពេល ព្រឹក​លោកគ្រូ​បង្រៀន​តាម​កម្មវិធី​ក្រសួង​អប់រំ និង ពេល​ល្ងាច​ប្រពន្ធ​គាត់ បង្រៀន​ភាសា​អង់គ្លេស ដែល​មុនដំបូង​មាន​សិស្ស​តែ​ជាង ៣០ នាក់ ប៉ុណ្ណោះ ។ ក្រោយពី​បង្រៀន​បាន​ជាង​មួយខែ​ចំនួន​សិស្ស​ដែល​អាណាព្យាបាល​យកមក​ផ្ញើឱ្យ​រៀន​នៅផ្ទះ​របស់លោក​គ្រូ​កាន់​ច្រើនឡើងៗ រហូត​គ្មាន កន្លែង​ឱ្យ​សិស្ស​អង្គុយ​រៀន ។

ពីរ​នាក់​ប្តី​ប្រពន្ធ​សង់សាលា និង បង្រៀន​សិស្ស​មិន​យកប្រាក់​

ដោយ​មើលឃើញ​ចំនួន​សិស្ស​មក​រៀន​ច្រើន ឡើងៗ​ដូច្នេះ គាត់ និង ប្រពន្ធ​ក៏មាន​គំនិត​មួយ​ចង់​ធ្វើ​រោង​តូច​មួយ​នៅ កណ្តាល​ភូមិ ដើម្បីឱ្យ​សិស្ស​បាន​ចូលរៀន​គ្រប់ៗ​គ្នា ក្រោយពី​គិត​គ្នា​ហើយ គាត់​ក៏​យក​រឿងនេះ​ទៅប្រាប់​អាណាព្យាបាល​សិស្ស ដែលមាន​បំណង​យក​កូន​មកឱ្យ​រៀន​ជាមួយ​គាត់ ។ ភ្លាមៗ​នោះ​អ្នកភូមិ​ទាំងអស់​ក៏មាន​ការ​សាទរ មាន​អ្នក​ឱ្យ​ដី​សង់សាលា អ្នកខ្លះ​ជួយ​ឈើ ស័ង្កសី​ប្រក់​ដំបូល រហូត​លេច​ជា​រូបរាង​សាលា​តូច​មួយ​ឡើង ។ សព្វថ្ងៃ​សាលា​ក្នុង​សហគមន៍​របស់លោក មាន​សិស្ស​កំពុង​រៀន​ជាង ១៣០ នាក់ ដែល​ចែកជា​ពីរ​កម្រិត គឺ​ក្មេង​តូចៗ​មួយ​ថ្នាក់ និង កម្រិត​ធំ​បន្តិច​មួយ​ថ្នាក់ ហើយ​ពួកគេ​រៀន​ពីរ​វេន គឺ​ព្រឹក និង ល្ងាច ដោយ​មួយ​វេន​រៀន​ជាមួយ​គាត់​ជា​ភាសា​ខ្មែរ និង មួយ​វេន ទៀត​រៀន​ជាមួយ​ប្រពន្ធ​របស់គាត់​រៀន​ភាសា​អង់គ្លេស ។

ពីរ​នាក់​ប្តី​ប្រពន្ធ​សង់សាលា និង បង្រៀន​សិស្ស​មិន​យកប្រាក់​

ការរៀន​របស់​សិស្ស​នៅក្នុង​សហគមន៍ គឺ​ប្តូរ​វេន​គ្នា​មួយខែ​រៀន ខ្មែរ​ព្រឹក រៀន​ភាសា​អង់គ្លេស​ល្ងាច និង រៀន​ភាសា​អង់គ្លេស​ព្រឹក រៀន​ខ្មែរ​ល្ងាច ។ ការប្តូរ​វេន​នេះ​អាស្រ័យ​លើ​គាត់ និង ភរិយា បង្រៀន​នៅ​សាលា​រដ្ឋ​មួយខែ​ព្រឹក​មួយខែ​ល្ងាច​ដែរ ។ សាលារៀន​សហគមន៍​ក្នុងភូមិ ១ សង្កាត់ ១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​នេះ​ចាប់ផ្តើម​ដំណើរការ​តាំងពី​បើក​បវេសនកាល ឆ្នាំ ២០១២ មកម្ល៉េះ ដោយ​មិនមាន​ការយក​ប្រាក់កាស​ពី​សិស្ស​ដែល​មក​រៀន​នៅទីនេះ​ឡើយ ហើយ​សិស្ស​ដែល​មក​រៀន​នៅទីនេះ​ភាគច្រើន​ជា កុមារ​តូចៗ​ដែល​មិនអាច​ទៅ​សាលារៀន​រដ្ឋ​ដែល​នៅ​ឆ្ងាយ ហើយ​សិស្ស ទាំងនោះ​ជា​សិស្ស​ក្រីក្រ ឪពុកម្តាយ​ជា​កម្មករ​រោងចក្រ ឬ អ្នក​ចូលទៅ​រកស៊ី​អនុផល​ព្រៃឈើ ។​

​លោកគ្រូ ហ៊ឹម ធា បានឱ្យដឹង​ទៀតថា សាលារៀន​ក្នុង​សហគមន៍ របស់លោក​មិន​យកប្រាក់​កាស​អ្វី​ពី​សិស្ស​ទាំង​នោះឡើយ មានតែ​ចំណាយ ប្រាក់​ផ្ទាល់ខ្លួន​របស់លោក​ថែមទៀត​ដើម្បីឱ្យ​ការសិក្សា​របស់​សិស្ស​ក្នុង​សហគមន៍​បាន​ចូលរៀន​គ្រប់ៗ​គ្នា ។ លោកគ្រូ​ក៏បាន​សំណូមពរ​ឱ្យ​រាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល​នានា​ជួយឧបត្ថម្ភ ដូចជា សៀវភៅ​សិក្សា តុ កៅអី និង សម្ភារ​សិក្សា​មួយចំនួន​ដល់​សិស្ស​ក្រីក្រ​នៅក្នុង​សហគមន៍​របស់លោក ផង ព្រោះ​អាណាព្យាបាល​របស់​ពួកគេ​សុទ្ធតែជា​អ្នកក្រីក្រ ។ ទោះបីជា​លោកគ្រូ អ្នកគ្រូ អាណាព្យាបាល​សិស្ស​មាន​សប្បុរសជន​ឱ្យ ដី​សង់សាលា និង មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​យ៉ាងណាក្តី ក៏ សាលារៀន​សហគមន៍​ភូមិ ១ នេះ​ត្រូវ​រង​នូវ​ការរុះរើ​បំផ្លាញ​ពី​សំណាក់ យោធា និង មេព្រៃ​នៅ​តំបន់​នោះ បណ្តាលឱ្យ​អ្នកគ្រូ​ស្ម័គ្រចិត្ត​នោះ​មានការ រងរបួស​ជា​ទម្ងន់ ។ ទាំង​ប្រជាជន អាជ្ញាធរ​មូលដ្ឋាន និង លោកគ្រូ អ្នកគ្រូ​ស្ម័គ្រ​ចិត្តបាន​សំណូមពរ​ឱ្យ​រាជរដ្ឋាភិបាល​ចាត់វិធានការ​ដល់​ក្រុមមន្ត្រី​ដែល​គ្មាន​ចិត្ត​មនុស្សធម៌​ទាំងនោះ​ផង ៕ នឿន​

ពីរ​នាក់​ប្តី​ប្រពន្ធ​សង់សាលា និង បង្រៀន​សិស្ស​មិន​យកប្រាក់​
​ ​ ​ ​ ​