គូព្រេងមិនព្រាត់ អាពាហ៍ពិពាហ៍ក្នុងគ្រាកលិយុគរបស់សម្តេចតេជោ ហ៊ុន សែន (វគ្គ ៣)

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ បានសរសេរពីប្រវត្តិស្នេហ៍ ​និងជីវិតអាពាហ៍ពិពាហ៍​ជាមួយសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត​ ​(វគ្គ៣)​ បង្ហោះ​នៅលើ​បណ្តាញ​ទំនាក់ទំនងសង្គម​ (facebook) ​នៅប៉ុន្មាននាទីមុននេះមាន​ខ្លឹមសារទំាងស្រុងថា ​"ឯកូនក្រមុំមាន ១៣ រូប ​អង្គុយនៅកៅអីជួរមុខ និង​ កូនកម្លោះ១៣រូប អង្គុយ នៅពីក្រោយកូនក្រមុំ​ដែលជាគូរបស់ខ្លួន។​ សូមកុំច្រឡំកៅអីដែលយើង​អង្គុយមិនមែនជាកៅអីធម្មតាទេ ​តែជាកៅអីក្មេងរៀនដែល​យកមកតម្រៀបឱ្យកូន ​កម្លោះកូនក្រមុំ អង្គុយក្នុង​ពេលរៀបការ ។

ជាការចាប់ផ្តើម​គណៈចាត់តាំងបាន​ឱ្យមនុស្ស១នាក់អានប្រវត្តិរូបខាងស្រី ​និង ខាងប្រុសម្នាក់ម្ដងៗទាំង២៦នាក់។​ ខ្ញុំបានត្រឹមតែមើលខ្នង​ និង ករ៉ានី ​ពីក្រោយដែលក្នុងចិត្ត អាណិតអនាគត​ភរិយាដែលមិនគួរលះបង់​មកយកខ្ញុំជាជនពិការ​មករៀបការអត់ឪពុកម្តាយ ​អត់បងប្អូនសាច់ញាតិបែបនេះសោះ។​ ចំពោះរូបខ្ញុំក៏តូចចិត្ត​អាណិតខ្លួនឯង អាណិតដល់គូផ្សេងទៀត ​ដែលពិការធ្ងន់ធ្ងរ​ជាងខ្ញុំទៅទៀត ។ ហើយគូប្តីប្រពន្ឋរបស់ពួកគេ​ត្រូវអង្គការផ្សំផ្គុំឱ្យខុសពី​គូខ្ញុំដែល​បានស្ដីដណ្តឹង​មុននឹងមានចិត្តស្រឡាញ់គ្នា​មុន​រៀបការថ្ងៃនេះ។ ​កម្មវិធីបានចាប់ផ្តើម ​បន្ទាប់ពីអានប្រវត្តិរូបចប់ ​ គឺដល់កម្មវិធីដែលគណះ​អធិបតីយសួរសំណួរមកកាន់កូនក្រមុំ ​និងកូនកម្លោះ​ឱ្យឆ្លើយមួយគូម្ដងៗ ដោយ​សួរកូនក្រមុំមុន ​និងសួរកូនកម្លោះជាក្រោយ ​។​ ១២គូឆ្លើយចប់ដល់វេនខ្ញុំជាគូទី១៣​ រ៉ានី ឆ្លើយសំណួរបានយ៉ាងល្អទាំង២សំណួរ។​ ក្នុងចំណោម ១២ គូមុន គឺតែ១សំណួរ​ម្នាក់​ប៉ុណ្ណោះគឺដល់​ រ៉ានី២ សំណួរ។ ​ចំណែកខ្ញុំឡើងដល់៣សំណួរ។ ​សំណួរដែលខ្ញុំចងចាំជាងគេគឺ​ (តើសមមិត្តមាន​លទ្ឋភាពកសាងភរិយា​ឱ្យក្លាយទៅជាវណ្ណៈអធន វណ្ណៈ​កម្មាជីពបានឬទេ?)។​ នេះជាសំណួរតម្រង់ទៅរក ​រ៉ានី ដែលមានស្បែកស ​និងជាគ្រួសារអ្នកធូរធារ​ដែលរស់តាមដងទន្លេមេគង្គ។ បន្ទាប់ពីសួរសំណួរសាម៉ីខ្លួនទាំង២៦រូប​​ចប់ហើយ​ គណៈអធិបតីក៏បានសួរទៅ​ចាស់ទុំដែលបានអញ្ជើញចូលរួម​ដែលអ្នកសួរហៅថាសាក្សី ​។ ចាស់ទុំ២នាក់ បានឡើងនិយាយក្នុងនោះមាន​ លោកបង ជុំ ហ៊ល អតីតមេបញ្ជការខ្ញុំ ​​ឡើងនិយាយដោយប្រើពាក្យថាសមរម្យហើយ​ និងបានជូនពរដល់ពួកយើង។​ (លោក ជុំ ហ៊ល ក្រោយឆ្នាំ១៩៧៩ ធ្វើជាអភិបាលក្រុងព្រះសីហនុ​រហូតឆ្នាំ១៩៩៣ ​ទើបចូលនិវត្តន៏ ​និង ទទួលមរណភាពនៅឆ្នាំ ២០១៤)។

នៅម៉ោងប្រមាណ​ ២:00 រសៀល​ កម្មវិធីមិនទាន់បញ្ចប់ទេ។ ​ពួកយើងឃ្លានបាយ ​ស្រេកទឹកតែមិនហ៊ាន​មាត់ករអ្វីទាំងអស់។ ម្តងនេះដល់វេន​គណៈអធិបតីស្រោចទឹកនិង​ឱ្យពរជ័យ ​ដោយផ្តើមពីទស្សនៈសភាព​ការណ៍​ដែលរៀបរាប់ពីសភាពការណ៍​ពិភពលោក សភាពការណ៍តំបន់​និងអន្តរជាតិ​ ដោយជេរពួកសេរីនិយម ​​សូវៀត និង​វៀតណាម​មួយឆ្អែត​ ទើបចូលមកសភាពការណ៍​កម្ពុជាដែលផ្តោតធំលើការងារនយោបាយ ​សតិអារម្មណ៌​ ការវាយកំទេចគាស់​រំលើងវណ្ណៈជិះជាន់ កំចាត់ចោលកម្មសិទ្ឋិសួន​តួទាំង​ទ្រព្យសម្បតិ្ត ​ទាំងមនោសញ្ចតនា​ បោសសំអាតពួក​ខ្មាំងបង្កប់ស៊ីរូងផ្ទៃក្នុង…។ល។ ច្រើនណាស់ចាំមិនអស់​ទេនូវពាក្យបណ្តាសារ​របស់របស់ប្រធាន​​គណៈអធិបតីដែល​ប្រើ​ពេលជាង១ម៉ោង។ ​ ពិធីផ្សំផ្គំត្រូវបានបញ្ចប់នៅម៉ោង ​៣ និង៣០នាទីល្ងាច ​ដោយប្រើពេល៧ម៉ោងកន្លះ​ និង ​ដោយគ្មានឈប់សម្រាក។

នៅម៉ោងប្រហែលជា៤:00 ​ល្ងាច យើងហូបបាយជុំគ្នាទាំងប្តីប្រពន្ឋ ​ទាំងភ្ញៀវចូលរួម ​ដោយអង្គុយបាយលើស្ពក ។ រ៉ានី ​​បានក្លាយជាភរិយា​​ខ្ញុំជាផ្លូវការហើយ ​តែខ្ញុំនៅតែ​មិនទាន់ហ៊ាននិយាយ​រកនាងនៅឡើយ។ ​នៅពេលបាយ រ៉ានី ​បានដួសបាយឱ្យខ្ញុំ ​និងជួយដួសបាយឱយយុទ្ឋជន​ពិការដៃម្នាក់ទៀត​ ព្រោះប្រពន្ឋគាត់នៅអៀន។ កំពុងតែ​ហូបបាយ ​មានកម្មាភិបាលតំបន់​មកប្រាប់ពីផ្ទះដែលគូនីមួយៗត្រូវសម្រាក ។ ចំពោះអ្នកពិការជើងគឺនៅ​ផ្ទះផ្ទាល់ដី​ រីឯអ្នកមិនពិការ​ជើងគឺនៅផ្ទះខ្ពស់។ ហូបបាយរួច ​​ខ្ញុំ​ប្រាប់ប្រពន្ឋខ្ញុំថា ​ខ្ញុំទៅយកបាឡូទៅផ្ទះសម្រាកមុន​ សុំទៅយក ​អីវ៉ាន់ទៅតាមក្រោយ ។ ប្រពន្ឋឆ្លើយថា ចាស៎ ។ ​អត់ទាន់ហ៊ាននិយាយពាក្យ បង ​ អូននៅឡើយ។ នេះមិន​​មែនជាព្រះថោងតោងស្បៃទេ ​តែជាព្រះថោង​ស្វែងរកផ្ទះនៅ​ក្រោយពេលរៀបការ។

ស្ត្រីម្ចាស់ផ្ទះដែលខ្ញុំត្រូវ​សម្រាកបានទទួលខ្ញុំដោយ​រាក់ទាក់ហើយប្រាប់ខ្ញុំថា​ ផ្ទះនេះគាត់មិនបាន​នៅតាំងពីឆ្នាំ១៩៧១ ​មកម៉្លេះព្រោះខ្លាច​អាមេរិកទម្លាក់គ្រាប់បែក។ តែផ្ទះនេះ​អុំសំអាតប៉ុន្មានថ្ងៃមកហើយ ​ព្រោះប្រធានភូមិមកខ្ចីសំរាប់ឱ្យក្មួយៗ​ទើបរៀបការសម្រាក។ ​ខ្ញុំក៏សួរទៅគាត់វិញថា ​តើអុំនៅឯណា? គាត់ចង្អុលទៅផ្ទះតូច​ក្បែរ​នោះ​នៅផ្ទាល់ដីមានទាំងលេណដ្ឋានការពារផង។ ​នៅពេលខ្ញុំកំពុងនិយាយ ​ស្រាប់តែឃើញប្តីប្រពន្ឋគូ​ ទី១២ បណ្តើរគ្នាមកដល់ ​​ខ្ញុំសួរថា ហែម និង វណ្ណា ​សម្រាកនៅផ្ទះណា? គាត់ឆ្លើយថាផ្ទះណឹងដែរ ​។ ខ្ញុំពិតជាហួសចិត្តផ្ទះតូច​មួយផ្សំដំណេកដល់ទៅ២គូរ​ (គូរទី១២ ប្តីឈ្មោះ​ ហែម និង ប្រពន្ទឈ្មោះ វណ្ណា)។ ​យើងឡើងទៅលើ​ផ្ទះទាំងអស់គ្នា។ នៅលើផ្ទះមានគ្រែមួយ​ មានមុង តែគ្មានវាំងននទេ​។ ហែមប្រាប់ខ្ញុំថា​ បងសែន​ឯងសម្រាកលើគ្រែចុះ ​ឯខ្ញុំចងវាំងនននៅក្បែរទ្វារ។ ​ខ្ញុំសួរគាត់វិញថា​​បានវាំងននពីណាមក? ហែម ​ឆ្លើយថា​ អង្គការចែកឱ្យតាំងពីនៅ​មន្ទីរតំបន់ចុះបងឯងអត់ទាន់បានទទួលទេឬអី? ​ ខ្ញុំគ្រវីក្បាលនិង​ឆ្លើយថាអត់ទេ។ ហែមក៏ជួយប្រាប់ទៅអ្នកទទួលខុស​ត្រូវដើម្បី​​សុំ​វាំង​ននឱយខ្ញុំ។

ខ្ញុំរង់ចាំប្រពន្ឋខ្ញុំតែមិនឃើញមកសោះ​ ដោយសារនាងនៅជាប់និយាយ​លេងជាមួយម្ចាស់ផ្ទះដែលនាង​សម្រាកកាលពីយប់មិញ ។ ខ្ញុំងូតទឹកមុន និងបានរៀបចំកន្លែង​សម្រាក​ឱ្យហើយ។ ពេលនេះខ្ញុំបានដោះសម្លៀកបំពាក់ខ្មៅ ​ស្លៀកឯកសណ្ឋានកងទ័ពវិញហើយ។ ​សុំបញ្ជាក់ថាពេលស្ថិតនៅក្នុងពិធី ​គេតម្រូវឱយកូន​កម្លោះស្លៀកខោខ្មៅ ពាក់អាវខ្មៅដៃវែង ​រីឯកូនក្រមុំស្លៀកសំពត់ខ្មៅនិង ​ពាក់អាវខ្មៅដៃវែង ​គឺមិនអនុញ្ញាតឱយស្លៀកពាក់​ខុសពីនេះឡើយ។​ ភរិយាខ្ញុំ ​និងរូបខ្ញុំ ​មិនបានទទួលអ្វីផ្សេងក្រៅពី​របស់​របរផ្ទល់ខ្លួនដែលធ្លាប់មាននោះទេ ​ក្រោយពីបានរៀបការរួចហើយ។ ​អ្វីដែលខ្ញុំទទួលបានគឺរូបរ៉ានី ​និងអ្វីដែលរ៉ានី​បានទទួលគឺរូបខ្ញុំ។ យើងមិនចង់បានអ្វីខុស​ពីនេះ​​ឡើយ។ ក្បែរក្បាលព្រលប់ខ្ញុំឃើញ រ៉ានី ឱបបាឡូមកដល់ ​ខ្ញុំក៏ទៅទទួលយកបាឡូពីនាងឡើងលើផ្ទះ។ ​រ៉ានីបានសួរខ្ញុំថា​ បងមានក្រមាទេ ​ខ្ញុំសុំខ្ចីផ្លាស់មុជទឹក។​ ​ខ្ញុំថាមាន ក្រមាខ្ញុំទទឹកស្រាប់ ​ខ្ញុំក៏ដើរទៅយកក្រមា​ឱ្យប្រពន្ឋជាទីស្រឡាញ់​របស់ខ្ញុំដែលទើបហៅខ្ញុំថា​ “បង” ដែលពាក្យនេះ​ខ្ញុំរង់ចាំជាយូរមកហើយ។

អំពើរបស់អង្គការថ្ងៃនេះ ​ក៏ជាផ្នែកដ៏សំខាន់មួយទៀតជំរុញ​លើកទឹកចិត្តឱ្យខ្ញុំតស៊ូ​ដើម្បីផ្តួលរំលំរបបអត់ប្រពៃណី​ និង​ គ្មានសាសនានេះ។ ថ្ងៃនេះវានិយាយ​ពីបោស​សំអាត​ពួកបង្កប់ស៊ីរូងផ្ទៃក្នុង​ វានិយាយត្រូវព្រោះខ្ញុំជាមេពួកបង្កប់នេះតែម្តង។​ ងាកមកនិយាយពីភរិយាខ្ញុំវិញ ​ខ្ញុំអាណិតនាងណាស់ មិនគួរមករងកម្មជាមួយមនុស្សពិការ​ដូច​រូបខ្ញុំនេះទេ​ មករៀបការ​ដោយគ្មានឪពុកម្តាយ ​និងបងប្អូនញាតិមិត្តកំដរ។ ​ការអាណិតធ្វើឱយខ្ញុំយល់​ពីនាងកាន់តែច្បាស់ថា នាងទទួលយកខ្ញុំដោយសុទ្ឋចិត្តមិន​ប្រកាន់​​រើសអើងចំពោះជនពិការឡើយ។​ ឆ្លងផុតរាត្រីផ្សំដំណេក​ ៥ មករា ១៩៧៦ ​លុះព្រឹកឡើងមន្ទីរយោធា​តំបន់បានយករឺម៉កម៉ូតូ មកដឹកពួកយើងទៅអង្គភាពវិញ។ យើងអត់​បានទទួលទានអ្វីទាំងអស់​ក៏នាំគ្នាចេញដំណើរទៅ។ ​អ្នករួមដំណើរមាន ​ប្តីប្រពន្ឋខ្ញុំ២នាក់​ គូទី១២ ហែម និង វណ្ណា២នាក់ ​ជំនួយការសេនាធិការ​យោធាតំបន់ឈ្មោះ សុជាតិ ១នាក់ ​និងអ្នកជិះម៉ូតូជា​ប្រធានមន្ទីរយោធាតំបន់:​ឈ្មោះស៊ីថា។ ​ចេញពីភូមិច្រាបមិនបានប៉ុន្មាន​ផងម៉ូតូក៏វាបែកកង់ ពួកយើងប្រឹងរុញទាំងម៉ូតូទាំងរឺម៉កមកប៉ះកង់​នៅ​​ផ្សារសួង ទំរាំរកកន្លែងប៉ះកង់​បាន និងប៉ះកង់រួចគឺម៉ោងប្រហែល​ ១១:00 ថ្ងៃត្រង់ទៅហើយ។ ​ ពួកយើងមិនខ្វល់ពីការ​ឃ្លានទេ គឺត្រូវរូតរះចេញដំណើរភ្លាម​ដើម្បីទៅ​ដល់​ទីបញ្ជាការយោធាតំបន់ដែលបោះ​ទីតាំងនៅចំការដូង ​ភូមិសំរោង ​ឃុំដារ ស្រុកមេមត់​ ខេត្តកំពង់ចាម ។

កំណាត់ផ្លូវជាតិលេខ៧ ​ កាលពីពេលនោះ​គឺខូចខាតស្ទើរអស់ហើយ​មិនអាចធ្វើដំណើរបានលឿនទេ ​។ យើងចេញពីផ្សារសួង ​បានមិនទាន់ដល់១០គីឡូម៉ែត្រផង កង់រឺម៉ក​​ខាងក៏ឆ្វេងធ្លាយទៀត ​តែយើងអាចនៅ​សប់បញ្ចូលខ្សល់ធ្វើដំណើរបាន ​។ ដំបូងសប់១ដងអាចធ្វើដំ​ណើរបានប្រហែល១គីឡូម៉ែត្រ ជាបន្តបន្ទាប់សប់បញ្ចូលខ្យល់​លែង​ចូល។ ​ខ្ញុំប្រាប់ស៊ីថានិងសុជាតិ ​ ដែលអ្នកទាំង២នាក់សុទ្ឋតែ​ជាអតីតយុទ្ឋជននិងកូនសិស្សខ្ញុំ​លើការងារផែនទីថា ​ទុករឺម៉កផ្ញើប្រជាជននៅទីនេះ ស៊ីថានិងសុជាតិប្រញ៉ាប់​ជិះម៉ូតូទៅ​ចំការដូងយកកង់ម៉ូតូមកដូរ​ បើមិនទាន់យប់នេះទេ​ចាំស្អែកចាំមកវិញ។​ ឯពួកខ្ញុំដើរទៅមុខបន្តិចទៀត ចាំសុំអ្នកភូមិសម្រាក​មួយយប់សិន។ រុញរឺម៉កមកដាក់​ទុក​​តាមភ្លឺស្រែរួចហើយ ​ស៊ីថា និង​ សុជាតិក៏ជិះម៉ូតូចេញទៅបាត់។​ រីឯពួកខ្ញុំ៤នាក់ ​ធ្វើដំណើរដោយថ្មើរជើង​ទៅដល់ភូមិតាហៀវ ​ស្រុក ពញ្ញាក្រែក ដែលនៅជាប់ផ្លូវ​លេខ៧​​ហើយចូលទៅក្នុងភូមិនោះ​ដើម្បីសុំសម្រាក ​។ ​លោកពូអ្នកម៉ីងម្ចាស់ផ្ទះទទួល​ពួកយើងរាក់ទាក់ខ្លាំងណាស់ ​តែគាត់មិនទាន់ហ៊ាន​ឱ្យយើងសម្រាកទេ គឺរង់ចាំសុំការអនុញ្ញាត​​ពីប្រធានភូមិសិន។​ ខ្ញុំក៏មិនបានប្រាប់ពួកគាត់ថា​ខ្ញុំជាមេបញ្ជការកងទព័ដែរ ​កាំភ្លើងខ្លីរបស់ខ្ញុំសៀត​នៅចង្កេះមើលមិន​ឃើញទេ។ យើងត្រូវរង់ចាំព្រោះប្រធានភូមិ​ទៅបោក​​ស្រូវមិនទាន់ត្រឡប់មកវិញ។ ​នៅពេលប្រធានភូមិមក​ដល់មេឃក៏ចាប់ផ្តើមងងឹ​តហើយ​ គាត់ជួយពួកយើងភ្លាមដោយ​ឱ្យអង្ករ៤កំប៉ុងមក​ម្ចាស់ផ្ទះដាំឱ្យ​យើងទទួលទាន។ តាំងពីព្រលឹម​រហូតយប់ប្រហែល១៣ម៉ោង​ ទើបយើងបានហូបបាយ។​ ហើយបើគិតពីពេលបាយ​នៅរៀបការពីម៉ោង៤ល្ងាចថ្ងៃ៥​ មករា ​រហូតម៉ោង៨យ ប់ថ្ងៃ ៦ មករានេះ​មាន​រយៈ​ពេល២៨ម៉ោង ទើបយើងបានបាយ។​ ខ្ញុំស្រក់ទឹកភ្នែកអាណិត​ប្រពន្ឋខ្ញុំខ្លាំងណាស់ ​ តែទឹកភ្នែកនេះ​មិនឱ្យប្រពន្ឋខ្ញុំដឹងទេ។

ពេលយប់ម្ចាស់ផ្ចះរៀបចំឱ្យពួកខ្ញុំ​ដេកប្រុសដោយប្រុស​ ស្រីដោយស្រី ខ្ញុំបានសុំ​ម្ចាស់ផ្ទះដើម្បីបានដេកជា​មួយភរិយាខ្ញុំ រីឯ ​ហៀម ​ជាមួយប្រពន្ឋគេ តែម្ចាស់ផ្ទះបានឆ្លើយ​តបដោយការសុំទោស​ព្រោះខ្លាចក្មួយៗជម្រត់គ្នា ​មិនមែនជាប្តីប្រពន្ឋពិតប្រាកដ ​។ ពួកខ្ញុំគ្មានជំរើសអ្វីក្រៅ​តែពីទទួលយកតាម​ការរៀបចំរបស់ម្ចាស់ផ្ទះ ដើម្បីកុំឱ្យគាត់​លំបាកដោយសារយើង។ ​ពេលព្រឹកឡើងម៉ូតូបានមកទទួល​យើងទៅកាន់ទីបញ្ជាការយោធាតំបន់​ ខ្ញុំត្រូវបំពេញកិច្ចការតាំងពី​ពេលទៅដល់រហូត​ពេលយប់ តែនៅទីនេះមិន​មានបញ្ហាអ្វីទេ ​។ ប្រធានយោធាតំបន់ឈ្មោះ​ អួង ឯក មានអធ្យាស្រ័យល្អ។ ​នេះជារាត្រីទី៣ត្រូវនឹងថ្ងៃ ​៧ មករា។ ថ្ងៃទី៨មករា​ ម៉ូតូមន្ទីរយោធា​តំបន់បានជូនប្តី ប្រពន្ឋខ្ញុំទៅ​​កាន់ទីបញ្ជាការកងវរសេនាធំដែល​បោះទីតាំងនៅភូមិកោះ​ថ្ម ឃុំទង្លូង ​ស្រុកត្រមូងនាពេលនោះ។ ​ពេលទៅដល់កម្មាភិបាល និង យុទ្ឋជនដែលធ្លាប់បាន​លេងល្បែងផ្សំផ្គុំ​​ខ្ញុំជាមួយប្រពន្ឋកាលពីឆ្នាំ១៩៧៣ ​ និងដើមឆ្នាំ១៩៧៤​ បាននាំគ្នាមកអបអរផង​ និង បង្អាប់ខ្ញុំផង។

ប្តីប្រពន្ឋយើង​បានរស់នៅជាមួយគ្នាពីថ្ងៃទី​ ៨ ខែ មករា ​បន្ទាប់ពីបានរៀបការនៅ​ថ្ងៃ៥មករា ​ដែលត្រូវដើរដេក​នៅទីកន្លែងខុសៗគ្នា។ ភាពរីករាយមានត្រឹមតែ​៤ថ្ងៃប៉ុណ្ណោះ​​សំរាប់ប្តី​ប្រពន្ឋរបស់ខ្ញុំ។

ថ្ងៃទី១២ ខែ មករា ឆ្នាំ ​១៩៧៦ ​បទបញ្ជាបន្ទាន់ឱ្យភរិយាខ្ញុំ​ចេញដំណើរទៅមន្នីរពេទ្យដែល​មានទីតាំងនៅវត្តពពេល ​ ឃុំពពេល​ ស្រុកទឹកជ្រៅ នាពេលនោះគឺស្រុក​ពញ្ញា​​ក្រែក។ ​នាពេលនេះហើយបន្ទាប់ទៅត្រូវ​ទៅលើកប្រព័ន្ឋភ្លឺស្រែនៅភូមិខ្នារ ​ស្រុកត្បូងឃ្មុំ។​ ទឹកភ្នែកខ្ញុំហូរទៀតហើយ ​នៅពេលដែល​គេដឹកប្រពន្ឋខ្ញុំចេញទៅ សូម្បីតែខ្ញុំជាប្តី​​ក៏​គ្មានសិទ្ឋិ ​និងជូនដំណើរនាងដែរ។ ​ តើនេះជាចម្លើយដែលឆ្លើយ ​និងសំណួរដែលអង្គការសួរខ្ញុំថា ​តើសមមិត្តមានលទ្ឋភាពកសាង​ភរិយាឱ្យក្លាយ​ជាវណ្ណៈអធន វណ្ណៈកម្មាជីព​បានឬទេ?។

អត្ថបទដែលខ្ញុំសរសេរពេល​នេះមិនទាន់ចប់ទេ ​ខ្ញុំនឹងបន្តសរសេររឿងរ៉ាវ​ដែលទាក់ទងនិងប្រវតិ្តរបស់ខ្ញុំជាបន្តទៀត ​ ដែលនឹងបញ្ចេញតាម​ Facebook របស់ខ្ញុំ។

សុំរង់ចាំអានបន្ត ​សុំអរគុណ