លោក​ខេត្ត​ចាស់​បិទ​ច្រកចូល​ជាង​2​ឆ្នាំ លោក​ខេត្ត​ថ្មី​វ៉ៃ​ចោល​វិញ

លោក​ខេត្ត​ចាស់​បិទ​ច្រកចូល​ជាង​2​ឆ្នាំ លោក​ខេត្ត​ថ្មី​វ៉ៃ​ចោល​វិញ

ខេត្តស្ទឹងត្រែង ៖ ដូច​ខ្លោងទ្វារវត្ត​ណា​មួ​ួ​យ ប៉ុន្ដែ​គឺជា​ខ្លោងទ្វារ​នៃ​ច្រកចូល​សាលាខេត្ត​ផ្នែក​ខាងលិច​របស់​សាលា​ខេត្តស្ទឹងត្រែង​កាលពី​ព្រឹក​ថ្ងៃ​ទី​៤ មក​រា ត្រូវ​បាន​វាយ​បើកផ្លូវ​ឡើង​វិញ បន្ទាប់​ពី​ច្រកចូល​នៃ​ខ្លោងទ្វារ​មួយ​នេះ​ត្រូវ​បាន​បិទ​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយដោយ​អតីត​អាជ្ញាធរ​ខេត្ត ។ ការ​បិទ​ដោយសារ​មានការ​ភ័យ​ខ្លាច ហើយ​គិត​ថា​ត្រូវ​បិទ​ដើម្បី​បញ្ជៀ​សការ​ចូល​ធ្វើ​បាតុកម្ម​តវ៉ា​ណាមួយ​យ​របស់​ប្រជាពលរដ្ឋ ។ នេះ​បើ​តាម​ប្រភព​ពី​មន្ត្រី​សាលាខេត្ត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ខ្សិ​ប​ប្រាប់ ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ការ​បិទ​ច្រក​ទ្វារ​មួយ​នេះ ត្រូវ​បាន​ទទួល​ការ​រិះគន់​ពី​មន្ត្រី​សាលាខេត្ត និង​ពី​មន្ត្រី​អង្គភាព​នានា​នៅ​ក្នុង​ខេត្ត ខណៈ​សាលាខេត្ត​នានា​ត្រូវ​មាន​ច្រក​ពីរ គឺ​ច្រកចូល និង​ច្រកចេញ ដើម្បី​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចេញចូល ឬ​មាន​សភាពការណ៍​ជាយថាហេតុ​ណាមួយ​កើតឡើង​ងាយស្រួល​រត់​ចេញ ។ តែ​ផ្ទុយ​ទៅ​វិញ​សាលា​ខេត្តស្ទឹងត្រែង បន្ទាប់​ពី​សាងសង់​និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ និង​សង់​របង មេ​តុង​រឹង​មាំ មាន​ច្រក​ពីរ​ដែរ តែ​ត្រូវ​គេ​បិទ​មួយ​វិញ ដោយ​ភ័យ​ខ្លាច​គេចវេស​ពី​ការ​ទាមទារ​ឱ្យ​ដោះស្រាយ​របស់​ប្រជាពលរដ្ឋ ព្រោះ​កន្លង​មក​មាន​បាតុកម្ម​ផ្សេង​ៗ​បាន​ផ្ទុះ​ឡើង ។

ទាក់ទង​បញ្ហា​នោះ​ក្រោយ​ពេល​មានការ​ដោះស្រាយ​រវាង​ប្រជាពលរដ្ឋ​រួចរាល់ ច្រក​នោះ​ក៏​នៅ​តែ​បន្ត​ការ​បិទ​យ៉ាង​រឹង​មាំ​ដដែល ដោយ​រៀប​ឥដ្ឋ​ផ្ជិ​ត ដែល​មិន​ធ្លាប់​មាន ។ មន្ដ្រី​ដដែល​និយាយ​ថា ខេត្ត​មាន​សភាព​ស្ងប់ស្ងៀម​ហើយ នៅ​តែ​មិន​បើក​ឲ្យ​ប្រើប្រាស់​ដដែល ។ មានការ​រិះគន់​ថា ធ្វើ​ច្រក​ចេញចូល​ដល់​ទៅ​ពីរ បែរជា​បិទ​មួយ ធ្វើ​ឲ្យ​មានការ​រាំងស្ទះ​ក្នុង​បរិវេណ​សាលាខេត្ត ខណៈ​កិច្ចប្រជុំ​ធំ​ៗ ត្រូវ​បាន​ធ្វើ​ឡើង​ម្តង​ៗ ។

រយៈពេល​ជាង​២​ឆ្នាំ​កន្លង​ផុត​ទៅ​ដែល​ច្រក​ខ្លោងទ្វារ​មួយ​នេះ ត្រូវ​បាន​បិទ​ជិតឈឹង​ទាំង​មិន​ចេះ​អៀនខ្មាស់ ។ លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៤ មក​រា ត្រូវ​បាន​វាយ​ទម្លាយ​ចេញ​វិញ ស្រប​ពេល​ដែល​អាជ្ញាធរ​ខេត្ត​ថ្មី​ចូល​មក​កាន់​តំណែង​ជា​មេ​ខេត្ត ។សម្រាប់​ការ​បិទ​ច្រក​មួយ​នេះ​ដែល​ស្ថិត​ក្នុង​ការ​រិះគន់​យ៉ាង​ក្ដៅ​ងំ​ជាង​២​ឆ្នាំ ក៏​មានការ​សាទរ​ពី​មន្ត្រី​សាលាខេត្ត​ក៏​ដូច​ជា​មន្ត្រី​អង្គភាព​នៃ​មន្ទីរ​នានា​ជុំវិញ​ខេត្ត បាន​យល់​ស្រប​ថា ការ​បើក​ច្រក​មួយ​នេះ​វិញ បាន​បង្កើត​ភាព​ទាក់ទាញ និង​មាន​សោភ័ណ​ភាព​លេចធ្លោ​ឡើង​វិញ ព្រមទាំង​ជួយ​សម្រួល​ដល់​ការ​ចេញចូល​មាន​ភាព​ទូលំទូលាយ​ផង​ដែរ ។
ពេល​នេះ​កម្លាំង​កម្មករ​ជាមួយ​ញញួរ​ទម្ងន់​៥​គីឡូក្រាម បង់​ជំទែង​សំពង​ជញ្ជាំង​ថ្ម​នេះ​គ្មាន​ប្រណី ដែល​ពួក​គេ​និយាយ​ថា បិទមុខ​អីចឹង​បានជារ​កសី​ុ​មិន​ចំរើន ធ្វើ​មេ​មិន​បាន​យូរ​ដូច​ខេត្ត​គេ ។ បិទមុខ​ផ្ទះ​អីចឹង «​ខុស​ហុងស៊ុយ​ធំ​ណាស់​» សូ​ម្បី​ខេត្ត​ក៏​មិន​រីក​ដែរ កុំ​ថា​ត្រឹម​កៅអី​បុណ្យ​សក្ដិ​ខ្លួនឯង ៕​    ​