អ្នករត់ចម្ងាយឆ្ងាយបំផុតមកពី២៨ប្រទេស នឹងមកប្រជែងគ្នានៅលើទឹកដីអង្គរ

ទឹក​ដី​អង្គរ​ក្នុង​ខេត្ត​សៀម​រាប នឹង​ក្លាយ​ជា​កន្លែង​ដែល​អ្នករត់​ចម្ងាយ​ឆ្ងាយ​បំផុត មក​ពីបណ្តា​ប្រទេស​ចំនួន​២៨ នៅ​លើ​ពិភព​លោក ត្រូវ​មក​ជួប​ជុំ​គ្នា ដើម្បី​​ធ្វើ​ការ​​ប្រកួត​ប្រជែង​គ្នា ក្នុង​ព្រឹត្តិការណ៍​រត់​ចម្ងាយ​១២៨​គីឡូម៉ែត្រ Ultra Trail Angkor 2016 ដែល​នឹង​ត្រូវ​ធ្វើ​ឡើងជា​លើក​ដំបូង ​នៅ​​កម្ពុជា នា​ថ្ងៃ​ទី​២៣ ដល់​ទី​២៤ ខែ​មករា ឆ្នាំ​២០១៦នេះ។
1
​វេប​សាយ www.Ultratrail-angkor.com កំពុង​ធ្វើ​ការផ្សព្វ​ផ្សាយ និង​ទទួលចុះ​ឈ្មោះ​អ្នក​ចូល​រូម​ការ​ប្រកួត Ultra Trail Angkor 2016​ នេះ ខណៈ​ពេល​នេះ​មាន​អ្នក​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ចំនួន​៤០០​នាក់​ហើយ ដោយ​ពួក​គេ​មក​ពី​២៨​ប្រទេស នៅ​ជុំ​វិញ​ពិភព​លោក ហើយ​អត្ត​ពលិក​ចំនួន​៣៥​នាក់​របស់​កម្ពុជា ក៏​អាច​នឹង​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​​ផង​ដែរ។

​ប៉ុន្តែ លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការគណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា បាន​ថ្លែង​​ថា៖​«ចំនួន​អ្នក​ចូល​រួម​ អាច​នឹង​មាន​ការ​ថយ​ចុះ​វិញ ព្រោះនេះ​ជា​ការ​រត់​ចម្ងាយឆ្ងាយ​​បំផុត ដែល​ត្រូវ​រត់​ទាំង​ថ្ងៃ​ទាំង​យប់ គឺ​មាន​លក្ខណៈ​ដូច​មនុស្ស​ដែក​អ៊ីចឹង ហេតុ​នេះ​អ្នក​ចុះ​ឈ្មោះ​ហើយ​ខ្លះ អាច​នឹង​​បោះ​បង់​ចោល​ការ​ប្រកួត​វិញ»។
2
នៅ​ក្នុង​​ការ​រត់​ចម្ងាយ​​១២៨​គីឡូ​ម៉ែត្រ​ Ultra Trail Angkor 2016 ត្រូវ​បាន​បែង​ចែក​ការ​រត់​ជា​៣​ដំណាក់​កាល ដោយ​ដំណាក់កាល​ទី​១ រត់​ចម្ងាយ​៦៤​គីឡូម៉ែត្រ ដំណាក់កាល​ទី​២​រត់​ចម្ងាយ​៣២​គីឡូម៉ែត្រ និង​ដំណាក់កាល​ទី​៣​រត់​ចម្ងាយ​៣២​គីឡូម៉ែត្រ​ដែរ ដោយ​​ពួក​គេ​​ត្រូវ​ចាប់​ផ្តើម​រត់​តាំង​ពី​​ម៉ោង​៤ទៀប​ភ្លឺ ថ្ងៃ​ទី​២៣ ​រហូត​ដល់​ព្រឹកម៉ោង​៨ ថ្ងៃ​ទី​២៤ ខែមករា​វិញ គឺ​រត់​ទាំង​ថ្ងៃ​ទាំង​យប់ អត់​ឈប់​សម្រាក​ទេ។ ប៉ុន្តែ​នៅ​ក្នុង​មួយ​ដំណាក់​កាលៗ​ពួក​គេ​អាច​ឈប់​​សម្រាក ​ដើម្បី​បរិភោគ​​អាហារសម្រន់ និង​ភេ​សជ្ជៈ ប្រហែលជា​​កន្លះ​ម៉ោង​ ដែរ។

ទាក់​ទង​ទៅ​នឹង​គោល​បំណង​នៃ​ការ​ប្រកួត Ultra Trail Angkor 2016 នេះ លោក​ វ៉ាត់ ចំរើន ដែល​ជា​អនុរដ្ឋលេខាធិខា​ក្រសួង​ទេសចរណ៍​​ផង​ដែរ បាន​បញ្ជាក់​ថា៖​«​ការរៀបចំ​​​​ឲ្យ​មាន​ការ​ប្រកួតនេះ​ឡើង ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរមក​ពី​ប៉ែក​អឺរ៉ុប ឲ្យ​មក​កម្សាន្ត​នៅ​អង្គរ​វត្ត​ឲ្យ​បាន​ច្រើន ព្រោះ​នេះ​ជា​ព្រឹត្តិការណ៍​រត់​ប្រណាំង​បែប​ទេសចរណ៍ ដែល​យើង​បាន​សហការ​ជាមួយ​អឺរ៉ុប»៕