​ផល​ប៉ះពាល់​នៃការ​ឆុង​ទឹក​ដោះ​គោ​ម្ស៉ៅ​អោយ​ទារក​តូច

​ក្នុងសម័យ​បច្ចុប្បន្ន ទោះ​មាន​ការ​ផ្សព្វផ្សាយ​ជាសាធារណៈពី​គុណ​ប្រយោជ​ន៍​ខ្ពស់នៃការ​បំបៅ​ដោះកូន​យ៉ាង​ណា​ក៏​ដោយ យើង​សង្កេត​ឃើញ​ថា មា​នស្ត្រី​មិនច្រើនឡើយ​ដែលអាចបំបៅ​កូនរ​ហូតដល់ ពេល​៦​ខែ ​ឬ ​លើស​ពីនេះ​ ។ នោះ ​ក៏​ដោយ​សារជីវភាព ​តម្រូវអោយ​​ស្ត្រីត្រូវ​ចេញ​ធ្វើការ ​បន្ទាប់​ពីសម្រាកលំហែ​មាតុភាព ៣ខែ ​ដែលនេះ​មិ​នអំណោយដល់​ការបំ​បៅ​កូន​ឡើយ។ ​
ដូច្នេះ ​ការ​ប្រើ​ប្រា​ស់​ម្ស៉ៅ​ទឹកដោះ​គោជំនួសទឹក​ដោះ​ម្តាយបានក្លាយជារឿង​សាមញ្ញទៅ​ហើយ។ ការប្រើទឹកដោះគោម្ស៉ៅ​ជំនួសមិន​មាន​ផលប៉ះពាល់​អវិជ្ជ​មាន​អ្វី​នោះទេ តែ​គ្រាន់​តែ​អាច​ធ្វើ​អោយ​ទារក​ប្រឈម​នឹង​បញ្ហា​សុខភាព​មួយចំ​នួន ​ដែល​ទាមទារអោយ​ម្តាយ​ឪពុក​តាមដាន ​និង​យកចិត្ត​ទុកដាក់។​ តែយ៉ាង​ណាក៏​ដោយមាន​ករណី​កំរខ្លះ ដែល​ការប្រើប្រាស់​ទឹកដោះ​គោ​ម្ស៉ៅផ្តល់ផលអវិជ្ជ​មានធ្ង​ន់ធ្ងរ។​ ​​ផល​ប៉ះពាល់​នៃការ​ឆុង​ទឹក​ដោះ​គោ​ម្ស៉ៅ​អោយ​ទារក​តូច
ការដែល​យល់​ថា​ទឹកដោះគោម្ស៉ៅ និងទឹកដោះ ​ម្តាយដូច​គ្នាគឺជាការ​យល់ខុស ​ទឹក​ដោះ​គឺ​ជា​អាហារ​ដែល​សម​ស្រប​បំផុតតែមួយ​មុខគត់សម្រាប់ទារក​ទើបនឹងកើត រហូតដល់ ៦​ខែ ​។ ទឹក​​ដោះ​ មានពីរ​ប្រភេទ គឺ​ទឹកដោះ​ម្តាយ​ និងទឹ​កដោះគោម្ស៉ៅ ​(Formula) ​។  ក្នុង​ចំណោម​ទឹក​ដោះ​ទាំង​ពីរ​ប្រភេទ​នេះ ​ ទឹក​ដោះ​ម្តាយ​គឺជាអាហារ​ដែល​ល្អ  និង​មាន​ផលប្រយោជន៍​បំផុតសម្រាប់​ទារក​ទើប​នឹង​កើត​ និង​ម្តាយ ​​ព្រោះ​ទឹក​ដោះម្តាយ​មាន​សារធាតុ​ចិញ្ចឹមដូច​​ជា  ជាតិ​ក្លុយស៊ីត ​ប្រូតេអ៊ីន​  ខ្លាញ់ និ​ងវី​តាមីនផ្សេងៗ ជា​ច្រើន​ទៀត ​ ដែល​ទឹកដោះ​គោ​​ម្ស៉ៅពិបាក​ធ្វើដូច​។ ​ដោយ​មាន​សារ​ជាតិ​ចិញ្ចឹម​ល្អ​បែប​នេះ​ហើយ​ទើប​អាច​ធ្វើ​អោយ​ងាយ​រំលាយ​បា​នល្អ ​មិនបញ្ហា​ដូច​ជាការ​ឈឺពោះ​ញឹក​ញាប់ ដូច​ទឹកដោះ​​គោម្ស៉ៅ​នោះ ទេ។​   ទឹក​ដោះ​ម្តាយមាន​សូដ្យូម​តិចតួច ​ មិនច្រើន​ពេក ​ដែល​សម​ស្រប​ជា​មួយ​នឹង​មុខ​ងារ​តម្រង​នោម​របស់​ទារក​ទើប​នឹង​កើត ព្រោះ ទារក​ទើប​នឹងកើតមិន​ត្រូវការ​ជាតិសូដ្យូម​ច្រើនទេ  ​ដោយ​ហេតុ​ថា​​សូដ្យូម​ច្រើន​អាច​ធ្វើ​អោយ​កាល់​ជាតិទឹកអំបិល តម្រងនោម​បញ្ចេញមិន​អស់អាច​ធ្វើ​អោយ​ហើម​ពោះ​ ។​ ​ទឹក​ដោះ​ម្តាយប្រែប្រួល​ទៅ​តាម​ពេល​វេលា ​ទៅ​តាមតម្រូវ​ការរបស់​កូន​។ ​​ក្នុង​ទឹក​ដោះ​ម្តាយ​មាន​សារ​ធាតុ​ជួយ​ដល់​ប្រព័ន្ធ​ការពារ​សម្រាប់​ទប់​ទល់ទៅនឹងជម្ងឺ​ឆ្លង​ផ្សេងៗ​បាន​ច្រើន​យ៉ាង ដូចជា​អាចការពារជ​ម្ងឺ​អាឡែកហ្ស៊ឺ ចំណី​អាហារ(​ប្រតិ​កម្មអា​ហា​រ) ប្រតិកម្ម​ផ្លូវដ​ង្ហើម​  ​ជា​ពិសេស​ទឹក​​ដោះ​ម្តាយ​អាច​ការ​ពារ​កុំ​អោយ​កើត​មាន​ជម្ងឺ​ធាត់ ​បើសិន​ជា​ម្តាយ​បំបៅដោះកូ​នបាន​លើស​ពី ៦​ខែ​ ។  ​ទឹក​ដោះ​ម្តាយជួយ​អោយ​កូន​លូត​លាស់​បាន​ល្អ ​ទាំង​ចិត្តគំនិត ​និង​សតិ​អារម្មណ៍​ល្អ។​ ផល​​ប៉ះពាល់​នៃ ​ការ​ប្រើ​ប្រាស់ទឹកដោះ​ គោម្ស៉ៅ​ ​ជា​ទូទៅ​ ទឹក​ដោះ​គោម្ស៉ៅ​មិនល្អ​ដូចជាទឹកដោះ​ម្តាយទេ ព្រោះតែ​ទឹក​ដោះ​គោម្ស៉ៅ​កើតចេញ​​ពីការផលិត​ដោយ​ប្រើរូបមន្ត បច្ចេកទេសវិទ្យសាស្ត្រ ​ហើយ​ត្រូវ​ស្តុកទុក​ក្នុងកំប៉ុង ​ឬ​ដប​ដោយ​មាន​សុពលភាព​នៃ​អំឡុង​ពេល​​ប្រើច្បាស់លាស់​។ ​ ​ក្នុង​ករណី​ដែ​លដំ​ណើរ​ការនៃការ​ផលិតទឹក​ដោះ​គោ​ម្ស៉ៅមាន​ភាពមិនប្រក្រតី ឬ​ខុសបច្ចេកទេស   ​ការស្តុកទុក​គ្មាន​អនាម័យ​ ឬ ​ខុស​ស្តង់​ដា ​ធ្វើ​អោយប៉ះពាល់គុណភាព  និង​ផុត​សុពលភាព​ប្រើប្រាស់​អាច​បណ្តាល​អោយ​មានផលអវិជ្ជ​មាន​​ដល់​សុខភាពទារក​ដែលប្រើប្រាស់ទឹកដោះគោ​នោះ។​ ​មានក​​រណីខ្លះ  ទឹកដោះ​គោ​ម្ស៉ៅ​អាច​ធ្វើ​អោ​យ​ទារក​បៅ​ហើយ​រាក ​ ជួនកា​ល​ធ្វើ​អោយ​ទល់​លាមក ​ហើម​ពោះ  ឈឺ​ពោះ​ជាដើម។ ករណី​ខ្លះ​ទៀត​ដែល​ម្តាយ​រៀបចំ​ទឹក​ដោះ​គោម្ស៉ៅ​ហើយ​មិនបាន​ធ្វើ​អនាម័យ​បាន​ល្អ​អាច​ធ្វើ​អោ​យ​ឆ្លងរោគ  ឆ្លង​ជម្ងឺ ​ធ្វើអោយទារកកើត​​មកមានជម្ងឺ​ផ្សេងៗ ជួន​កាល​អាចធ្ងន់ធ្ងរ ធ្វើអោយរ​លាកពោះវៀន​ ឬក៏អាចធ្វើអោយកុមារធាត់​លើស​ទម្ងន់​ថែម​ទៀតផង​។​ វិធី​ការពារចំពោះមាតាដែលអោយ​កូនបៅទឹកដោះ​គោម្ស៉ៅ ម្តាយ​គ្រប់​រូបអាចដឹង​ហើយថា ការបំ​បៅ​ដោះកូន​ដោយ​ទឹកដោះគោម្ស៉ៅអាចបង្កផ​លវិបា​ក តែផ​លវិបា​​កខ្លះអា​ចការពារបាន ហើយ​ខ្លះទៀតក៏​មិនអាច​ការពារ​បាន​ទេ។ ផលវិបាកដែល​មិនអាចការពារ​បាននោះ គឺធ្វើ​អោយ​ទារក​ប្រឈមមុខ​​ខ្ពស់​នឹងការ​មានជម្ងឺផ្សេងៗ​ដូចជា រាករូស ហើម​ពោះ  ​ទល់​លាមក ​និង​រលាកបំព​ង់ក​។ ចំណែកឯផលវិបាកដែល​អាចការពារបាន ឬអាច​កាត់​បន្ថយ​បាន​ខ្លះ​​ៗ  គឺ​ផល​វិបាក​កើត​ឡើង​ដោយ​សារ​ការ​ខ្វះ​អនាម័យ​នៅក្នុង​ការ​រៀប​ចំទុក​ដាក់។​ ដូច​នេះ​ ម្តាយ​ត្រូវតែមាន​អនាម័យ​ក្នុង​ការរៀបចំ​ម្ស៉ៅ​ទឹកដោះ​គោអោយ​កូន​បៅដោយត្រូវ​អនាម័យ​ទៅតាម​ការណែនាំរប​ស់​គ្រូពេទ្យ​ដូចជា ​៖
•​ត្រូវសម្អាត​កន្លែង​ដាក់​ម្ស៉ៅ​ទឹក​ដោះ​​គោ និង​ដប​ទឹកដោះ​គោ​អោយ​បានស្អាត​ជានិ​ច្ច
•​ត្រូវ​លាងដៃ​អោយ​បានស្អាត​ជា​មួយនឹងសាប៊ូ​មុននឹងរៀប​ចំលាយ​ម្ស៉ៅទឹក​ដោះគោ​អោយ​ទារក​
•​ដបទឹក​ដោះ​គោ ក្បាលដប ​គម្របដប ​និង​សម្ភារៈ​ដែលប្រើប្រាស់​សម្រាប់​លាយ​ទឹកដោះគោ​នោះ​ត្រូវលាងសម្អាតហើយត្រូវស្ងោរសម្លាប់មេរោគជាប្រចាំ
•​ទឹកដោះ​​គោ ​ដែលលាយ​ហើយ​ត្រូវអោយ​ទារកបៅភ្លាមៗ​
•​ទឹកដោះគោ​មួយដបត្រូវ​អោយ​ទារកបៅ​អោយអស់ក្នុងរយៈ​ពេលមួយម៉ោង ​ហើយបើទារកបៅឆ្អែតនៅសល់ត្រូវ​តែចាក់​ចោល ​ព្រោះកាល​ណាបើ​ទុក គឺ​អាចបង្កអោយមាន​មេរោគដែលធ្វើអោយ​ទារក​ឈឺ​​•​បើ​សិន​ជាលាយទឹកដោះ​គោម្ស៉ៅ ហើយទារកមិនទាន់បៅ​ត្រូវ​ទុកក្នុងទូ​ទឹកកក​ដែលត្រជាក់ ​តែមិនត្រូវ​ដាក់នៅកន្លែង​កក​ទេ ។ ដល់​ពេលទារក​ចង់​បៅទើបអោយ​ទារក​បៅ ​ដោយ​ទុកអោយទឹកដោះគោនោះ ត្រលប់មកសីតុណ្ហភាពធម្មតាសិន។​​
+ ​ចំណាំ​ ៖  ១​. ទារក​ផ្សេងគ្នាទ​ទួល​យក​ទឹក​ដោះគោ​ម្ស៉ៅ​ប្រភេទ​ផ្សេងគ្នា​។​​ ឧទាហរណ៍ដូចជា ​ទារក A ​ញុំាទឹក​ដោះ​គោ​ម្ស៉ៅ​ម៉ាក A​ ធំ​ធាត់​មាន​សុខភាព​ល្អ ​បត់​ជើង​ស្រួល ​តែ​ទារក B ញុំា​ទឹ​ក​ដោះគោ​ A ដូច​គ្នា​បែរ​ជា​ស្គម ​​ឬមិន​ឡើង​សាច់ ​​ឬក៏អាច​ទល់លាមក​ជាដើម​។ ​ដូច្នេះ ​ទារក ​B ​ត្រូវ​ផ្លាស់​ប្តូរម្ស៉ៅទឹក​​ដោះគោ​ទៅប្រើ​ប្រភេទមួយទៀត​ ដែល​ធ្វើអោយទារក​នោះមានការលូតលាស់ល្អត្រឹម​ត្រូវទៅ​តាមមា្រតដ្ឋាន​។  ​ដូច្នេះ​ម្តាយ​ឱពុក​គប្បី​សាកល្បងទឹក​ដោះ​ម្ស៉ៅប្រភេទណាមួយរហូត​ដល់​​រកបានប្រភេទ​ដែលសមស្របបំផុតស​ម្រាប់កូន​របស់ខ្លួ​ន​៕​  អត្ថបទ៖ ដេវីដ