​បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅ​បុក​ក្បាល​រ៉ូ​ប៊ី​ណេ​រដ្ឋាករទឹក​ស្វយ័ត​ដួល​សន្លប់​

​រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​ដួល​បែក​មុខ​បែក​មាត់ ខណៈ​ជិះ​ម៉ូតូ​​ទៅ​បុក​ក្បាល​រ៉ូ​ប៊ី​ណេបិទ​បើកទឹក​របស់​រដ្ឋាករទឹក​ស្វ​យ័​ត​ក្រុងភ្នំពេញ កាលពី​វេលា​​ម៉ោង​១០​និង៤៥​​នាទី​យប់​ថ្ងៃ​ទី៤​ ខែមករា ត្រង់​ចំណុច​​មុខ​ស្ថានីយប្រេងឥន្ធនៈ PTT  តាម​បណ្ដោយ​ផ្លូវ​2004 ភូមិ​បឹង​ឈូក​ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

​សាក្សី​នៅ​​​កន្លែង​កើតហេតុ​បានឱ្យ​​ដឹង​ថា ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ1E-6897 ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ក្នុង​ស្ថានភាព​​ស្រវឹង លុះ​មក​ដល់​ចំណុច​​កើតហេតុ​ដោយសារ​តែ​ទីតាំង​កន្លែង​នោះ​មាន​ជង្ហុក​​​ដែល​គេ​មិន​ទាន់​រៀបចំ​ឱ្យ​​ស្រួលបួល ​​និង​នៅ​ទីនោះ​ងងឹត​​ផង ​ទើប​បណ្ដាលឱ្យ​​ជន​រង​គ្រោះ​ធ្លាក់​ជង្ហុក​ដួល​ទៅ​បុក​នឹង​ក្បាល​រ៉ូ​ប៊ី​ណេ​បិទ​បើកទឹក​របស់​រដ្ឋាករ​ស្វយ័ត​ក្រុងភ្នំពេញ​ដួល​រ​ងរ​បួស​បែក​មុខមាត់​សន្លប់ ។

បើ​តាម​សម្ដី​អ្នក​រត់​ម៉ូតូឌុប​នៅ​ម្ដុំ​នោះ​បាន​ប្រាប់​ថា កន្លង​មក ​មាន​អ្នក​រង​គ្រោះជា​ច្រើន​នាក់ដែល​បង្ក​ឡើង​ដោយសារ​តែ​ធ្លាក់​ជង្ហុក​នៅ​ទីនោះ ហើយ​ពួក​គាត់​សូម​ឱ្យ​​ខាង​សាលា​រាជធានី​ភ្នំពេញ ​ជួយ​ពិនិត្យ​មើល​ផង មិន​ត្រឹមតែ​មាន​ជង្ហុក​ទេ​ថែម​ទាំង​ងងឹត​សូន្យសុង​ទៀត​ ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​គ្លីនិក​ឯកជន ​ឯ​ម៉ូតូ​​​ត្រូវ​បាន​សមត្ថកិច្ច​ចរាចរណ៍​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ដើម្បី​រង់​ចាំ​ម្ចាស់​មក​ទទួលយក​ទៅ​វិញ ៕