ខ្លោង​ទ្វារ​ទន្លេ​អុំត្រូវ​​ឆ្លាក់​ឡើង​វិញ​ ឧបត្ថម្ភ​ពី​សប្បុរសជន​

ខេត្តសៀមរាប ​៖ កាលពី​ថ្ងៃ​ទី​៤ ​មករា ​២០១៦​ នេះ ​ក្នុង​តំបន់​ឧទ្យាន​អង្គរ ត្រូវ​​​អ្នកជំនាញ​​នៃ​អាជ្ញាធរ​​ជាតិ​អប្សរា យក​​ព្រះ​កេស ដែល​​​​​ឆ្លាក់​រួចរាល់​ហើយ​​នោះ មក​ត​ភ្ជាប់​នឹង​ដងខ្លួននៃ​ចម្លាក់​ទេវតា​ទាញព្រ័ត្រ​ឡើង​វិញ ក្នុង​ន័យអភិរក្ស និង​លើក​តម្លៃ​មត​រក​បេតិក​ភណ្ឌ​ជាតិ​ ។ ចម្លាក់​ព្រះ​កេស​ទេវតា​ទាំង​៣​នេះ ស្ថិត​នៅ​ត្រង់​ចម្លាក់​ទេវតា​ទី​៦ ទី​១១ និង​ទី​២៩ ដែល​បាត់​ព្រះ​កេស តាំងពី​ក្នុង​ពេល​ដែល​ប្រទេស​ខ្មែរ កំពុង​ស្ថិត​នៅ​ក្នុង​សម័យ​ភ្លើងសង្គ្រាម​នៅឡើយ​។

អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ ជា​អ្នកសម្របសម្រួល​ការងារ​លោកទិន ទីណា នេះ បញ្ជាក់​ថា សប្បុរសជន​ខ្មែរ​២នាក់​ប្តី​-ប្រពន្ធ ព្រមទាំង​បុត្រាបុត្រី​បាន​ជួយ​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​ឱ្យ​ក្រុមការងារ​ជាង​ចម្លាក់នៅ​ភូមិ​អភិ​វឌ្ឍន៍ ភូមិ​ធម្មជាតិ​រុន​តា​ឯក ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ឆ្លាក់​ព្រះ​កេស​ទេវតា​ឡើង​វិញ ដោយ​ចំណាយ​ថវិកា​សរុប​អស់​ចំនួន​១.៨០០​ដុល្លារ​អា​មេ​រិ​ក​។​