Adidas មិន​សប្បាយ​ចិត្ត​នឹង​ទម្រង់​លេង​របស់ Man Utd


Adidas មិន​សប្បាយ​ចិត្ត​នឹង​ទម្រង់​លេង​របស់ Man Utd

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផ្គត់ផ្គង់សម្ភារៈ​​កីឡា​ដ៏​ធំ Adidas បាន​សំដែង​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ទម្រង់លេង​របស់ក្លិប Manchester United ដោយ​បាន​បញ្ជាក់​ថា​ការ​លេង​សព្វ​ថ្ងៃ​របស់​បិសាច​ក្រហម​មិនមែនជា​អ្វី​ដែល​ម្ចាស់​ឧបត្ថម្ភ​ចង់​ឃើញ​នោះ​ទេ។

 

ការ​​​លើក​ឡើង​ដូច្នេះ​ គឺ​ក្រោយ​ពី Adidas បាន​ចុះ​កិច្ច​ព្រមព្រៀង​ផ្គត់ផ្គង់​ឯកសណ្ឋាន Man Utd មាន​តម្លៃថ្លៃ​កប់​ពពក​ពោល​គឺ៧៥០លាន​ផោន​ក្នុង​រយៈពេល​១០ឆ្នាំ ឬ៧៥លាន​ផោន​ក្នុង​១ឆ្នាំ។

 

Adidas មិន​សប្បាយ​ចិត្ត​នឹង​ទម្រង់​លេង​របស់ Man Utd

 

លោក Herbert Hainer បាន​ប្រាប់​កាសែត Suddeutsche Zeitung របស់​អាល្លឺម៉ង់​ថា៖ “កិច្ច​សហការអាជីវកម្ម​ជាមួយ United គឺ​ដំណើរការ​យ៉ាង​ល្អ។ យើង​លក់​ឈុត​កីឡា​បាន​ជា​ច្រើន​លើស​ពី​ការ​រំពឹង​ទុក ប៉ុន្តែ​បញ្ហា​តែមួយ​នោះ​គឺការ​លេង​មិន​ល្អ​របស់​ពួក​គេ ដែល​មិន​មែន​ជារឿង​ដែល​ក្រុមហ៊ុន​ចង់​ឃើញ”។

 

ជ័យជម្នះ ២-១ លើ Swansea កាល​ពី​ថ្ងៃ​សៅរ៍​គឺជា​ការ​បាន​៣ពិន្ទុ​លើក​ដំបូង​ក្នុង​ប្រកួត ៩​លើក​ចុង​ក្រោយ ជា​កំណត់ត្រា​អាក្រក់​បំផុត​របស់ Manchester United ក្នុង​រយៈ​ពេល​២៦​ឆ្នាំ ដែល​ធ្វើ​ឲ្យ​លោក Louis van Gaal ត្រូវ​រង​ការ​រិះគន់​ពី​អ្នក​គាំទ្រ អតីត​កីឡាករ​របស់​ក្លិប និង​បណ្ដាញ​សារព័ត៌មាន​នានា។

 

ការ​លេង​មិនល្អ​នេះ​ធ្វើ​ឲ្យ​ក្រុម​ជើងឯក Premier League ២០សម័យកាល​បាន​ខ្ទាត​ចេញ​ពី​តំណែង Top 4 និង​វគ្គ​ជម្រុះ​តាម​ពូល​នៃ​ពានរង្វាន់​ទ្វីប​អឺរ៉ុប Champions League៕

 

អត្ថបទ​ទាក់ទង៖ Old Trafford ​​ជា​កន្លែង​​គួរ​ឱ្យ​ធុញ​​បំផុត​ សម្រាប់​ទស្សនា​ការ​ប្រកួត?

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ bbc