​ឃាតករ​​​វ័យជំទង់​​​​​​​​​​​ត្រូវ​​​​ចាប់​​​ខ្លួន​​​បាន​វិញ បន្ទាប់ពី​​​​រត់​​​គេច​ខ្លួន​​​​​ពី​​​បន្ទប់​​​​ឃុំឃាំង​​​របស់​នគរ​បាល​

ក្មេង​ជំទង់​ម្នាក់​​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​​​​​ពី​ថ្ងៃ​សៅរ៍​ពីបទ​​​កាប់​សម្លាប់​ក្មេង​ប្រុស​បី​នាក់​នឹង​កាំបិត​ផ្គាក់​​នៅ​​តំបន់​ដាច់​ស្រយាល​ក្នុង​ខេត្ត​​​សៀមរាប​​ ​បាន​​​​គេច​ខ្លួន​ពី​បន្ទប់​ឃុំ​ឃាំង​​នៅ​ស្នង​​ការដ្ឋាន​នគរ​បាល​ខេត្ត ដោយ​​ស្លៀក​តែលីអូ​​​​នៅ​​​​​​​ពេល​​​ព្រលឹម​ស្រាង​ៗ​​​កាលពី​ម្សិល​​​មិញ ប៉ុន្តែ​ត្រូវ​​ចាប់​ខ្លួន​បាន​វិញ​នៅ​ពេល​ល្ងាច​​​​​​​ឡើង​​។

លោក ថុង សុគន្ធ ​ស្នងការ​រង​ខេត្ត​​​សៀម​រាប​​​​​បាន​មាន​ប្រសាសន៍​ថា ​ជន​សង្ស័យ​​ ឆុន ឆេន ​​​អាយុ​១៧​ឆ្នាំ បាន​រត់​គេច​ខ្លួន​នៅ​វេលា​​​ម៉ោង​ប្រហែល​៥​និង​៣០​នាទី​ព្រឹក នៅ​ពេល​នគរ​បាល​ទាំង​១០​នាក់​​ដែល​ប្រចាំ​ការ​​នៅ​ទីនោះ​​នាំ​គ្នា​ទៅ​លុបលាង​​ខ្លួន​​​ដើម្បី​ប្រជុំជួរ​​​​​ដូច​​​សព្វ​​​មួយ​​​ដង​​​​​​កាល​​​ពី​​​ព្រឹក​​ថ្ងៃ​ច័ន្ទ​។ មន្ត្រី​នគរ​បាល​​​ទាំង​​​នោះ​​​​បាន​​ប្រចាំ​ការ​​​​តាំង​​ពី​ម៉ោង​១០ព្រឹក​​​កាល​​​ពី​​​ថ្ងៃ​អាទិត្យ​ ​ហើយ​ត្រូវ​​​​​ផ្លាស់​​​វេន​​​ប្រចាំ​​​ការ​​​​​នៅ​ម៉ោង​​៦​ព្រឹក។

ឧត្ដម​សេនីយ៍​ត្រី​​​​​​រូប​​​​​​​​នេះ​​​​​​​​មាន​​​ប្រសា​សន៍​​​ទៀត​​​​​​ថា “​ជន​សង្ស័យ​​បាន​ពត់​របារដែក​​​ឡើង​កោង ​ហើយ​រត់​គេច​ខ្លួន​​​បាត់ ​​ខណៈ​នគរ​បាល​​ទៅ​បន្ទប់​ទឹក​​ដើម្បី​​ត្រៀម​ខ្លួន​​សម្រាប់​ការ​ប្រជុំ​ជួរ​​​​​​​​​នៅ​​​​​​​​​ព្រឹក​​​​ថ្ងៃ​​​​ច័ន្ទ”។

​លោក​បាន​បន្ត​​​ថា បន្ទាប់ពី​​រត់​គេច​ខ្លួន​​ មន្ត្រី​​​នគរ​បាល​ស្លៀក​ពាក់​ស៊ីវិល​រាប់​សិប​នាក់​​​ដែល​​​​​​​ជួយ​​​ជ្រោម​​​ជ្រែង​​​​ដោយ​កងរាជ​​​អាវុធ​​​ហត្ថ​​​ត្រូវ ​បាន​ដាក់​​​ពង្រាយ​​ដើម្បី​​​ស្វែង​រក​​​​ក្មេង​ជំទង់​​​នេះ​​​​​ក្នុង​ក្រុង​សៀមរាប។ “យើង​បាន​បញ្ជូន​នគរ​បាល​​​​ស្លៀក​ពាក់​ស៊ីវិល​​​ចំនួន៦០​​​​​នាក់​​​​ដើម្បី​​រុក​រក​គ្រប់​​​វត្ត​អារាម ​ដីឡូតិ៍​ទំនេរ ចម្ការ​ និង​គ្រប់​ច្រក​​​​​​​​ល្ហក​​​ក្នុង​​​​ក្រុង​​​ដើម្បី​ស្វែង​រក​ជន​សង្ស័យ”។

​មន្ត្រី​​​នគរ​បាល​​​ក៏​​ត្រូវ​បាន​បញ្ជូន​​​ទៅ​​​ឲ្យ​​​​​ជូន​ដំណឹង​​​​ដល់​​​ប្រជាពលរដ្ឋ​ពី​ផ្ទះមួយ​ទៅ​ផ្ទះ​​​មួយ​​​​​​អំពីអ្នក​ទោស​រត់​គេច​ខ្លួន​រូប​នេះ​ផង​ដែរ​ ដោយ​​​ជំរុញ​ឲ្យ​ពួកគាត់​ប្រាប់​នគរ​បាល​​ ប្រសិន​បើ​​​ប្រទះ​​ឃើញ​ជន​នេះ។ រយៈ​ពេល​១២​ម៉ោង​ក្រោយ​មក ​មនុស្ស​ម្នាក់​បាន​ទូរស័ព្ទ​​​​ប្រាប់​​​នគរ​បាល នៅ​ពេល​​ ឆុន ឆេន ​ដែល​​​​ស្លៀក​​​តែ​​​​​​លីអូ​​​​​នៅ​​​ឡើយ ​​​និង​​​ដែល​​​​​​កំពុង​​​​​ស្រេក​​​ឃ្លាន ​បាន​ចេញ​ពី​តំបន់​ព្រៃ​​មួយ​​ស្ថិត​​នៅ​ចម្ងាយ​​ត្រឹម​តែ​៧០០​​​ម៉ែត្រ​​ពី​ស្នងការដ្ឋាន​​។

​​លោក ថុង សុគន្ធ ​បាន​លើក​​​ឡើង​​​​ទៀត​ថា ”​ពេល​នេះ​នគរ​​បាល​​បាន​​​​ឲ្យ​​​អាហារ និង​ទឹក​ផឹក​​​ទៅវា និង​​​បាន​ផ្លាស់​ប្ដូរ​បន្ទប់​ឃុំឃាំង​​វា​​​​​ហើយ​​​” ​​​ ហើយ ឆុន ឆេន នឹង​ត្រូវ​បញ្ជូន​ខ្លួន​​​​ទៅ​​​​សាលា​ដំបូង​ខេត្ត​សៀមរាប​​​​នៅ​​​ថ្ងៃ​​​ស្អែក​។ ​ម៉្លេះ​​​ជន​សង្ស័យ​​​​​​​ត្រូវ​​​​​​នគរ​​​បាល​​​​​​ដាក់​ខ្នោះ​ដៃ​ក្នុង​មន្ទីរ​ឃុំឃាំង​​​​​បាត់​​​ទៅ​​​ហើយ ​​​បើ​​​កុំតែ​​​​មាន​​​​ពាក្យ​បណ្ដឹង​​​​​​របស់​​អង្គការ​សិទ្ធិ​មនុស្ស​​​​ក្នុង​មូលដ្ឋាន​។

“​ដូច្នេះ​​​ហើយ យើង​ក៏ឈប់​​ដាក់​​ខ្នោះ​ជន​សង្ស័យ ហើយ​គ្រាន់​តែ​​​ស្រាត​​​ខោអាវ​​​​​​ចេញ​​​ទុក​តែ​ខោលីអូ​​​​ប៉ុណ្ណោះ​​​”។

​ឧត្តម​សេនីយ៍​រូប​នេះ​​​​​​​​មាន​​​ប្រសាសន៍​​​​​​​​​​​​​​​បន្ត​​​ថា លោក​ និង​ព្រះរាជអាជ្ញា​​​​មួយ​​​រូប​​​​ដែល​លោក​មិន​​​បញ្ចេញ​ឈ្មោះ ​បាន​​ទៅ​ពិនិត្យ​មើល​បន្ទប់​ឃុឃាំង​នៅ​ស្នងការដ្ឋាន​​​​កាលពី​ម្សិលមិញ ហើយ​​​ឃើញ​ថា របារ​​​​ដែក​បញ្ឈរ​ពី​លើ​ទ្វារ​​​បន្ទប់​​​​​​ឃុំឃាំង​ ឆុន ឆេន ​​កម្ពស់​ប្រហែល​កន្លះ​ម៉ែត្រ​​​​សម្រាប់​​​ឲ្យ​​​​ខ្យល់​ចេញ​ចូល​ បាន​កោង​ចំណែក​​​ឯ​មេសោ​​​ចំនួន​បី​​នៅ​ជាប់​ទ្វារ​​គឺ​នៅ​ល្អ​ដដែល​។ ​​​​លោក​​​បាន​​​គូស​​​បញ្ជាក់​​​ថា ​​មន្ត្រី​នគរ​បាល​​​​​​​ទាំង១០​​​នាក់​​​ដែល​​​ប្រចាំ​​​ការ​​​​​​​​នៅ​​​ពេល​​​កើត​​​មាន​​​ការ​​​​រត់​​​គេច​ខ្លួន​​​​នេះ ​​​នឹង​​​ត្រូវ​ទទួល​​ទណ្ឌកម្ម​​យោង​ទៅ​តាម​នីតិវិធី​​ដាក់​វិន័យ​ផ្ទៃ​ក្នុង​។

​​នគរ​បាល​និយាយ​ថា ឆុន ឆេន ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្ទះ​របស់​ខ្លួន​​ក្នុង​​ស្រុក​អង្គរជុំ ​កាល​ពី​ថ្ងៃ​សៅរ៍​ ពោល​គឺ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ប្រើ​កាំបិត​ផ្គាក់​​​​កាប់​សម្លាប់​​​ក្មេង​ប្រុស​បីនាក់​​ដែល​​​​​​​​មាន​​​អាយុ​៨ឆ្នាំ ១៣ឆ្នាំ និង​១៦​ឆ្នាំ​ ហើយ​​​​ប្លន់​​​យក​​ម៉ូតូ​ហុង​ដា​ឌ្រីម​​ស៊េរី​ឆ្នាំ​២០១១​​មួយ​គ្រឿង​​​ដែល​​ជន​រងគ្រោះជិះ​។

​​នគរ​​​បាល​​​​​​​​​បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា ក្មេង​ប្រុស​អាយុ​បង​គេ​​ឈ្មោះ ម៉ិច កញ្ញា ទំនង​​​​ជា​គោល​ដៅ​​នៃ​ការ​វាយ​ប្រហារ​​​​​​​​​ដោយ​សារ​​​​​​ស្រឡាញ់​នារី​វ័យ​ក្មេង​ម្នាក់​​ដែល ឆុន​ ឆេន ស្រឡាញ់​​​ខ្លាំង ហើយក្មេង​ជំទង់​រូប​នេះ​បាន​សារភាព​​​ថា​ខ្លួន​ពិត​ជា​បាន​ប្រព្រឹត្ត​បទ​ល្មើស​​​កាលពី​ថ្ងៃ​អាទិត្យ​​​​នេះ​​​​​មែន​​​។

​​យោង​តាម​​លោក កែម ខាំ​ ដែល​ជាមេឃុំ​បាន​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​ឃុំ​គោកដូង ស្រុក​អង្គរ​ជុំ ​​កាលពី​ម្សិលមិញ ​​​គ្រួសារ​​​របស់​ជន​រង​គ្រោះ​ទាំង​បី​នាក់​​​ទទួល​បាន​​​ដំណឹង​​អំពី​ការ​រត់​គេច​​​ខ្លួន​​​នេះ​​​ ខណៈ​​​ពេល​​​ពួក​​​គាត់​​​កំពុង​ធ្វើ​ពិធី​បុណ្យ​​​​សព​​​​​។ ”​ពេល​នេះ​​អ្នក​ភូមិ​របស់​យើង​​​​​ភ័យ​​​ខ្លាច​​​​​​មិន​​​ហា៊ន​ទៅ​ចម្ការ​ដំឡូង​មី​របស់​​​​ពួកគាត់​​​​ទេ ​ព្រោះ​វានៅ​ជិត​កន្លែង​ដែល​​​ឃាតករ​​​ ​សម្លាប់​​​ក្មេង​ប្រុស​ទាំង​បី​នាក់​នោះ​។ ពួកគាត់​ភ័យ​​​តក់​ស្លុត​​ ហើយ​​​បាន​​​​សួរ​ថា យ៉ាង​ម៉េច​បាន​រត់​រួច​?”៕សុខុម​​​​​​​​​​​​​​

The post ​ឃាតករ​​​វ័យជំទង់​​​​​​​​​​​ត្រូវ​​​​ចាប់​​​ខ្លួន​​​បាន​វិញ បន្ទាប់ពី​​​​រត់​​​គេច​ខ្លួន​​​​​ពី​​​បន្ទប់​​​​ឃុំឃាំង​​​របស់​នគរ​បាល​ appeared first on ខេមបូឌា ដេលី.