ទិន​ហ្វី ពី​ក្មេង​លួច​លុយ​​ក្លាយ​ជា​ស្ដេច​កំប្លែង​ហុងកុង

ទិន​ហ្វី ពី​ក្មេង​លួច​លុយ​​ក្លាយ​ជា​ស្ដេច​កំប្លែង​ហុងកុង

ទិន ហ្វី ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា ជា​តារា​មិន​ចេះ​និយាយ​ច្រើន គ្មាន​មិត្តភ័ក្ដិ ចរិត​ក្រអឺតក្រទម ប៉ុន្តែ​នៅ​ក្នុង​វិស័យ​ភាពយន្ត​វិញ អាច​និយាយ​បាន​ថា​គ្មាន​តារា​រូប​ណា​អាច​វ៉ា​មុខ​បាន​សម្រាប់​អ្វី​ដែល​លោក​ធ្លាប់​សាង​បាន​នោះ​ទេ។

 

ទិន​ហ្វី ពី​ក្មេង​លួច​លុយ​​ក្លាយ​ជា​ស្ដេច​កំប្លែង​ហុងកុង

 

Stephen Chow ដែល​ត្រូវ​បាន​ទស្សនិកជន​ខ្មែរ​ស្គាល់​តាម​រយៈ​រហស្សនាម ទិន ហ្វី មាន​ឈ្មោះ​ពិត​ថា Chow Sing Chi កើត​នៅ​ថ្ងៃ​ទី ២២ ខែ​មិថុនា ឆ្នាំ ១៩៦២។ គ្រួសារ​របស់​លោក​មាន​ដើម​កំណើត​នៅ​ចិន​ដី​គោក​បន្ទាប់​មក​បាន​ធ្វើ​អន្តោប្រវេសន្ត​មក​ទីក្រុង​ហុងកុង។ កាល​ពី​កុមារភាព ទិន ហ្វី​រស់​នៅ​ក្នុង​តំបន់​អានាធិបតេយ្យ​មួយ ពេល​មាន​អាយុ ៧​ឆ្នាំ ឪពុក​ម្ដាយ​លែង​លះ​គ្នា លោក​រស់​នៅ​ជាមួយ​ម្ដាយ អ្នក​ស្រី Lin Bo Yee ជាមួយ​នឹង​ប្អូន​ស្រី។ ឡើង​ដល់​ថ្នាក់​អនុវិទ្យាល័យ ក្មេង​ជំទង់​រូប​នេះ​បាន​បោះ​បង់​ចោល​ការ​សិក្សា​ដើម្បី​ស្វែង​រក​ការងារ​ធ្វើ។

 

​ការ​ចង​ចាំ​នូវ​កុមារ​ភាព​ដែល​ពោរ​ពេញ​ទៅ​ដោយ​ទុក្ខ​លំបាក​វេទនា​ត្រូវ​បាន​តារា​សម្ដែង​រូប​នេះ​រំលឹក​ឡើង​វិញ​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ។ ម្ដាយ​របស់​លោក​តែង​តែ​ទុក​របស់​ដែល​ឆ្ងាញ់​បំផុត​ឲ្យ​កូន​ៗ។ នៅ​ពេល​កូន​ៗ​ញ៉ាំ​ហើយ​ទៅ​គាត់​លួច​ញ៉ាំ​ម្ហូប​ដែល​នៅ​សេស​សល់​ពី​ពួក​គេ។ មាន​គ្រា​មួយ Sing Chi បាន​ធ្វើ​ពុត​ជា​ជ្រុះ​ភ្លៅ​មាន់​ចុះ​ដី ​ក្រោយ​មក​ប្រាប់​ថា​ខ្ពើម​មិន​ញ៉ាំ​ព្រោះ​ប្រឡាក់​ដី។ Chi Sing ប្រាប់​ថា​នោះ​គឺ​ជា​វិធី​តែ​មួយ​គត់​ដែល​លោក​អាច​ទុក​សាច់​មាន់​​ឲ្យ​អ្នក​មាន​គុណ​ខ្លួន​ពិសា​បាន។

 

មាន​ម្ដង​នោះ ទិន ហ្វី​បាន​លួច​លុយ​របស់​ម្ដាយ ៥០ សេន​ដើម្បី​ទិញ​របស់​លេង។ “នៅ​ពេល​នោះ ៥០ សេន​គឺ​ច្រើន​ខ្លាំង​ណាស់ ​អាច​ទិញ​ម្ហូប​​ឲ្យ​គ្រួសារ​បាន​ពេញ​១​ខែ។ ម៉ាក់​ខ្ញុំ​បាន​រត់​រក​គ្រប់​ទី​កន្លែង ហើយ​វាយ​​ខ្ញុំ​ឲ្យ​សារភាព តែ​ខ្ញុំ​មិន​ទទួល​ថា​ខ្លួន​លួច​​ទេ​ដោយ​បាន​ប្រកែក​យក​​ស្លាប់​រស់។ នៅ​ទី​បំផុត ម៉ាក់​ស្មាន​ថា​បាត់​មែន​ទែន។ នៅ​ពេល​នោះ​ខ្ញុំ​ឃើញ​គាត់​អង្គុយ​នៅ​មួយ​កន្លែង​នៅ​ក្នុង​បន្ទប់​ងងឹត​ បន្ទោស​ខ្លួន​ឯង តែ​ខ្ញុំ​នៅ​តែ​លាក់​លុយ​នោះ ​ព្រោះ​បើ​ខ្ញុំ​ហ៊ាន​យក​ចេញ​ប្រាកដ​ជា​ត្រូវ​វ៉ៃ​បន្ថែម​ទៀត។ មក​ដល់​ពេល​នេះ នឹក​ឃើញ​ដល់​រឿង​នោះ​ ខ្ញុំ​នៅ​តែ​ឈឺ​ចាប់​នៅ​ឡើយ ហេតុ​អី​បាន​ជា​ខ្ញុំ​ហ៊ាន​ធ្វើ​រឿង​បែប​នោះ។ ក្រោយ​មក​ខ្ញុំ​បាន​ទៅ​ទិញ​របស់​លេង​ដែល​ខ្ញុំ​ចូល​ចិត្ត​តែ​មិន​ហ៊ាន​យក​មក​ផ្ទះ​ទេ​គឺ​ទុក​នៅ​ផ្ទះ​មិត្តភ័ក្ដិ។

 

ទិន​ហ្វី ពី​ក្មេង​លួច​លុយ​​ក្លាយ​ជា​ស្ដេច​កំប្លែង​ហុងកុង

 

ល្បែង​កម្សាន្ត​ជាមួយ​ក្រុម​ក្មេង​ក្រីក្រ​នៅ​ម្ដុំ​ផ្ទះ​របស់​ខ្លួន​ធ្វើ​ឲ្យ Stephen Chow ចង​ចាំ​មិន​អាច​បំភ្លេច​បាន។ “កាល​នោះ​ពួក​ខ្ញុំ​លេង​ល្បែង​វាយ​កន្លាត។ មិត្ត​ម្នាក់​បាន​វាយ​កន្លាត​ដោយ​ដៃ​ផ្ទាល់​ទាំង​មិន​ប្រើ​ស្បែក​ជើង ខ្ញុំ​គិត​ថា​គាត់​ពិត​ជា​ក្លាហាន​ខ្លាំង​ណាស់​ហើយ​បាន​យក​គាត់​ជា​និមិត្តរូប។ លេង​វាយ​កន្លាត​ជា​មួយ​គាត់​ពិត​ជា​សប្បាយ”។

 

ធំ​ជាង​នោះ​បន្តិច ទិន ហ្វី ចាប់​ផ្ដើម​ជក់​មើល​រឿង ជា​ពិសេស​គឺ​រឿង​របស់ លី ស៊ាវ​ឡុង។ នេះ​ក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ក្មេង​ប្រុស​រូប​នេះ​មាន​បំណង​ចង់​ក្លាយ​ជា​តារា​សម្ដែង​ផង​ដែរ។

 

ដើម​ទសវត្ស​ឆ្នាំ ១៩៨០ Sing Chi បាន​បបួល​មិត្តភ័ក្ដិ​របស់​ខ្លួនគឺ​​កំពូល​តារា​សម្ដែង Leung Chiv Wai ចូល​រួម​វគ្គ​បណ្ដុះ​បណ្ដាល​តារា​សម្ដែង​របស់​ប៉ុស្តិ៍ TVB។ ដើម្បី​ឲ្យ Chiv Wai ងក់​ក្បាល​ព្រម​ទៅ ក្មេង​ជំទង់​រូប​នេះ​បាន​និយាយ​ពាក្យ​ផ្អែម​ល្ហែម​ថា​បើ​ល្បី​ឈ្មោះ​ជីវិត​របស់​ពួក​គេ​នឹង​លែង​​វេទនា​ទៀត​ហើយ។ យ៉ាងណាមិញ នៅ​ពេល​ទៅ​ប្រលង Leung Chiv Wai ជាប់​ឯ Chow Sing Chi ធ្លាក់។ ក្រោយ​មក​លោក​បាន​ប្រលង​ជា​ច្រើន​ដង​ទៀត​ទើប​បាន​គេ​ទទួល​យក ចាប់​ពី​ពេល​នោះ​ទៅ​លោក​ចាប់​ផ្ដើម​ដើរ​តួ​កំប៉ិកកំប៉ុក​ឲ្យ TVB។​

 

ទិន​ហ្វី ពី​ក្មេង​លួច​លុយ​​ក្លាយ​ជា​ស្ដេច​កំប្លែង​ហុងកុង

 

ចាប់​ពី​ពាក់​កណ្ដាល​ទសវត្ស​ឆ្នាំ ១៩៨០ ទៅ នៅ​ពេល​ដែល​តារា​សម្ដែង​វ័យ​ក្មេង Leung Chiv Wai ចាប់​ផ្ដើម​ត្រូវ​បាន​គេ​ស្គាល់​មុខ បាន​ដើរ​តួ​ឯក​ក្នុង​រឿង​ល្បី​ៗ ទិន ហ្វី នៅ​តែ​ជន​គ្មាន​អ្នក​ណា​ស្គាល់​មុខ ​បាន​ត្រឹម​ដើរ​តួ​កំប៉ិក​កំប៉ុក​ដូច​ជា ចោរ​ឆក់ ចោរ​ប្លន់ ពួក​សង្គម​ងងឹត ឬ​រឹត​តែ​អាណោចអាធ័ម​ជាង​នេះ​ទៅ​​ទៀត​នោះ​គឺ​ដើរ​តួ​សាកសព​ដេក​មួយ​កន្លែង​​ជា​ដើម។ រហូត​ដល់​ឆ្នាំ ១៩៨៨ Stephen Chow ​បង្ក​បាន​ការ​ចាប់​អារម្មណ៍​​នៅ​ពេល​ដើរ​តួ​ក្រុម​សង្គម​ងងឹត​ក្នុង​រឿង “Final Justice”។ ភាពយន្ត​មួយ​នេះ​បាន​នាំ​មក​នូវ​ពាន​រង្វាន់​ទី​១​​ក្នុង​ជីវិត​ឲ្យ​លោក​គឺ “តួ​អង្គ​រង​ល្អ​បំផុត” ក្នុង​កម្មវិធី​ប្រគល់​ប្រចាំ​ឆ្នាំ Golden Horse។ ចាប់​ពី​នោះ​មក អ្នក​ដឹក​នាំ​បាន​មើល​មក​ ទិន ហ្វី ក្នុង​កែវ​ភ្នែក​ផ្សេង​មួយ​ទៀត ហើយ​ផ្ដល់​ឱកាស​ឲ្យ​លោក​បាន​ដើរ​តួ​អង្គ​សំខាន់។​​​

 

ឆ្នាំ ១៩៩០ Stephen Chow បាន​ដើរ​តួ​ឯក​ក្នុង​រឿង “All For The Winner”។ ភាពយន្ត​មួយ​នេះ​គឺ​ជា​រឿង​កំប្លែង​ដែល​ធ្វើ​តាម​រឿង “ស្ដេច​ល្បែង” ដែល​កំពូល​តារា​សម្ដែង Chow Yun Fat ដើរ​តួ​ឯក។ នៅ​ពេល​ចេញ​ចាក់​ផ្សាយ រឿង​នេះ​ទទួល​បាន​ជោគជ័យ​ហួស​ពី​ការ​រំពឹង​ទុក បំបែក​កំណត់​ត្រា​វិស័យ​ភាពយន្ត​ហុងកុង។ ជា​លើក​ទី​១ ទិន ហ្វី​ ត្រូវ​បាន​ជាប់​ជា​បេក្ខភាព “តារា​សម្ដែង​ប្រុស​ល្អ​ដាច់​គេ” ក្នុង​កម្មវិធី​ប្រគល់​ធំ​ជាង​គេ Golden Statue។

 

ឆ្នាំ ១៩៩២ Stephen Chow បាន​សម្ដែង​តួ​ឯក​ក្នុង​ភាពយន្ត​ចំនួន​ ៧ រឿង ដែល​នៅ​ក្នុង​នោះ​មាន​រហូត​ដល់​ទៅ ៥ រឿង​ដែល​ជាប់​ឈ្មោះ​ក្នុង​តារាង​ភាពយន្ត​រក​លុយ​បាន​ច្រើន​ជាង​គេ​ប្រចាំ​ឆ្នាំ។ នេះ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ឆ្នាំ​ដែល​ ទិន ហ្វី ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​បំផុត។

 

ឆ្នាំ ១៩៩៣ “និស្សិត​ផ្ដាច់​សង្ខារ​” របស់ ទិន ហ្វី ជាប់​ឈ្មោះ​ជា​ភាពយន្ត​រក​លុយ​បាន​ច្រើន​ជាង​គេ​នៅ​ហុងកុង។ មួយ​ឆ្នាំ​ក្រោយ​មក Stephen Chow ទទួល​យក​តួនាទី​ថ្មី​មួយ​ទៀត​គឺ​អ្នក​ដឹក​នាំ​រឿង​ ដែល​ក្លាយ​ជា​​ទំព័រ​ថ្មី​ផ្សេង​ទៀត​នៅ​ក្នុង​អាជីព​របស់​ខ្លួន។

 

ទិន​ហ្វី ពី​ក្មេង​លួច​លុយ​​ក្លាយ​ជា​ស្ដេច​កំប្លែង​ហុងកុង

 

ឆ្នាំ​ក្រោយ​ៗ​មក​ទៀត ស្ដេច​កំប្លែង​រូប​នេះ​​ទទួល​បាន​ជោគជ័យ​ជា​​បន្ត​បន្ទាប់តាម​រយៈ​​ភាពយន្ត​ដូច​ជា “០០៧” “ស្ដេច​ស្វា​ស៊ុន​អ៊ូ​ខុង” “ស្ដេច​ចុងភៅ​ទិនហ្វី” និង “ក្រុម​បាល់​ទាត់​សៅលិញ” ​ជា​ដើម។ ឆ្នាំ ២០១១ “ក្រុម​បាល់​ទាត់​សៅលិញ” ត្រូវ​បាន​ទស្សនាវដ្ដី Time ជ្រើស​រើស​ជា​ភាពយន្ត​១​ក្នុង​ចំណោម​ភាពយន្ត​ទាំង ២៥ ល្អ​ផ្ដាច់​គេ​ក្នុង​ពិភពលោក។

 

ឆ្នាំ ២០០៥ ទិន ហ្វី​បាន​បំបែក​កំណត់​ត្រា​របស់​ខ្លួន​​ឯង​តាម​រយ់ៈ​​រឿង​ “ពូថៅ​ហោះ”។ ភាពយន្ត​មួយ​នេះ​បាន​ដណ្ដើម​បាន​ពាន “ភាពយន្ត​ល្អ​ដាច់​គេ” “អ្នក​ដឹក​នាំ​រឿង​ឆ្នើម​ជាង​គេ” ក្នុង​កម្មវិធី “Golden Horse”។ ជាង​នេះ​ទៅ​ទៀត វា​ត្រូវ​បាន​ជាប់​ជា​បេក្ខភាព​ក្នុង​ការ​ប្រគល់​រង្វាន់ “Golden Globe” របស់​អាមេរិក​ខាង​ផ្នែក “ភាពយន្ត​និយាយ​ភាសា​បរទេស​ល្អ​ជាង​គេ”។ វណ្ណកម្ម​មួយ​នេះ​ក៏​ជាប់​ឈ្មោះ​ក្នុង​តារាង​ភាពយន្ត​ឆ្នើម​ទាំង​១០​ជ្រើស​រើស​ដោយ​អ្នក​ជំនាញ Richard Corliss របស់​ទស្សនាវដ្ដី Time ផង​ដែរ។ មក​ដល់​ឆ្នាំ ២០១៣ ភាពយន្ត “Journey to the West: Conquering the Demons” ដែល​ដឹក​នាំ​សម្ដែង​ដោយ Stephen Chow បាន​បំបែក​ឯកត្តកម្ម​​​​ជា​ច្រើន​នៅ​ចិន​ដី​គោក។

 

ទិន​ហ្វី ពី​ក្មេង​លួច​លុយ​​ក្លាយ​ជា​ស្ដេច​កំប្លែង​ហុងកុង

 

ក្នុង​អាជីព ៣០ ឆ្នាំ​ដឹក​នាំ​រឿង​របស់​ខ្លួន ទិន ហ្វី បាន​កសាង​តំណែង​ដ៏​សំខាន់​១​នៅ​ក្នុង​វិស័យ​ភាពយន្ត​ចិន។ លោក​ត្រូវ​បាន​គេ​ដាក់​ងារ​ឲ្យ​ថា​ជា​ស្ដេច​កំប្លែង​ហុងកុង​ដែល​រឿង​របស់​លោក​គឺ​គ្មាន​ដើម​ហើយ​ក៏​គ្មាន​ទី​បញ្ចប់។ កំពូល​អ្នក​ដឹក​នាំ​រឿង​ Ang Lee ធ្លាប់​ប្រកាស​ថា៖ “បើ​សិន​ជា Chow Sing Chi ផលិត​រឿង​កំប្លែង ខ្ញុំ​ស្ម័គ្រ​ចិត្ត​ធ្វើ​តារា​សម្ដែង​របស់​គាត់”។

 

ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​មនុស្ស​ដែល​ពោរពេញ​ទៅ​ដោយ​ទេពកោសល្យ តែ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ទិន ហ្វី និយាយ​តិច មិន​សូវ​មាន​មិត្តភ័ក្ដិ ជីវិត​ឯកជន​ក៏​បិទ​ជិត។ សាមីខ្លួន​ផ្ទាល់​​ក៏​ទទួល​ស្គាល់​ថា​មិត្ត​រួម​ការងារ​ភាគ​ច្រើន​មិន​ចូល​ចិត្ត​លោក។

 

ទិន​ហ្វី ពី​ក្មេង​លួច​លុយ​​ក្លាយ​ជា​ស្ដេច​កំប្លែង​ហុងកុង

 

បើ​ទោះ​ជា​ដូច្នេះ​មែន គេ​មិន​អាច​បដិសេធ​បាន​នូវ​ការ​លះបង់​របស់​តារា​សម្ដែង​ត្រកូល Chow ចំពោះ​វិស័យ​ភាពយន្ត​ចិន​នោះ​ទេ។ ថ្មី​ៗ​នេះ នៅ​ពេល​ត្រូវ​គេ​អញ្ជើញ​ឲ្យ​បញ្ចេញ​មតិ​ពី ទិន ហ្វី តារា​សម្ដែង Carina Lau បាន​និយាយ​ថា៖ “គាត់​ពិត​ជា​មនុស្ស​ចម្លែក ពាក់​ម៉ាស​ទៅ​សម្ពោធ​រឿង មួយ​ថ្ងៃ​ៗ​គិត​តែ​ពី​ជិះ​កង់​គ្រប់​ទី​កន្លែង សក់​ក្បាល​ស្កូវ​អស់​ហើយ​ក៏​នៅ​តែ​មិន​ខ្វល់។ គាត់​ជា​មនុស្ស​ពិសេស​ម្នាក់ គ្រប់​គំនិត​ឆ្កួត​ៗ​ទាំង​អស់​នៅ​ពេល​បញ្ចូល​ក្នុង​រឿង​របស់​គាត់​បែរ​ក្លាយ​ទៅ​ជា​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍”៕

 

ចុចអាន៖អតីត​​មិត្ត​ស្រី​ទម្លាយ​ហេតុផល​​ចែក​ផ្លូវ​ជាមួយ ទិនហ្

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖vnexpress