ស្លាប់​២​នាក់​របួសធ្ងន់​ម្នាក់​ដោយសារ​រថយន្ត​ធុន​ធំ​បុក ហើយ​កិន​២​លើក​នៅ​ស្រុក​ក្រគរ

​ខេត្តពោធិ៍សាត់​៖​យ៉ាងហោចណាស់​មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​និង​ម្នាក់ទៀត កំពុងស្ថិត​ក្នុងការ​សង្គ្រោះ​បន្ទាន់​ដោយសារ​រថយន្ត​ធុន​ធំ​បុក​ម៉ូតូ​២ លើក​ផ្សេងគ្នា​ក្នុង​ថ្ងៃ​តែមួយ​ដែល​ហេតុការណ៍​នេះ កើតឡើង​នៅក្នុង​ស្រុក​ក្រគរ ។

​    ​តាម​ប្រភពពី​សមត្ថកិច្ច​នគរបាល​ស្រុក​ក្រគរ​បានឱ្យដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក ថ្ងៃទី​០៥ ខែមករា​នេះ​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំនួន ២​លើក បណ្ដាលឱ្យ​មនុស្ស ២​នាក់​ស្លាប់​ដោយ​រថយន្ត​កិន​បែកខ្ទេច​ខ្លួនប្រាណ និង​ម្នាក់ទៀត​រងរបួស​យ៉ាងធ្ងន់ធ្ងរ ។

​    ​ប្រភព បន្តថា គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ខាងលើ លើក​ទី​១ បាន​កើតឡើង​នៅវេលា​ម៉ោង ១៥​និង​២០​នាទី ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៥៧.១៥៨ ស្ថិតក្នុង​ភូមិ​ទទឹង ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បង្កឡើង​រវាង​រថយន្ត​ធុន​ធំ​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស​ឆ្នូត​លឿង ពាក់​ផ្លាកលេខ ភ្នំពេញ 3C-8341 បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះដល់​ចំណុច​ខាងលើ បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ស៊ុយ​សឺ​គី​វីវ៉ា ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ បាត់ដំបង 1B-6199 ពេញទំហឹង​ខណៈ​កំពុងធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា បណ្ដាលឱ្យ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ឈិន ម៉ៅ ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​កន្ទួត ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ រងរបួស​ធ្ងន់​កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តពោធិ៍សាត់ ចំណែក​អ្នកបើកបរ​រថយន្តរ​ត់​គេចខ្លួន ។

​    ​ប្រភព បន្តទៀតថា លុះដល់​ម៉ោង ២១​និង​៣០​នាទី ថ្ងៃខែ​ដដែល​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៥៥.១៥៦ ស្ថិតក្នុង​ភូមិ​ប៉​ប៉ិត ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយលើកទៀត​រវាង​រថ​យន្ត​ធុន​ធំ​ម៉ាក VIVO ពណ៌​ស គ្មាន​ផ្លាកលេខ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះដល់​ចំណុចកើតហេតុ​បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ក្រហម​គ្មាន​ផ្លាកលេខ បណ្ដាលឱ្យ​ភាគី​ម្ចាស់​ម៉ូតូ និង​អ្នករួមដំណើរ​ទាំង ២​នាក់ ស្លាប់​ភ្លាមៗ​ដោយ​រថយន្ត​កិន​ពីលើ​បែក​ខ្លួនប្រាណ​ខ្ទេច​តែម្តង ខណៈ​ម៉ូតូ​កំពុងបើក​ឆ្លងផ្លូវ អ្នកបើកបរ​រថយន្ត​បង្ក​ឃើញ​ហេតុការណ៍​ដ៏​រន្ធត់​បែបនេះ​ក៏បាន​រត់​គេ​ខ្លួន បាត់ស្រមោល ។

​    ​ប្រភព បញ្ជាក់ទៀតថា ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ទី​១-​ឈ្មោះ ខន រតនា ភេទ​ប្រុស អាយុ ២២​ឆ្នាំ និង​ទី​២-​ឈ្មោះ ជុំ រ័ត្ន ភេទ​ប្រុស អាយុ ២១​ឆ្នាំ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ សមត្ថកិច្ច​បានប្រគល់​សាកសព​ឱ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​វត្ថុតាង​សមត្ថកិច្ច​បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ក្រគរ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​៕

ស្លាប់​២​នាក់​របួសធ្ងន់​ម្នាក់​ដោយសារ​រថយន្ត​ធុន​ធំ​បុក ហើយ​កិន​២​លើក​នៅ​ស្រុក​ក្រគរ
ស្លាប់​២​នាក់​របួសធ្ងន់​ម្នាក់​ដោយសារ​រថយន្ត​ធុន​ធំ​បុក ហើយ​កិន​២​លើក​នៅ​ស្រុក​ក្រគរ
ស្លាប់​២​នាក់​របួសធ្ងន់​ម្នាក់​ដោយសារ​រថយន្ត​ធុន​ធំ​បុក ហើយ​កិន​២​លើក​នៅ​ស្រុក​ក្រគរ