ការ​តវ៉ា​របស់​ជនជាតិ​ដើម​ភាគតិច​កួយ​រឿង​ដីធ្លី ប្រឆាំង​ក្រុមហ៊ុន​ដាំ​អំពៅ រក​ឃើញ​ដំណោះស្រាយ

ខេត្តព្រះវិហារ ៖ ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​កួយ មក​ពី​ភូមិ​ប្រមេរ ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ប្រមាណ​២៧០​គ្រួសារ ដែល​បាន​នាំ​គ្នា​មក​តវ៉ា​មុខ​សាលាខេត្ត​យ៉ាង​ត្រាំត្រែង​មួ​យស​ប្តា​ហ៍​កន្លង​មក​ហើយ​ដើម្បី​រក​ដំណោះស្រាយ​ពី​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឡាន​ហ្វេ​ង ដាំ​ដំណាំ​អំពៅ​ផលិត​ស្ករស ហើយ​បាន​ឈូស​ឆាយ​ប៉ះពាល់​ដីស្រែ​ចម្ការ​របស់​ពួក​គាត់​កន្លង​ទៅ​នោះ មក​ដល់​ពេល​នេះ​មាន​ដំណោះស្រាយ​ហើយដោយ​អាជ្ញាធរ​ខេត្ត​បាន​ព្រមព្រៀង​គ្នា​ចំនួន​៥​ចំណុច ។

ការ​តវ៉ា​និង​ដាក់​ញត្តិ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​កួយ​នេះ​មាន​តាំងពី​ថ្ងៃ​ទី​២៨ ធ្នូ ឆ្នាំ​២០១៥​កន្លង​ទៅ​ម្ល៉េះ ។ មក​ដល់​ពេល​នេះ អភិបាល​ខេត្តព្រះវិហារ លោក អ៊ុំ ម៉ា​រ៉ា បាន​កោះហៅ​តំណាង​ពលរដ្ឋ​អ្នក​តវ៉ា​ប្រមាណ​៣០​គ្រួសារ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​រក​ដំណោះស្រាយ​ដែល​សម​ស្រប​អាច​ទទួលយក​បាន​ទាំងអស់​គ្នា​នៅ​ថ្ងៃ​ទី​៤ មក​រា ។

ជាមួយ​គ្នា​នេះ​អ្នក​តវ៉ា​ជនជាតិ​ដើម​ភាគតិច​កួយ ដែល​មក​ពី​ឃុំ​ប្រមេរ បាន​ប្រាប់​អ្នក​សារព័ត៌​មាននៅ​មុខ​សាលា​ខេត្តព្រះវិហារ​ថា ការ​លើកគ្នា​មក​តវ៉ា​នេះ​ដើម្បី​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​បញ្ហា​ដីធ្លី​ដែល​ក្រុមហ៊ុន​ឡាន​ហ្វេ​ង ឈូស​ឆាយ​ប៉ះពាល់​ដីស្រែ និង​ព្រៃឈើ​សហគមន៍​របស់​ពួក​គាត់​កាលពី​កន្លង​ទៅ ។ ជនជាតិ​ដើម​ភាគតិច​ដដែល​បាន​បញ្ជាក់​ទៀត​ថា ពួក​គាត់​មក​តវ៉ា​នេះ គឺ​ដើម្បី​ឲ្យ​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ធ្វើការ​វាស់វែង និង​ចុះបញ្ជី​សមូហភាព​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​របស់​ពួក​គាត់ ដើម្បី​ឱ្យ​ពួក​គាត់​បាន​អភិរក្ស ថែរក្សា និង​បញ្ឈប់​ការ​ឈូស​ឆាយ​របស់​ក្រុមហ៊ុន​ឡាន​ហ្វេ​ង​បន្ត​ទៀត ។

សូម​បញ្ជាក់​ថា ដំណោះស្រាយ​រវាង​អាជ្ញាធរ​ខេត្តព្រះវិហារ និង​ប្រជាពលរដ្ឋ​ប្រមាណ​៣០​គ្រួសារ​ដែល​ជា​តំណាង​ឲ្យ​អ្នក​តវ៉ា បាន​ព្រមព្រៀង​គ្នា​ចំនួន​៥​ចំណុច​ដូច​ខាងក្រោម ៖
ចំណុច​ទី​១-​កំណត់​ព្រំប្រទល់​រវាង​ស្រុក​ត្បែងមានជ័យ និង​ព្រំប្រទល់​ភូមិ​ទាំង​៣​នៅ​ក្នុង​ឃុំ​ប្រមេរ​ដែល​មាន​ភាព​មិន​ច្បាស់លាស់​កន្លង​មក ដោយ​ចាត់តាំង​ក្រុមការងារ​ឲ្យ​ចុះ​ពិនិត្យ វាស់វែង និង​ដោះស្រាយ​ជាក់ស្តែង ។
ចំណុច​ទី​២-​ក្រោយ​កំណត់​ព្រំប្រទល់​ស្រុក​-​ភូមិ​-​ឃុំ​រួច ក្រុមការងារ​បន្ត​កសាង​ផែនការ​បឋម​ដើម្បី​ចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​ឃុំ​ប្រមេរ ដើម្បី​ឲ្យ​រដ្ឋបាល​ខេត្តព្រះវិហារ​ចេញ​ដីកា​រក្សា​ការពារ​ដី​សហគមន៍​របស់​ពួក​គាត់ ។
ចំណុច​ទី​៣-​ចំពោះ​ដី​ទំនាស់​រវាង​ប្រជា​ពល រដ្ឋ និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ រដ្ឋបាល​ខេត្ត​ទទួលយក​សំណើ​នេះ ដើម្បី​ដោះស្រាយ​តាម​គោលការណ៍ ។
ចំណុច​ទី​៤-​ក្នុង​ករណី​ពលរដ្ឋ​ឃុំ​ប្រមេរ ដែល​ពុំ​ទាន់​មាន​ដី​លំនៅ​ឋាន ឬ​ដីស្រែ​ចម្ការ​ពិតប្រាកដ រដ្ឋបាល​ខេត្ត​នឹង​ខិតខំ​ដោះស្រាយ​តាម​រយៈ​គោលការណ៍​ដី​សម្បទាន​សង្គមកិច្ច​ជូន
និង ចំណុច​ទី​៥-​ប្រជាពលរដ្ឋ​ដែល​មក​តវ៉ា​នៅ​មុខ​សាលា​ខេត្តព្រះវិហារ ចាប់តាំងពី​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៥​កន្លង​មក យល់ព្រម​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ និង​ចូលរួម​ដោះស្រាយ​ជាមួយ​ក្រុមការងារ​តាម​ចំណុច​ខាងលើ​ដែល​បាន​ឯកភាព​គ្នា ៕