រថយន្ត​ដឹក​ហ្គា​ស​បុក​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ពីរ​នាក់​នៅ​ស្រុក​ក្រគរ

ខេត្តពោធិ៍សាត់ ​៖ ​យ៉ាង​ហោច​ណាស់​មនុស្ស​២នាក់​បាន​ស្លាប់​ដោយ​សាររថយន្ត​ដឹក​ហ្គាស​បើក​បុក​ ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ​ឌុប​គ្នា​​​លើ​កំណាត់​ផ្លួ​វ​ជាតិ​លេខ​៥​ត្រង់​ចំណុច​ផ្លូវ​កោង​ទល់មុខ​សាលាឃុំ​អន្លង់​ត្នោត​ ស្ថិត​ក្នុងភូមិ​ប៉​ប៉ិត​ ឃុំ​អន្លង់​ត្នោត ​ស្រុក​ក្រគរ ​​​កាលពី​វេលា​ម៉ោង​២១ ​និង​៣០​នាទី​យប់ ​ថ្ងៃ​ទី​០៤ មករា​ ២០១៦​ ​។

លោក​វរសេនីយ៍ទោ ឯម រុន អធិការ​នគរបាល​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ម្នាក់​ឈ្មោះ​ខុន រតនា​ ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ​ជុំ រ័​ត្ន​ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​-ឃុំ​កើតហេតុ​ខាងលើ​។

​​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា នៅ​វេលា​យប់​នោះ​គេ​ឃើញ​រថយន្ត​ដឹក​ហ្គា​ស​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​ពី​លិចទៅ​កើត​។​ ពេលទៅ​ដល់​ចំណុច​ផ្លូវ​កោង​ទល់មុខ​សាលាឃុំ​អន្លង់​ត្នោត​មិនដឹង​ជា​យ៉ាងម៉េច​ស្រាប់តែ​បុក​អ្នក​ជិះ​ម៉ូតូឌុប​គ្នា​ពីក្រោយ​យ៉ាង​ពេញ​ទំ​ហ៊ឹង​ធ្លាក់​មនុស្ស​លើ​ថ្នល់​កិន​ទាំង​មនុស្ស​ទាំង​ម៉ូតូ​ដាច់​ពីរ​បី​កំណាត់​ស្លាប់​យ៉ាង​អ​ណោ​ច​អធ័ម​។

​ភ្លាម​ៗ​នោះ​អ្នក​បើករថយន្ត​មិន​ស្គាល់ឈ្មោះ​ទុក​រថយន្ត​ចោល​គេចខ្លួន​បាត់​ស្រមោល​៕
    ​​