អភិបាលខេត្ត​ព្រះវិហារ ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​ចិន​ដែល​ឆក់​ប្លន់​ដីធ្លី​ជនជាតិដើម​ភាគតិច​កួយ​

​រហូតមក​ដលពេលនេះ​ជម្លោះដីធ្លី​រវាង​ជនជាតិដើម​ភាគតិច​កួយ​នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ជាមួយ​ក្រុមហ៊ុន​ឡាន​ហ្វេ​ង របស់​ចិន មិនទាន់​ត្រូវបាន​អាជ្ញាធរខេត្ត​ព្រះវិហារ ដែលមាន​លោក អ៊ុំ ម៉ា​រ៉ា ជា​អភិបាលខេត្ត ចាត់វិធានការ​ដោះស្រាយ​នោះទេ​។ ប្រការ​នេះហើយ​ទើប​កាលពី​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៦ ជនជាតិដើម​ភាគតិច​កួយ​បាន​ប្រើគោ​យន្ត​៦​គ្រឿង​បិទពាំង​ផ្លូវ​នៅមុខ​សាលាខេត្ត​ព្រះវិហារ មិន​ឲ្យ​មន្ត្រី​សាលាខេត្ត​ចេញចូល​ធ្វើការ​អស់​ជាច្រើន​ម៉ោង គឺ​ចាប់ពី​ម៉ោង​១០​ព្រឹក​រហូតដល់​ម៉ោង​២​រសៀល​។ នៅពេល​ជនជាតិដើម​ភាគតិច​កួយ​ធ្វើបែបនេះ ទើប​មន្ត្រី​អាជ្ញាធរខេត្ត​ព្រះវិហារ សុខចិត្ត​ជួបប្រជុំ​ជាមួយ​តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច​កួយ ដើម្បី​រក​ដំណោះស្រាយ​ក្រោយពី​ពួកគាត់​តវ៉ា​រយៈពេល​៨​ថ្ងៃ​។

ប្រភពពី​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា ការជួបប្រជុំ​ចរចា​ជាច្រើន​ម៉ោង​ទើប​អាជ្ញាធរខេត្ត​ព្រះវិហារ បាន​សន្យា​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៥​ចំណុច​ដូចជា ចុះទៅពិនិត្យ​ព្រំប្រទល់​ដី​ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ ឲ្យ​ច្បាស់លាស់ ហើយ​ចាប់​ផ្ដើមធ្វើ​ផែនទី​បឋម​មួយ​ដើម្បី​ឈានទៅរក​ការចុះបញ្ជី​ដីធ្លី​ជា​សមូហភាព​ជូន​ជនជាតិដើម​ភាគតិច​កួយ​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​ឲ្យ​ដឹង​ទៀតថា ការចរចា​នោះ​គឺជា​ល្បិចកល​របស់លោក អ៊ុំ ម៉ា​រ៉ា ក្នុង​ការបន្ត​ធ្វើបាប​ជនជាតិដើម​ភាគតិច​កួយ ដែល​រងគ្រោះ​ដោយសារ​ក្រុមហ៊ុន​ឡាន​ហ្វេ​ង ឆក់​ប្លន់​ដីធ្លី​ពួកគាត់​យ៉ាង​កំរោល​។ ជាក់ស្តែង​ការចរចា​រវាង​មន្ត្រី​សាលាខេត្ត​ព្រះវិហារ ជាមួយ​ជនជាតិដើម​ភាគតិច​កួយ​បាន​តឹងតែង​យ៉ាងខ្លាំង បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ចាប់ខ្លួន​តំណាង​ជនជាតិ​សហគមន៍​ដីធ្លី​ម្នាក់ មកពី​ស្រុក​រវៀង ក្នុងខណៈដែល​តំណាង​ជនជាតិដើម​ភាគតិច​កួយ​នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ កំពុង​ចរចា​ជាមួយ​មន្ត្រី​សាលាខេត្ត​។

​មជ្ឈដ្ឋាន​នានា​បាន​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យឡើងវិញ​ចំពោះ​ជម្លោះដីធ្លី​រវាង​ក្រុមហ៊ុន​ឡាន​ហ្វេ​ង ជាមួយ​ជនជាតិដើម​ភាគតិច​កួយ​ដែល​អូសបន្លាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ព្រោះ​លោក អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ត​ព្រះវិហារ មិន​យកចិត្តទុកដាក់​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នៅឡើយ​ទេ​។ ផ្ទុយទៅវិញ​លោក អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ត​ព្រះវិហារ ហាក់ដូចជា​កំពុង​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​ចិន​យ៉ាង​ក្រអឺតក្រទម ព្រោះ​ប្រជាពលរដ្ឋ​តវ៉ា​អស់​រយៈពេល​៨​ថ្ងៃ ទើប​មានការ​អនុញ្ញាត​ឲ្យ​តំណាង​សហគមន៍​ជួបចរចា​រក​ដំណោះស្រាយ​។ ជាមួយគ្នានេះ​រដ្ឋាភិបាល​គួរ​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ឡាន​ហ្វេ​ង​ផងដែរ ព្រោះ​ក្រុមហ៊ុន​ចិន​មួយ​នេះ​កំពុង​បំផ្លាញ​ព្រៃ​សហគមន៍ ឆក់​ប្លន់​ដីធ្លី​ជនជាតិដើម​ភាគតិច​កួយ​នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ យ៉ាង​កំរោល​បំផុត​៕

CH-00182​លោក អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ត​ព្រះវិហារ image
​ ​