រដ្ឋ​មួយ​​នៅ​​អាមេរិក​​ចាប់​​ផ្ដើម​​ប្រើ​​ប្រាស់​​បច្ចេក​វិទ្យា​​ប័ណ្ណ​​បើក​បរ​​លើ​​ទូរសព្ទ


រដ្ឋ​មួយ​​នៅ​​អាមេរិក​​ចាប់​​ផ្ដើម​​ប្រើ​​ប្រាស់​​បច្ចេក​វិទ្យា​​ប័ណ្ណ​​បើក​បរ​​លើ​​ទូរសព្ទ

រដ្ឋ​ Iowa ​សហរដ្ឋអាមេរិក​ នៅ​​ដើម​ឆ្នាំ​២០១៦​នេះ​ បាន​ចាប់​ផ្ដើម​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ ប័ណ្ណ​បើក​បរ​​នៅ​លើ​ទូរសព្ទ​ (mobile driver’s license) ដែល​បាន​ធ្វើ​តេស្ត​ចាប់​តាំង​ពី​ខែ​សីហា ​ឆ្នាំ​​២០១៥​ ​មក​ម្ល៉េះ។

 

រដ្ឋ​មួយ​​នៅ​​អាមេរិក​​ចាប់​​ផ្ដើម​​ប្រើ​​ប្រាស់​​បច្ចេក​វិទ្យា​​ប័ណ្ណ​​បើក​បរ​​លើ​​ទូរសព្ទ

 

បច្ចេកវិទ្យា​នេះ​មាន​គុណ​សម្បត្តិ​ជា​ច្រើន​ដោយ​គេ​អាច​ធ្វើ​ការ​​កែ​សម្រួល​​អាសយដ្ឋាន​ និង​កំណត់​ត្រា​នៃ​ការ​បើកបរ​របស់​អ្នក​បើក​បរ​ម្នាក់​បាន​ដោយ​ងាយ។ មិន​តែ​ប៉ុណ្ណោះ​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​​របស់​រដ្ឋ​ទៅ​លើ​ការ​ចេញ​ប័ណ្ណ​បើកបរ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ផង​ដែរ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ Mark Lowe ​នាយក​ នៃ​នាយកដ្ឋាន​យាន​យន្ត​របស់​រដ្ឋ​ Iowa។

 

កាល​ពី​ខែ​សីហា​កន្លង​ទៅ​​ នាយកដ្ឋាន​យានយន្ត​បាន​ចំណាយ​ថវិកា​ ៤០០០០​ដុល្លារ​ ដើម្បី​ផ្ដល់​ឲ្យ​បុគ្គលិក​រដ្ឋ​នូវ​បច្ចេកវិទ្យា​ ប័ណ្ណ​បើក​បរ​លើ​ទូរសព្ទ​នេះ។ បច្ចុប្បន្ន​បច្ចេកវិទ្យា​មួយ​នេះ​ត្រូវ​បាន​គេ​បង្កើត​ឡើង​ជា​កម្មវិធី​ ដែល​អាច​ដំឡើង​លើ​ទូរសព្ទ​ iPhone បាន​ ហើយ​​គេ​ប្រើ​ប្រាស់​​វា​សម្រាប់​បង្ហាញ​ប័ណ្ណ​បើកបរ​នៅ​លើ​ទូរសព្ទ។

 

បច្ចេកវិទ្យា​នេះ​ដំណើរ​ការ​ដូច​ខាង​ក្រោម៖

 

-បន្ទាប់​ពី​ទាញ​យក​កម្មវិធី​ដាក់​ចូល​ក្នុង​ទូរសព្ទ​រួច​ ប្រជា​ពលរដ្ឋ​នៃ​រដ្ឋ​ Iowa នឹង​ទទួល​បាន​អ៊ីមែល​មួយ​ដែល​បង្ហាញ​ពី​ការ​ណែនាំ​ និង​លេខ​សម្ងាត់

 

-បន្ទាប់​មក​ប្រជា​ពលរដ្ឋ​ធ្វើ​ការ​ វាយ​បញ្ចូល​​អាសយដ្ឋាន​អ៊ីមែល​​របស់​ពួក​គេ​ រួម​ជា​មួយ​លេខ​សម្ងាត់​ដែល​ទទួល​បាន​ រួច​ធ្វើ​ការ​បញ្ជាក់​អត្តសញ្ញាណ​ដោយ​ការ​ថត​រូប​ Selfie តាម​រយៈ​កាមេរ៉ា​ទូរសព្ទ​របស់​ពួក​គេ។

 

-បន្ទាប់​មក​កម្មវិធី​នឹង​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​រូបថត​ ជា​មួយ​នឹង​រូបថត​ដែល​មាន​លើ​ឯកសារ​

 

-ប្រសិន​បើ​ផ្ទៀង​ផ្ទាត់​ត្រឹម​ត្រូវ​នោះ​ ប័ណ្ណ​បើកបរ​នឹង​បង្ហាញ​រូបរាង​ឡើង​លើ​ទូរសព្ទ​​ ដើម្បី​ឲ្យ​ប៉ូលិស​ចរាចរ​ធ្វើ​ការ​ត្រួត​ពិនិត្យ

 

ត្បិត​មិន​ទាន់​ដឹង​ថា​​ លទ្ធផល​​នៃ​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​នេះ​បង្ហាញ​ជា​​ផល​វិជ្ជមាន​ឬ​យ៉ាង​ក៏​ដោយ​ ប៉ុន្តែ​គេ​សង្ឃឹម​ថា​បច្ចេកវិទ្យា​នេះ​នឹង​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ទៀត​ក្នុង​ឆ្នាំ​ខាង​មុខ៕​​​​​​​​​​​​​​​​
​​​​​​​

ចុច​អាន៖ Galaxy S7 ​នឹង​មាន​ថ្ម​ទំហំ​ធំ​ជាង​មុន​ ថែម​ទាំង​មិន​ជ្រាប​ទឹក​ទៀត​ផង

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AndroidHealines, DesMoinesRegister​​​​​​​