លោក ម៉ា ឈឿន ចូលរួម ខួបអនុស្សាវរីយ៍ លើកទី៣៧ នៃទិវាជ័យជំនះ ៧មករា ស្រុកជើងព្រៃ

កំពង់ចាម៖ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋាន ស្រុកជើងព្រៃ លោក ម៉ា ឈឿន នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ ២០១៦នេះ រួមជាមួយ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ ថ្នាក់ដឹកនាំស្រុក លោកគ្រូ អ្នកគ្រូ សកម្មជនយុវជន គណបក្សប្រជាជនកម្ពុជាជាច្រើនរូប បានអញ្ជើញចូលរួម ខួបអនុស្សាវរីយ៍ លើកទី៣៧ នៃទិវាជ័យជំនះ ៧មករា (៧ មករា ១៩៧៩-០៧ មករា ២០១៦) ដែលជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋកម្ពុជា។

ក្នុងពិធីរំលឹកខួបលើកទី៣៧ នៃថ្ងៃជ័យជំនះ ៧មករា នេះ អភិបាលស្រុកជើងព្រៃ បានថ្លែងថា នេះជាការរំលឹកខួប នូវថ្ងៃកំណើតទី២ នៃការរស់រានមានជីវិត របស់ ប្រជា ពលរដ្ឋខ្មែរនេះ គឺដើម្បីរំលឹក ដល់ ប្រជាពលរដ្ឋ ជាពិសេស ស្រទាប់យុវជន ឲ្យយល់ច្បាស់ ចងចាំជានិច្ច និង ដឹងគុណជានិច្ចនៃថ្ងៃ៧ មករា ១៩៧៩ និងស្នាដៃធំៗ ជាប្រវត្តិសាស្ត្រ ដែលគណបក្ស ប្រជាជនកម្ពុជា បាន សម្រេចជូនជាតិ និងមាតុភូមិតាំងពី ដំណាក់កាលសង្គ្រោះជាតិ រហូតមកដល់បច្ចុប្បន្ន និងប្ដេជ្ញាការពារ មិនឲ្យមានរបបនេះវិលមកជាលើកទី២។

ថ្លែងក្នុងឱកាសនោះដែរ លោក ម៉ា ឈឿន ប្រធានក្រុមការងារថ្នាក់ថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកជើងព្រៃ បានរំលឹកឡើងវិញពី សោកនាដកម្ម ក្នុងរបប៣ឆ្នាំ ៨ខែនិង២០ថ្ងៃ ដែលប្រជាជនកម្ពុជា ទទួលរងនូវទុក្ខវេទនា រស់នៅក្នុងគុក ឥតជញ្ជាំង ដោយ ពួកប៉ុលពត បាន បង្ខិតបង្ខំប្រជាជន ឲ្យធ្វើការលើសកម្លាំងហូបចុក មិនគ្រប់គ្រាន់ និងបិទសិទ្ធសេរីភាព គ្រប់បែបយ៉ាង មិនត្រឹមតែប៉ុណ្ណោះ ពួកវាបានកាប់សម្លាប់ និងធ្វើទារុណកម្ម លើប្រជាជនឯង យ៉ាងសាហាវ ព្រៃផ្សៃបំផុត។

លោក ម៉ា ឈឿន ថា "រហូតដល់ថ្ងៃរំដោះ ៧មករា១៩៧៩ របបដ៏យង់ឃ្នងនេះ ត្រូវបានផ្ដួលរំលំ ដោយសារ កម្លាំង មហាសាមគ្គី របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា គុណបំណាច់ ដ៏ធំធេងនេះ ប្រជាជន កម្ពុជា ចងចាំជានិច្ច និងមិនអាចបំភ្លេចបានឡើយ ថ្ងៃ៧មករា គឺជាថ្ងៃកំណើត ទី២ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មិនអាចបំភ្លេចបាន ដោយសារ មានថ្ងៃរំដោះ៧មករា ទើបប្រជាពលរដ្ឋកម្ពុជាយើង អាចរស់រានមាន ជីវិតឡើងវិញ និងមាន សេរីភាព រហូតមកដល់បច្ចុប្បន្ននេះ"។

ទំាង លោក ម៉ា ឈឿន ក៏ដូចជាមន្រ្តិរាជការ អាជ្ញាធរ និងប្រជាពលរដ្ឋនៅស្រុកជើងព្រៃ បានចាត់ទុកថា ស្មារតី៧មករា គឺជាស្មារតីអមត ស្ថិតនៅក្នុងជម្រៅចិត្ត របស់ប្រជាជនកម្ពុជាជាប់ជានិច្ច ដូចនេះហើយបានជាថ្ងៃ៧មករា ត្រូវបានគេកំណត់ជាថ្ងៃ ទិវាសម្រាប់ ជាតិទាំងមូលទាំងមន្ដ្រីរាជការបុគ្គលិក កម្មករ ក្រុមហ៊ុន ទាំងអស់ ដែលបំពេញការងារនៅកម្ពុជា ជាមួយគ្នានោះ លោក ម៉ា ឈឿន និងប្រជាពលរដ្ឋទំាងអស់ ក៏បានប្រកាសប្តេជ្ញា បន្តគំាទ្រ បេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៅអណត្តិក្រោយៗ ដើម្បីបន្តដឹកនាំប្រទេស ក្រោមមាគ៌ាដ៏ភ្លឺស្វាង។

ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋាន ស្រុកជើងព្រៃរូបនេះ បានលើកឡើទៀតថា ជនទាំង ឡាយណាដែល ដែលមិនទទួលស្គាល់ ថ្ងៃ៧មករានោះ គឺជាជនឆបោក និងក្បត់ខ្លួនឯង ហើយ មិនទទួលស្គាល់ សច្ចះធម៌ប្រវត្តិសាស្ត្រ។ តែអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ថ្ងៃ៧មករា ឆ្នាំ១៩៧៩ បានសង្គ្រោះមាតុភូមិកម្ពុជាដ៏កំសត់ឲ្យរស់ឡើងវិញ អ្វីៗគ្រប់យ៉ាងចាប់ផ្តើមពីបាតដៃទទេស្អាត ក្រោយពីរបបខ្មែរក្រហម បានកំទេចគ្មានសល់នូវអ្វីដែលជាសមិទ្ធផលពីសង្គមចាស់។ ការស្ដារប្រទេស ត្រូវចាប់ផ្តើមចេញពី ចំនុចក្រោមសូន្យ។ មកដល់ថ្ងៃនេះ កម្ពុជា មានអគារខ្ពស់ ទំនើបៗ មានហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវថ្នល់ថ្មីៗជាច្រើន មានធនធានមនុស្សគ្រប់ផ្នែក មនុស្សមាន សិទ្ធិសេរីភាព មានកម្មសិទ្ធ ដែលទទួលបានផលពីផ្នែកនានានៃសង្គម និងគ្រប់វិស័យទាំងអស់។ ទៅថ្ងៃ អនាគត កម្ពុជានឹងមានការអភិវឌ្ឍន៍រីកចម្រើនបន្ថែមទៀត ដូចបណ្ដាប្រទេសអភិវឌ្ឍន៍នៅក្នុងពិភពលោក៕

លោក ម៉ា ឈឿន ចូលរួម ខួបអនុស្សាវរីយ៍ លើកទី៣៧ នៃទិវាជ័យជំនះ ៧មករា ស្រុកជើងព្រៃ

លោក ម៉ា ឈឿន ចូលរួម ខួបអនុស្សាវរីយ៍ លើកទី៣៧ នៃទិវាជ័យជំនះ ៧មករា ស្រុកជើងព្រៃ

លោក ម៉ា ឈឿន ចូលរួម ខួបអនុស្សាវរីយ៍ លើកទី៣៧ នៃទិវាជ័យជំនះ ៧មករា ស្រុកជើងព្រៃ

លោក ម៉ា ឈឿន ចូលរួម ខួបអនុស្សាវរីយ៍ លើកទី៣៧ នៃទិវាជ័យជំនះ ៧មករា ស្រុកជើងព្រៃ

លោក ម៉ា ឈឿន ចូលរួម ខួបអនុស្សាវរីយ៍ លើកទី៣៧ នៃទិវាជ័យជំនះ ៧មករា ស្រុកជើងព្រៃ