Niasse របស់ Lokomotiv ត្រៀម​ផ្ទេរ​ទៅ​កាន់ Premier League ក្នុង​តម្លៃ​១៥​លានផោន

Oumar Niasse ដែល​ជា​ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ទម្រង់​លេង​​របស់​ក្លិប Lokomotiv Moscow​ នោះ នឹង​ត្រូវ​ផ្ទេរ​ទៅកាន់​ក្រប​ខ័ណ្ឌ​អង់​គ្លេស Premier League ក្នុង​តម្លៃ​ខ្លួន​១៥​លានផោន (ស្មើនឹង​២២,០៧លាន​ដុល្លារ​អាមេ​រិក) នៅ​ខែ​មក​រា​នេះ ខណៈ​ដែល​ក្លិប​​ជា​ច្រើន​កំពុង​តែ​ត្រួត​ពិនិត្យ​​លើ​ស្ថានភាព​​​របស់​គេ​។

football-moscovក្លិប Chelsea, Manchester United និង Tottenham Hotspur បាន​ធ្វើ​ការ​អង្កេត​ទៅលើ​រូបគេ​​នៅ​​ពាក់​កណ្តាល​រដូវកាល​ទី​១​នៃ​រដូវ​កាលនេះ ហើយ​ក្លិប​នីមួយ​ៗ​​កំពុង​តែ​សម្លឹង​​រក​ការ​ពង្រឹង​​នៅ​តំបន់​ប្រយុទ្ធ​របស់​ពួកគេ​នៅ​ខែ​នេះ​។ ក្លិប Everton, Newcastle United និង Aston Villa ក៏​ចង់​បាន​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​សេណេ​ហ្គាល់​រូបនេះ​ផង​ដែរ ដែល​បាន​​ជាប់​ឆ្នោត​ជា​​កីឡាករ​ឆ្នើម​របស់​ក្រប​ខ័ណ្ឌ Russian Premier League ក្នុង​ឆ្នាំ​២០១៥ ​។ ក្នុង​ការ​ប្រកួត​​២១​លើក​​សម្រាប់ក្រុម Lokomotiv នៅ​រដូវ​កាលនេះ រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​១២​​គ្រាប់ និង​​បាន​ជួយ​ឲ្យ​មិត្ត​​រួម​​ក្រុម​រក​គ្រាប់​បាល់​បញ្ចូល​ទី​១០​គ្រាប់​ផ្សេង​ទៀត​។ ខ្សែ​ប្រយុទ្ធ​វ័យ​២៥​ឆ្នាំ​រូប​នេះ បាន​ជួយ​ឲ្យ​ក្លិប​របស់​គេ​​ឈរក្នុង​ចំណាត់​ថ្នាក់​លេខ​៣នៅ​លើ​តារាង​លីក ពោល​គឺ​​៥​ពិន្ទុ​ពីក្រោយក្រុម​កំពុង​នាំមុខ CSKA Moscow ហើយ​​សម្រាប់​ការ​ឈាន​ទៅ​ប្រកួត​​វគ្គ​៣២​នាក់​ចុងក្រោយ​នៃ​ក្រប​ខ័ណ្ឌ Europa League​ ក្រុម Lokomotiv បាន​បញ្ចប់​ដោយការ​ឈរ​នៅលើ​កំពូល​តារាង​​​ក្នុង​ពូល​ដែល​ក្នុង​នោះ​ក៏​មានក្រុម Sporting Lisbon និង Besiktas ផង​ដែរ​។ ក្លិប Bayer Leverkusen និង Monaco បាន​រង​នូវ​ការ​ច្រានចោល​នូវ​សំណើ​របស់​ខ្លួន​សម្រាប់​ការ​ទិញ Niasse ហើយ​​វា​មាន​នូវក្លិប​ជា​ច្រើន​ផ្សេង​ទៀត​នៅ​អឺ​រ៉ុប​ដែល​​​កំពុង​តែ​ចាប់​អារម្មណ៍​។ ប៉ុន្តែ បេះ​ដូង​របស់​គេ​គឺ​ការ​ផ្ទេរ​ទៅកាន់​អង់គ្លេស​សម្រាប់​ហេតុ​ផលឯក​ជន និងអាជីព ពីព្រោះ​ភរិយា​របស់​គេ​កំពុង​តែ​ស្នាក់​នៅ​ទីក្រុង Manchester​៕

ប្រភព​ព័ត៌​មាន៖ The Guardian