ដោយសារ​ចង់បាន​អំណោយ និង​ការព្យាបាល មិន​គិតថ្លៃ បុរស​ម្នាក់​ ​ប្រឌិត​រឿង​កុហក​អ្នកកាសែត​

​កំពង់ឆ្នាំង: បុរស​ម្នាក់ ដោយសារតែចង់បាន​អំណោយ និង​ការព្យាបាល​មិន​គិតថ្លៃ បានមក​កុហក​អ្នក​សែត​ថា ពេទ្យ​មិន​ព្រម​ព្យាបាល ព្រោះតែ​គាត់​គ្មាន​លុយ​។ បុរស​នេះឈ្មោះ លឹម វណ្ណ​រ៉ា  មាន​ទីលំនៅ​ក្នុងភូមិ​ចំការ​ឃ្លៃ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង  ។​
​    ​
​កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៥  បុរស​ខាងលើ បានមក​ជួប​អ្នកសារព័ត៌មាន ហើយ​រៀបរាប់ថា  គាត់​បាន​ជិះ​កង់​មកពី​ផ្ទះ នៅ​ភូមិ​ចំការ​ឃ្លៃ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ មកកាន់​មន្ទី​ពេទ្យ​ខេត្តកំពង់ឆ្នាំង ដើម្បីអោយ​គ្រូពេទ្យនៅ​ទីនោះ ជួយ​ពិនិត្យ និង​ព្យាបាល​ជំងឺ ប៉ុន្តែ​ពេទ្យ​មិនបាន​ជួយ​ពិនិត្យ និង​ព្យាបាល​ជំងឺ​អោយ​គាត់​ឡើយ ដោយសារតែ​គាត់​អត់លុយ  ។​
​    ​
​បុរស​ឈ្មោះ លឹម វណ្ណ​រ៉ា  បាន​រៀបរាប់​ទៀតថា គាត់​បានធ្វើ​ដំណើរ មកកាន់​មន្ទីរពេទ្យ​ខេត្ត​នេះ ជា​លើក​ទី​២​ហើយ កាលពី​លើក​មុន គាត់​បាន​កាន់​ប័ណ្ណ​សមធម៌ ដើម្បី​ពិនិត្យ​សុខភាព នៅ​មន្ទីរពេទ្យ​ខេត្ត​នេះដែរ ហើយ​កាលនោះ ក្រុមគ្រូពេទ្យ បានអោយ​បង់​ថវិកា ចំនួន​១​ម៉ឺន​រៀល ដើម្បី​បាន​ពិនិត្យ​សុខភាព ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​៤ ខែមករា ឆ្នាំ​២០១៥ គាត់​មក​មន្ទីរពេទ្យ​ម្តងទៀត ដើម្បី​ពិនិត្យ​សុខភាព ព្រោះ​គាត់​ចេះតែ អស់កម្លាំង ហេវ​ហត់ និង ឈាម​ច្រមុះ ផងដែរ ។​

​ពេលមកដល់​មន្ទីរពេទ្យ គាត់​ចូលទៅ​ដល់ កន្លែង​ជួប​ពិគ្រោះ​ដំបូង ជាមួយ​គ្រូពេទ្យ និង​បានបង្ហាញ​ប័ណ្ណ​សមធម៌ ប្រភេទ​លេខ​១​។ ពេលនោះ គ្រូពេទ្យ បាន​ប្រាប់​គាត់​ថា តម្រូវអោយ​គាត់ បង់​សេវា​ចំនួន​១​ម៉ឺន​រៀល​។ ប៉ុន្តែ​ពេលនោះ គាត់​ប្រាប់​ពេទ្យ​ថា មានតែ​៥​ពាន់​រៀល​ទេ ជួយ​ពិនិត្យ​អោយ​គាត់​ផង ព្រោះ​គាត់​អត់​មាន​លុយ​ទេ  ពេលនោះ​ពេទ្យ​ប្រាប់​គាត់​ថា អត់​បានទេ​ទាល់តែ​គ្រប់​ចំនួន​១​ម៉ឺន​រៀល ។
​    ​
​ក្រោយពី​មាន​សារព័ត៌មាន​ចុះផ្សាយ ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ បាន​កោះហៅ​គ្រូពេទ្យ និង​បុគ្គលិក នៅតាម​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ មក​ប្រជុំ​ស្រាវជ្រាវ ប៉ុន្តែ​ត្រូវ​គ្រូពេទ្យ និង​បុគ្គលិក​ពេទ្យ​ទាំងអស់ បញ្ជាក់ថា មិនបាន​ឃើញ​បុរស​ឈ្មោះ លឹម វណ្ណ​រ៉ា នេះ ចូល​មន្ទីរពេទ្យ​ឡើយ  ។  ក្រោយពី​បញ្ចប់​អង្គប្រជុំ លោក​វេជ្ជបណ្ឌិត សូ​រិ​ន្ទី រ៉ា​វុ​ឌ្ឍី និង លោក​វេជ្ជបណ្ឌិត ទុំ សម្បត្តិ ដែលជា​ប្រធាន និង​អនុប្រធាន​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង បាន​សហការ​ជាមួយ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ចុះ​ទៅដល់​លំនៅស្ថាន បុរស​ឈ្មោះ លឹម វណ្ណ​រ៉ា ផ្ទាល់​ទាំងយប់​តែម្តង ។​
​    ​
​ពេល​សាក​សួររក​មូលហេតុ​ពិត ត្រូវ​បុរស​ឈ្មោះ លឹម វណ្ណ​រ៉ា​នោះ បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ គាត់​មិនបាន​ទៅ​មន្ទីរពេទ្យ​ទេ តែ​គាត់​បាន​ទៅ​ជួប​អ្នកសារព័ត៌មាន ដើម្បីអោយ​ជួយ​ចុះផ្សាយ ក្រែង​បាន​អំណោយ​មនុស្សធម៌​ខ្លះ និង​អោយ​ពេទ្យ ជួយ​ព្យាបាល ដោយ​មិន​គិតថ្លៃ  ។​
​    ​
​លោក​វេជ្ជបណ្ឌិត សូ​រិ​ន្ទី រ៉ា​វុ​ឌ្ឍី ប្រធាន​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង បាន អោយ ដឹងថា បុរស​ឈ្មោះ លឹម វណ្ណ​រ៉ា នេះ ជំងឺ​របស់គាត់ មិន​ធ្ងន់ធ្ងរ​ទេ ដែល​នៅពេលនេះ យើង​បានអោយ​គាត់ មក​សម្រាក​នៅ​មន្ទីរពេទ្យ​ហើយ​។  ចំពោះ​ការពិនិត្យ និង​ព្យាបាល ខាង​មន្ទីរពេទ្យ មិន​តម្រូវអោយ​គាត់​បង់ប្រាក់​ឡើយ​៕V/S

ដោយសារ​ចង់បាន​អំណោយ និង​ការព្យាបាល មិន​គិតថ្លៃ បុរស​ម្នាក់​ ​ប្រឌិត​រឿង​កុហក​អ្នកកាសែត​

ដោយសារ​ចង់បាន​អំណោយ និង​ការព្យាបាល មិន​គិតថ្លៃ បុរស​ម្នាក់​ ​ប្រឌិត​រឿង​កុហក​អ្នកកាសែត​

​    ​