សម្តេច​តេ​ជោ ដាក់បទបញ្ជា​ឲ្យ​លោក​ត្រាំ អ៊ីវតឹក ខិតខំ​ធ្វើ​ប័ណ្ណបើកបរ ជូន​អ្នក​ដែល​គ្មាន​ប័ណ្ណបើកបរ​

ភ្នំពេញ: សម្តេច​តេ​ជោ បានដាក់​បទបញ្ជា​ផ្ទាល់មាត់​ដល់​លោក​ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ឲ្យ​ខិតខំ​ធ្វើ​ប័ណ្ណបើកបរ ជូន​អ្នក​ដែល​គ្មាន​ប័ណ្ណបើកបរ មុន​អ្នក​ដែល​មក​ប្តូរ​យក​ប័ណ្ណបើកបរ​ថ្មី​។​

​នា​ពិធី​សម្ពោធ​ស្ពាន​អាកាស​៥​មករា (​តិច​ណូ​) នៅ​ព្រឹក​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​លើកឡើងថា អ្នកប្រើប្រាស់​យានយន្ត​ទាំងអស់ ត្រូវតែមាន​ប័ណ្ណបើកបរ​។ សម្តេច​បាន​បន្តថា ជា​អាទិភាព ត្រូវធ្វើ​ប័ណ្ណបើកបរ​ឲ្យ​អ្នក​ដែល​គ្មាន ត្រូវធ្វើ​មុន​អ្នក​ដែលមាន​ប័ណ្ណ​រួចហើយ គ្រាន់តែ​យើង​ដូរ​ឲ្យ​ធ្វើតាម​ក្រោយ ពីព្រោះ​កម្លាំង​របស់​យើង​មិន​គ្រប់​។ សម្តេច បាន​បន្តថា មនុស្ស​សល់​ជាង ២ លាន​នាក់ ដែល​អត់​ទាន់​បានធ្វើ​ប័ណ្ណបើកបរ ដូច្នេះ​ត្រូវតែ​សម្រុក​ធ្វើ​ឲ្យ​ហើយ សម្រាប់​អ្នក​ដែល​អត់​ទាន់​មាន​មុន​។​

​សម្តេច​បាន​បន្តថា អ្នក​ដែល​ត្រូវការ​ប័ណ្ណបើកបរ ត្រូវតែ​រួសរាន់​មក​ធ្វើ​ប័ណ្ណបើកបរ ហើយ​អ្នក​ដែល​ធ្វើ​ប័ណ្ណ​ឲ្យ​គេ ត្រូវតែ​ធ្វើ​។ ការធ្វើ​ប័ណ្ណបើកបរ​នេះ ក្នុងន័យ​ពង្រឹង​នូវ​ច្បាប់​ចរាចរណ៍​ដែល​កំពុង​អនុវត្តន៍​សព្វថ្ងៃនេះ​។ អ្នក​ដែល​អត់​ទាន់​មាន​ប័ណ្ណបើកបរ គឺ​ប៉ូលិស អត់​ទាន់​ប៉ះពាល់​ទេ រួមទាំង​អ្នកមាន​ប័ណ្ណ​ចាស់ អ្នកមាន​ប័ណ្ណ​ថ្មី​។ ការធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​ចាស់ មានតម្លៃ ៦​ម៉ឺន​រៀល បូក​រួមទាំង​ពិនិត្យ​សុខភាព តម្លៃ​សរុប ៧៤.០០០ រៀល ពេលនេះ​សម្តេច​តេ​ជោ​ប្រកាសថា ធ្វើ​ប័ណ្ណបើកបរ​អចិន្ត្រៃយ៍​មានតម្លៃ​ត្រឹមតែ ២៥.០០០​រៀល ។ តម្លៃ​នេះ គឺ​គ្រាន់តែ​រួច​ថ្លៃ​ក្រដាស​តែប៉ុណ្ណោះ ហើយ​សម្តេច​បានបញ្ជាក់​ថា មិនចាំបាច់​ទៅ​រៀន​បើកបរ​ម៉ូតូ និង​ពិនិត្យ​សុខភាព​នោះឡើយ ព្រោះ​វា​ជា​រឿង​ស្មុ​គ្រ​ស្មាញ​៕​

Posted by Samdech Hun Sen, Cambodian Prime Minister on Monday, January 4, 2016