ហាង​កាហ្វេ​តា​យ៉ឹកកំពុង​ពេញ​និយម​ចាក់​ភ្នាល់​ប្រដាល់គួរ​ឱ្យ​ចង់​ចូល​

ខេត្តស្វាយរៀង ៖ តុ​​កាហ្វេ​ជនបទ​មួយ​ស្ថិត​នៅ​ភូមិ​ត្រោក ឃុំ​ឈើទាល ស្រុក​ស្វាយ​ជ្រុំ​ ​​មាន​បើក​លក់​កាហ្វេ​ជា​រៀងរាល់ថ្ងៃ ចាប់ពី​ព្រឹក​ព្រលឹមរហូត​ដល់​ល្ងាច ។ ​ជាមួយ​គ្នា​នោះ​ដែរ​ក៏​បាន​បើក​ឲ្យ​លេងល្បែង​ភ្នាល់​ផង​ដែរ ហើយ​ល្បែងភ្នាល់​សំខាន់​ជាងគេ​នៅ​ក្នុង​តុ​កាហ្វេ​នោះ ​គឺការ​ចាក់​ប្រដាល់ ។

បើ​តាម​ប្រភព​ច្បាស់ការ​មួយ​បានឱ្យ​ដឹង​ថា ហាង​កាហ្វេ​មួយ​នេះ​មាន​ម្ចាស់​ឈ្មោះ តា​យ៉ឹ​ក ។ ​នៅ​ពេល​ដែល​មានការ​ភ្នាល់​ម្តង​ៗ គឺ​គាត់​ជា​ម្ចាស់​ហាង​​ជា​អ្នក​ឈរ​សួរ​ទៅ​អ្នក​ដែល​ចង់​លេងល្បែង និង​ចង់​ភ្នាល់​ថា​តើ​អ្នក​ណា​យក​ខាង​ណា ហើយ​អ្នក​ណា​ចង់តប៉ុន្មាន ។

​ល្បែង​ដែល​ពេញ​និយម​បំផុត​នោះ​គឺ​ការ​ចាក់​ភ្នាល់​ប្រដាល់ ដែល​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ប៉ុស្តិ៍​ថៃ ដោយ​ម្នាក់​ៗ​ចាប់​គូ ខ្លះ​យក​បង្គោល​ក្រហម ខ្លះ​យក​បង្គោល​ខៀវ ហើយ​ពេល​កីឡាករកំពុង​ប្រដាល់ បើ​មើលទៅ​បង្គោល​ណា​អន់​នោះ​មាន​អ្នកស្រែ​កថា តប៉ុន្មាន ហើយ​តាយ៉ឹ​ក​ម្ចាស់ផ្ទះ​ស្រែក​ឡើង​ថា ហ៊ាន​ត ប៉ុន្មាន អ្នក​ត ចាប់ដៃ​គ្នា​ថា ត5​ម៉ឺន  10​ម៉ឺន ឬ​រ​ហូតដល់50​ម៉ឺនរៀល តាមតែ​អ្វី​ដែល​គេ​ត្រូវ​រ៉ូ​វ​គ្នា​ ។

ហាង​កាហ្វេ​នេះ ក្នុង​មួយ​ថ្ងៃ​ៗ​មាន​មនុស្ស​ចូល​លេង​ផឹក​កាហ្វេ​ និង​លេង​ជាង​100​នាក់ ម៉ូតូ​ជាង​100​គ្រឿង ហើយយ៉ាង​យូរ​មួ​យស​ប្តា​ហ៍​មាន​ប្រពន្ធ​មក​តាម​ប្តី ជេរ ប្តី​ម្តងផ្អើល​ឈុល ដោយសារប្តី​ខ្លះ ​​មក​ផឹក​ភ្លេច​ការងារ​ផ្ទះ អ្នកខ្លះ​លេង​ចាញ់ល្បែង​ភ្នាល់​ប្រដាល់​នេះ រហូត​បញ្ចាំ​ម៉ូតូក៍​មាន ធ្វើ​ឲ្យ​ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា​ស្ទើរ​ពេញ​ភូមិ​។

លោក ពិន សំអាត អធិការ​ស្រុក​ស្វាយ​ជ្រុំ​បាន​បញ្ជាក់​ថា កន្លង​មក​លោក​បាន​ឲ្យមេ​ប៉ុស្តិ៍​ឃុំ​ឈើទាល​ហៅ​ម្ចាស់ផ្ទះ​មក​អប់រំ​ធ្វើ​កិច្ចសន្យាកុំ​ឲ្យ​ពេល​មើល​ប្រដាល់​មាត់​ឮ​ៗ​រំខាន​ការ​ដេក​ពួន​អ្នក​ជិតខាង ។ ​ប៉ុន្តែ​ចំពោះ​ការ​ភ្នាល់​ល្បែង​ចាក់​លុយ ពី​​ប្រាំ​ម៉ី​នរហូត​រាប់​លាន​រៀល​ក្នុង​មួយគូ​ៗ​នោះ​លោក​មិន​ទាន់​ដឹង​ទេ ហើយ​លោក​ក៏កំពុង​រក​មធ្យោបាយ​កុំ​ឲ្យ​ភ្នាល់​​​ល្បេង ​ពីព្រោះ​ការ​លក់​កាហ្វេ លោក​ថា លោក​មិន​មាន​សិទ្ធិ​បិទ​នោះ​ទេ​៕
 ​