រឿង​អធិការនគរបាល​១២​ខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ លាក់បាំង​បទល្មើស​ត្រូវ​ប្រឈម​នឹង​ការព្រមាន​

​អធិការនគរបាល​១២​ខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​អធិការនគរបាល​ខណ្ឌ​ទួលគោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ប្ញ​ស្សី​កែវជា​ដើម ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ផ្សេងៗ​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ ហេតុនេះហើយ​ទើប​អំពើ​ប្លន់​ប្រដាប់អាវុធ ចោរឆក់​តាម​ដងផ្លូវ និង​បទល្មើស​គ្រឿងញៀន រាលដាល​យ៉ាង​ពេញបន្ទុក​នៅក្នុង​ខណ្ឌ​ទាំង​៤​ខាងលើនេះ​។ ជាពិសេស​លោក ហ៊ុន សុធី អធិការនគរបាល​ខ​ណ្ឌ​ទួលគោក ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម​តាម​តួនាទី​របស់ខ្លួន​ទេ ហើយ​ករណី​ចោរឆក់​តាមផ្លូវ​លេខ​២៦១ មុខ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក កើត​ឡើងជា​ញឹកញាប់​មិនដែល​ឃើញ​នគរបាល​ខណ្ឌទួលគោក​បង្ក្រាប​ម្តងណា​ឡើយ​។

​ថ្មីៗ​នេះ​លោក ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​រំលឹក​ឲ្យ​អធិការនគរបាល​តាម​ខណ្ឌ​ទាំង​១២ មិនត្រូវ​លាក់បាំង​បទល្មើស​ដែល​កើតឡើង​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ឡើយ​។ ការ​ក្រើនរំលឹក​នេះ​បាន​កើតឡើង​ក្រោយពី​រកឃើញថា ថ្មីៗ​នេះ​ក្រុម​ជនល្មើស​ដែល​សមត្ថកិច្ច​ចាប់ខ្លួនបាន​សារភាព​ពី​ករណី​ដែល​ពួកគេ​ប្រព្រឹត្ត​កន្លងមក​នៅ​ខណ្ឌ​មួយចំនួន ហើយ​នៅពេល​ធ្វើការ​ស្រាវជ្រាវ​ទៅ បែរជា​មិនឃើញ​សំណុំរឿង​នៅក្នុង​បណ្ដា​ខណ្ឌ​ទាំងនោះ​ទៅវិញ​។ លោក ជួន សុវណ្ណ លើកឡើង​បែបនេះ​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ដក​ពិសោធន៍​សភាព​ការ​លទ្ធផល​កិច្ចសហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ គ្រឿងញៀន សណ្ដាប់ធ្នាប់​ចរាចរណ៍​ប្រចាំឆ្នាំ​២០១៥ របស់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៦​។

​ចំណុច​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​លោក ជួន សុវណ្ណ បាន​បញ្ជាក់ថា ការគ្រប់គ្រង​មុខសញ្ញា​ព្រហ្មទណ្ឌ ការអនុវត្ត​ដីកា​ស្វែងរក​ចាប់ខ្លួន​មុខសញ្ញា​ដែល​នៅ​សេសសល់​ទទួលបាន​លទ្ធ​ផល​ទាប មិនទាន់​ក្លាយជា​សកម្មភាព​ជាក់ស្តែង​របស់​សមត្ថកិច្ច​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ការបង្ក្រាប​បទល្មើស​មាន​ការថយចុះ​តែមួយ​រយៈពេល​ខ្លី ហើយ​មានការ​កក្រើក​ឡើងវិញ​បន្ទាប់ពី​មុខសញ្ញា​ទាំងនោះ បាន​បង្កើតជា​ក្រុម​ថ្មី ដើម្បី​ធ្វើ​សកម្មភាព​បន្ត​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ប្រជាពលរដ្ឋ​បាន​រិះគន់ថា អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ និង​អធិការនគរបាល​ខណ្ឌ​ទួលគោក អសមត្ថភាព​ជាងគេ​ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម ដូច្នេះ​ល្មម​ដល់ពេល​ដែល​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សើរើ​តំណែង​ពួកគេ​ហើយ​៕

khada0893​លោក ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ ៥២លោក ហ៊ុន សុធី អធិការនគរបាលខណ្ឌទួលគោក​