ចៅសង្កាត់​អំពិល ក្រុង​សៀមរាប មកពី​គណបក្ស​សមរង្ស៊ី កំពុង​ទទួលរង​នូវ​អំពើ​អយុត្តិធម៌​

ភាពអយុត្តិធម៌​ទៅលើ​លោក ហ៊ាង សារី ចៅសង្កាត់​អំពិល ក្រុង​សៀមរាប មកពី​គណបក្ស​សមរង្ស៊ី ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​ក្លា ព្រោះ​ចៅសង្កាត់​រូបនេះ​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ដោយ​យកចិត្តទុកដាក់​។ ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ជាង​១០០​នាក់​មាន​ទាំង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​និង​អ្នកគាំទ្រ​គណបក្សជំទាស់ បាន​ប្រមូល​ផ្ដុំគ្នា​ទៅ​ឈរ​កាន់​បា​ដា​ស្រែក​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​ចៅសង្កាត់​អំពិល ដោយ​ឥត​លក្ខខណ្ឌ​។ សកម្មភាព​នេះ​បង្ហាញ​យ៉ាងច្បាស់​ថា លោក ហ៊ាង សារី បម្រើ​ប្រជាពលរដ្ឋ​យ៉ាង​ស្មោះត្រង់​ទើប​ប្រជាពលរដ្ឋ​ជួយ​រក​យុត្តិធម៌​ឲ្យ​លោក​។

​ក្រុម​អ្នកភូមិ​ដែលមាន​ទាំង​មនុស្ស​ចាស់​និង​ក្មេងៗ ស្ត្រី​វ័យ​ចំណាស់ បាននាំគ្នា​ឈរ​កាន់​បដា​ហាលថ្ងៃ​ក្ដៅ​មុខ​សាលាដំបូង​ខេត្តសៀមរាប ស្រែក​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​លោក ហ៊ាង សារី ចៅសង្កាត់​អំពិល​វិញ​។ សម្រែក​របស់​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា​«​សូម​តុលា​ការជួយ​ដោះលែង​ចៅសង្កាត់​អំពិល​មកវិញ​មក គាត់​គ្មាន​កំ​ហុង​អ្វី​ឡើយ​គឺ​គាត់​ធ្វើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​ដោយស្មោះ​ត្រង់​»​។ ក្រុម​អ្នកភូមិ​ដែល​ប្រមូល​ផ្ដុំគ្នា​តវ៉ា​មុខ​សាលាដំបូង​ខេត្តសៀមរាប ក៏បាន​យក​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​ចំនួន​ជាង​១៥០០​នាក់​ផ្សេងទៀត ដែល​គាំទ្រ​ចៅសង្កាត់​អំពិល មក​បង្ហាញ​មន្ត្រី​តុលាការ​ជា​សំអាង ដើម្បី​ស្នើ​ឲ្យ​ដោះលែង​លោក ហ៊ាង សារី​។ ប្រជាពលរដ្ឋ​ទាំងនោះ​ត្រូវគេ​ដឹងថា​មកពី​៩​ភូមិ​ក្នុង​សង្កាត់​អំពិល ហើយ​កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ ពួកគាត់​ធ្លាប់​មក​តវ៉ា​ដល់​មុខ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​ចៅសង្កាត់​អំពិល​ម្តង​រួចមកហើយ​។

តាម​ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​អំពិល បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ លោក ហ៊ាង សារី អាយុ​ជាង​៦០​ឆ្នាំ ជា​ចៅសង្កាត់​អំពិល ក្រុង​សៀមរាប មកពី​គណបក្ស​សមរង្ស៊ី ត្រូវបាន​តុលាការ​ចាប់ខ្លួន​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​យ៉ាង​កំរោល​។ ប្រជាពលរដ្ឋ​បាន​រៀបរាប់ថា ដោយសារតែ​លោក ហ៊ាង សារី ការពារ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​អាជ្ញាធរ​អប្សរា​រំលោភបំពាន ទើប​គេ​ប្តឹង​គាត់​ពីបទ​ចេញ​និង​ក្លែង​ឯកសារ​ខុសពី​ដែន​សមត្ថកិច្ច​។ ការពិត​លោក ហ៊ាង សារី ពុំ​មានកំ​ហុង​អ្វី​ទាំងអស់ ហើយ​តុលាការ​កំពុង​ចោទប្រកាន់​លោក​ទាំង​បំពាន ដើម្បី​បម្រើ​ផលប្រយោជន៍​ក្រុមមន្ត្រី​ខិលខូច​ក្នុង​អាជ្ញាធរ​អប្សរា​មួយចំនួន ដែល​ពូកែ​ធ្វើទុក្ខបុកម្នេញ​ប្រជាពលរដ្ឋ​។ បញ្ហា​នេះ​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ គួរពិនិត្យមើល​ទង្វើរ​បស់​មន្ត្រី​តុលាការ​នៅ​សាលាដំបូង​ខេត្តសៀមរាប​ខ្លះ​ផង​៕

1223_Mr-Vongwathana_Sovannaraលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
b1ee27d8-be4a-46fb-91f8-0ae1e268bb08ប្រជាពលរដ្ឋតវ៉ាឲ្យដោះលែងលោក ហ៊ាង សារី ចៅសង្កាត់អំពិល​