អភិបាលខេត្ត​ស្វាយរៀង គួរ​ចាត់វិធានការ​លើ​មេ​ភាស៊ី​ផ្សារ​វាល​យន្ត​ជាបន្ទាន់​

បញ្ហា​ដែល​កើតឡើង​នៅ​ផ្សារ​វាល​យន្ត​ឬ​ផ្សារ​ធំ​ក្នុង​ក្រុង​ស្វាយរៀង ត្រូវបាន​ក្រុមអាជីវករ​និង​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង​ទាំង​ភាពអនាធិបតេយ្យ បញ្ហា​អនាម័យ ក៏ដូចជា​បញ្ហា​ផ្សេងទៀត​។ ក្រុមអាជីវករ​លក់ដូ​រ​នៅ​ផ្សារ​វាល​យន្ត ក៏ដូចជា​ប្រជាពលរដ្ឋ​ទៅ​ទិញ​ទំនិញ​នៅ​ផ្សារ​បាន​ឲ្យ​ដឹងថា មេ​ភាស៊ី​ផ្សារ​វាល​យន្ត​ថ្មី​ដែល​ទើប​ឡើងកាន់តំណែង​បាន​ជិត​១​ខែ គិតគូរ​តែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ​។ ចំណែក​រឿង​សំរាម​គរ​ដូច​ភ្នំ​ស្អុយរលួយ និង​ការលក់ដូរ​លើ​ផ្លូ​វួ​យ៉ាង​អនាធិបតេយ្យ បែរជា​មេ​ភាស៊ី​ផ្សារ​វាល​យន្ត​មិន​ចាត់វិធានការ​ដោះស្រាយ​ឡើយ​ទុក​ឲ្យ​ស្ទះចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​។

ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ស្វាយរៀង បាន​អំពាវនាវ​ឲ្យ​លោក ជៀង អំ ជា​អភិបាលខេត្ត ពិនិត្យ​បញ្ហា​នេះ​ជាបន្ទាន់​ព្រោះ​ការយក​ចិញ្ចើមថ្នល់​ធ្វើជា​កន្លែង​លក់ដូរ​យ៉ាង​អនាធិបតេយ្យ និង​ទុក​ឲ្យ​សំរាម​គរ​ដូច​ភ្នំ​កំពុង​ធ្វើ​ឲ្យ​ស្ទះចរាចរណ៍​និង​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​។ អាជីវករ​លក់ដូរ​នៅ​ផ្សារ​វាល​យន្ត​បាន​បញ្ជាក់ថា អ្នក​ដេញ​ភាស៊ី​ផ្សារ​វាល​យន្ត​ថ្មី​មានឈ្មោះ សូ ថា​វី ហៅ​យាយ​ញ៉ា​ញ់ មាន​ទីលំនៅ​ក្នុង​ក្រុង​ស្វាយរៀង ហើយ​ទំនង​ជាមាន​ខ្នងបង្អែក​រឹងមាំ​ផងដែរ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា ចាប់តាំងពី​យាយ​ញ៉ា​ញ់ មក​ធ្វើជា​មេ​ភាស៊ី​ផ្សារ​វាល​យន្ត​រួចមក បានធ្វើ​ឲ្យ​ការលក់ដូរ​មាន​ភាព​រញ៉េរញ៉ៃ សំរាម​គរ​ពេញ​ផ្លូវ និង​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ ព្រោះ​យាយ​ញ៉ា​ញ់ គិតតែ​រឿង​ប្រមូល​លុយ​ច្រក​ហោប៉ៅ​យ៉ាង​ក្រអឺតក្រទម​។

ក្រុមអាជីវករ​លក់ដូ​រ​ក្នុង​ផ្សារ​វាល​យន្ត ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ស្វាយរៀង បាន​អំពាវនាវ​ដល់​លោក​អភិបាលក្រុង​ស្វាយរៀង ក៏ដូចជា​លោក ជៀង អំ អភិបាលខេត្ត​ស្វាយរៀង ពិនិត្យមើល​ភាពអនាធិបតេយ្យ​លើផ្លូវ​ជុំវិញ​ផ្សារ និង​សំរាម​គរ​ដូច​ភ្នំ ព្រមទាំង​បញ្ហា​កកស្ទះ​ចរាចរណ៍​ជាបន្ទាន់​។ ដោយហេតុថា​ជិត​១​ខែ​មកហើយ​ដែល​អ្នកស្រី សូ ថា​វី បង្ក​ឲ្យ​មាន​បញ្ហា​បែបនេះ ហើយ​ចេះតែ​ត្រឹម​ចាត់ចែង​កូនចៅ​ឲ្យ​ដើរ​ប្រមូល​ភាស៊ី​ពី​អ្នកលក់ដូរ​ក្នុង​ផ្សារ​យ៉ាង​សុខ​ស្រួល​។ ភាពមិនប្រក្រតី​ដែល​កើតឡើង​ក្នុង​ផ្សារ​វាល​យន្ត​បច្ចុប្បន្ននេះ កំពុង​ត្រូវបាន​ក្រុមអាជីវករ​និង​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង ដូច្នេះ​អាជ្ញាធរខេត្ត​ស្វាយរៀង និង​មន្ទីរ​ពាក់ព័ន្ធ​មិនគួរ​មើលរំលង​នោះទេ​៕

KS11285 KS11286