បទល្មើស​ចិញ្ចឹម​ត្រី​ឆ្ដោ​នៅ​ឃុំ​កំពង់​លួង ស្រុក​ក្រគរ នៅតែ​កើតមាន​ដដែល​

នៅក្នុង​ខេត្តពោធិ៍សាត់ បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​និង​បទល្មើស​ចិញ្ចឹម​ត្រី​ឆ្ដោ​នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ ព្រោះ​លោក ម៉ៅ ធនិន ជា​អភិបាលខេត្ត និង​មេ​រដ្ឋបាល​ជលផល​ខេត្ត មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​៤ ឃុំ​កំពង់​លួង ស្រុក​ក្រគរ បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោ​ជាច្រើន​កន្លែង​ដោយ​ម្ចាស់​ស្រះ​ទាំងនោះ មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​រដ្ឋបាល​ជលផល​។ ប្រសិនបើ​អ្នក​ចិញ្ចឹម​ត្រី​ឆ្ដោ​គ្មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​រដ្ឋបាល​ជលផល និង​មន្ត្រី​អាជ្ញាធរ​ទេនោះ ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​៤ ឃុំ​កំពង់​លួង បាន​ឲ្យ​ដឹងថា បទល្មើស​ចិញ្ចឹម​ត្រី​ឆ្ដោ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​កើតឡើង​ជា​យូរ​ឆ្នាំ​មកហើយ ដោយមាន​ការជួយ​បិទបាំង​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពុករលួយ​។ ការចិញ្ចឹម​ត្រី​ឆ្ដោ​ទាំងនោះ នាំ​ឲ្យ​មាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​កូន​ត្រី​ល្អិតៗ​ក្នុង​បឹង​ទន្លេសាប​យ៉ាង​ពេញបន្ទុក ព្រោះ​ត្រី​ឆ្ដោ​ស៊ី​កូន​ត្រី​ល្អិតៗ​ជា​ចំណី​។ ដោយសារតែ​បទល្មើស​ចិញ្ចឹម​ត្រី​ឆ្ដោ​ក្នុងភូមិ​៤ ឃុំ​កំពង់​លួង​នោះ​ហើយ ទើប​បទល្មើស​នេសាទ​ចាប់​កូន​ត្រី​ល្អិតៗ​ក្នុង​បឹង​ទន្លេសាប​នៃ​ស្រុក​ក្រគរ កើតឡើង​យ៉ាង​អនាធិបតេយ្យ​ដូច​ពេលបច្ចុប្បន្ន​។

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​មួយចំនួន​បាន​ឲ្យ​ដឹងថា ក្នុង​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោ​នីមួយៗ​ម្ចាស់​អាច​ចំណាយលុយ​ប្រមាណ​៥០​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ សម្រាប់​ទិញ​កូន​ត្រី​ល្អិតៗ​ធ្វើជា​ចំណី​ត្រី​ឆ្ដោ​។ តាម​ការប៉ាន់ប្រមាណ​គឺ​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោ​ក្នុងភូមិ​៤ ឃុំ​កំពង់​លួង អាច​ប្រមូល​ទិញ​កូន​ត្រី​ល្អិតៗ​ក្នុង​មួយថ្ងៃ​ប្រមាណ​៥០០​គីឡូក្រាម ហេតុនេះហើយ​ទើប​បទល្មើស​នេសាទ​ប្រើ​មង​ឬ​ស្បៃ​មុង​ក្រឡា​ញឹក​ចាប់​កូន​ត្រី​តូចៗ​ចម្រុះ​កំពុងតែ​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​។ បញ្ហា​នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ត្រូវ​ពិនិត្យ​និង​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ពុំមាន​ការថយចុះ​នោះទេ​៕

KS11289 KS11287