អាមេរិក រិះគន់យ៉ាងចាស់ដៃ លើការហោះ សាកល្បងរបស់ចិន នៅកោះសិប្បនិម្មិត

វ៉ាស៊ីនតោន៖ រដ្ឋាភិបាលអាមេរិក បានធ្វើការរិះគន់ជាខ្លាំង ចំពោះប្រទេសមហាអំណាច ពិភពលោកលំដាប់ទីពីរ សម្រាប់ការ សាកល្បងហោះហើរ នៅលើកោះសិប្បនិម្មិត ស្ថិតនៅ តំបន់មានជម្លោះ នៃសមុទ្រចិនខាងត្បូង។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ នេះដោយដកស្រង់ សម្ដីរបស់អ្នក នាំពាក្យ ក្រសួងការបរទេសអាមេរិកលោក ចន ឃឺបាយ រិះគន់ចំពោះការហោះ ហើរ សាកល្បងរបស់ចិន នៅកោះ ស្រ្ពាតលី បន្ដទៀតថា “យើងមើលមិនឃើញថា សកម្មភាព ហោះហើរនេះ គ្មានអត្ថប្រយោជន៍ដល់ សន្ដិសុខ និង ស្ថេរភាពក្នុងតំបន់នោះទេ” លោកថា “វាគ្រាន់តែជាកាបង្កើនភាពតានតឹងប៉ុណ្ណោះទេ”។

លោកបានបន្ថែមទៀតថា “យើងសូមអំពាវនាវជាថ្មីម្ដងទៀត ឲ្យភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់ សកម្មភាពទាមទារ លេបយកទឹកដី និងបញ្ឈប់ការបន្ថែមកម្លាំងយោធា នៅក្រៅតំបន់របស់ ខ្លួន”។

បច្ចុប្បន្នរដ្ឋាភិបាលអាមេរិក មិនបានឈរនៅភាគីណាមួយក្នុងបញ្ហាជម្លោះ ដណ្ដើមទឹកដី នេះទេ ដែលក្នុងជម្លោះ នោះ រួមមានប្រទេសចិន ហ្វីលីពីន វៀតណាម និងបណ្ដាប្រទេស ផ្សេងទៀតក្នុងតំបន់អាស៊ី ប៉ុន្ដែអាមេរិក បាន ជំរុញឲ្យចិន បញ្ឈប់សកម្មភាពជា ឯកតោភាគី ដែលចង់លេបយកទឹកដី ដោយលើកឡើងថា ចិនជាអ្នកបង្កភាព តានតឹងក្នុងតំបន់៕

អាមេរិក រិះគន់យ៉ាងចាស់ដៃ លើការហោះ សាកល្បងរបស់ចិន នៅកោះសិប្បនិម្មិត