Rain និង Kim Tae Hee ទៅ​លំហែ​កាយ​លើ​កោះ​ដើម​ឆ្នាំ​ថ្មី


Rain និង Kim Tae Hee ទៅ​លំហែ​កាយ​លើ​កោះ​ដើម​ឆ្នាំ​ថ្មី

រូបភាព​ដើរ​កម្សាន្ត​នៅ​លើ​ផ្លូវ​របស់​តារា​មាន​ឥទ្ធិពល​ទាំង​ពីរ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ក្រោយ​ពេល​ស្រលាញ់​គ្នា​បី​ឆ្នាំ ស្នេហា​រវាង​​ Rain និង Kim Tae Hee នៅ​តែ​រឹង​មាំ​ដដែល។

 

កាល​ពី​ល្ងាច​ថ្ងៃ​ទី ៤ ខែ​មករា បណ្ដាញ​ព័ត៌មាន Newsen របស់​កូរ៉េ​ខាង​ត្បូង​បាន​រាយការណ៍​ថា​តារា​ចម្រៀង​កូរ៉េ​ល្បី​ឈ្មោះ​ Rain និង មិត្ត​ស្រី​តារា​សម្ដែង​ជួរ​មុខ​ Kim Tae Hee កំពុង​តែ​សម្រាក​លំហែ​កាយ​នៅ​លើ​កោះ Sokcho ខេត្ត Gangwon។ នៅ​ក្នុង​រូប​ដែល​គេ​ថត​បាន គូ​សង្សារ​ស្លៀក​ពាក់​សាមញ្ញ និង​ពាក់​ម៉ាស​បិទ​មុខ​ជៀស​វាង​ទទួល​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ដទៃ។ នេះ​គឺ​ជា​ការ​ដើរ​លេង​ដ៏​​កម្រ​របស់​អ្នក​ទាំង​២ ដោយ​សារ​តែ​មាន​ការងារ​រវល់​ខ្លាំង​រៀង​ៗ​ខ្លួន។

 

Rain និង Kim Tae Hee ទៅ​លំហែ​កាយ​លើ​កោះ​ដើម​ឆ្នាំ​ថ្មី

 

មុន​នោះ​ដែរ កាល​ពី​ថ្ងៃ​ទី ២ ខែ​មករា នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន តារា​សម្ដែង​ស្រី​រឿង “Yongpal” បាន​បង្ហោះ​រូប​មួយ​ភ្ជាប់​ជាមួយ​សារ​ជូន​ពរ​ឆ្នាំ​ថ្មី​ថា៖ “ឆ្នាំ​មុន អ្នក​ទាំង​អស់​គ្នា​ពិត​ជា​បាន​នឿយ​ហត់​ច្រើន​ហើយ។ សូម​បំភ្លេច​ចោល​នូវ​រឿង​ដែល​មិន​សប្បាយ​ចិត្ត​ទាំង​ឡាយ ហើយ​តម្រង់​ទៅ​រក​ឆ្នាំ​ថ្មី​ដែល​ពោរពេញ​ទៅ​រឿង​រីករាយ”។

 

Rain និង Kim Tae Hee ទៅ​លំហែ​កាយ​លើ​កោះ​ដើម​ឆ្នាំ​ថ្មី

 

Kim Tae Hee និង Rain ត្រូវ​បាន​អ្នក​កាសែត​ទម្លាយ​រឿង​​ស្រលាញ់​គ្នា​កាល​ពី​ថ្ងៃ​ទី ១ ខែ មករា​ឆ្នាំ ២០១៣ ពេល​កំពុង​ដើរ​លេង​ជា​មួយ​គ្នា។ ចាប់​ពី​ពេល​នោះ​មក មាន​ព័ត៌មាន​ជាច្រើន​បាន​ចុះ​ផ្សាយ​ថា​ពួក​គេ​បាន​ចែក​ផ្លូវ​គ្នា​ដើរ​ហើយ។ ប្រឈម​មុខ​ជាមួយ​ពាក្យ​ចចាមអារ៉ាម​ទាំង​នេះ កំពូល​តារា​ទាំង​២​តែង​តែ​រក្សា​ភាព​ស្ងៀមស្ងាត់​​ជានិច្ច​មិន​ទទួល​ស្គាល់​ក៏​ដូច​ជា​បដិសេធ​ឡើយ តែ​ដំណើរ​កម្សាន្ត​នា​ពេល​ថ្មី​ៗ​នេះ បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា​ស្នេហា​របស់​អ្នក​ទាំង​ពីរ​នៅ​រឹង​មាំ​ដដែល៕

 

ចុចអាន៖Minzy ទទួល​ការ​បង្អាប់​និង​សរសើរ​ច្រើន​ដូច​គ្នា​ក្រោយ​បង្ហោះ​រូប​ selfie ថ្មី

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14