ពែកមី​ ​បកស្រាយ​រឿង​តែង​សម្ដែង​ស្និទ្ធ​ជាមួយនាង ភីម ឲ្យ​ តាក់ស៊ី ខឹង

ពែកមី​ ​បកស្រាយ​រឿង​តែង​សម្ដែង​ស្និទ្ធ​ជាមួយនាង ភីម ឲ្យ​ តាក់ស៊ី ខឹង

បន្ទាប់​ពី​មាន​ការ​រិះគន់​ខ្លាំង​លើ​ការ​សម្ដែង​របស់​ក្រុម​នាយ​ពែកមី​ ​​រួច​មក បាន​ធ្វើ​ឲ្យ​ក្រុម​កំប្លែង​នេះ​ទាំង​មូល​នៅ​មិន​ស្រណុក​ចិត្ត​ឡើយ។ ជួប​​ជាមួយ Sabay  នាយពែកមី​ ​ ​បាន​បកស្រាយ​​ថា ​នោះ​ជា​ការ​សម្ដែង​ប៉ុណ្ណោះ ហើយ​មិន​មាន​បំណង​ទៅ​បៀតបៀន​នារី​ភេទ​ឡើយ។ សូម​ស្ដាប់​បទ​សម្ភាសន៍ខ្លី​ ពែកមី ជាមួយ Sabay ដូច​ខាង​ក្រោម៖

 

ពែកមី​ ​បកស្រាយ​រឿង​តែង​សម្ដែង​ស្និទ្ធ​ជាមួយនាង ភីម ឲ្យ​ តាក់ស៊ី ខឹង

 រូបភាព៖ បណ្ដាញ​សង្គម

 

 

Sabay៖ ថ្មី​ៗ​នេះ​ឃើញ​មាន​ការ​រិះគន់​ទៅ​លើ​សកម្មភាព​សម្ដែង​របស់​ក្រុម​លោក ដោយ​យក​ប្រពន្ធ​នាយ តាក់ស៊ី មក​លេង​សើចស្និទ្ធស្នាល តើ​លោក​មាន​អ្វី​ជា​ការ​ឆ្លើយតប?

 

ពែកមី៖បង​ប្អូន​ទស្សនិកជន​តែង​ភ័ន្ត​ច្រឡំ​ពេល​ពួក​ខ្ញុំ​សម្ដែង​ស្និទ្ធស្នាល​ជាមួយ​នាង​ ភីម ហើយ​ឃើញ​នាយ​តាក់ស៊ី​ប្រចណ្ឌ​នោះ គឺ​មិន​មែន​ជា​ជីវិត​ពិត​នៅ​ក្រៅ​ឆាក​ទេ គ្រាន់តែ​ជា​ការ​រៀបចំ និង​សម្ដែង​ឡើង​តែ​ប៉ុណ្ណោះ​ដើម្បី​ឲ្យ​បងប្អូន​សើច​សប្បាយ​តែ​ប៉ុណ្ណោះ។ ដូច​គ្នា​នេះ​ការ​សម្ដែង​ក្នុង​ពេល​ថ្មី​ៗ​នេះ​ដែល ភីម សម្ដែង​ជា​តួ​ប្ដី​ប្រពន្ធ​ជាមួយ​ក្រូច ហើយ​តាក់ស៊ី​ប្រចណ្ឌ​ក៏​មាន​ការ​គ្រាំគ្រា​ចិត្ត​នោះ ក៏​ជា​ការ​សម្ដែង​ដូចគ្នា​ដែរ។

 

 

Sabay៖មូលហេតុ​អ្វី​បាន​ជា​ក្រុម​លោក​តែង​លេង​បែប​នោះ?

 

ពែកមី៖មូលហេតុ​ដែល​លេង​បែប​នោះ ព្រោះ​ពេល​តាក់ស៊ី​សម្ដែង​ប្រចណ្ឌ​ប្រពន្ធ ធ្វើ​ង៉ិកង៉ក់ គឺ​បងប្អូន​សើច ចឹង​ហើយ​ទើប​ពួក​ខ្ញុំ​ចេះ​តែ​លេង​បែប​នឹង​ទៅ។ តែ​តាម​ពិត​ក្រុម​ពួក​ខ្ញុំ​ទាំង​មូល​រាប់អាន ស្រលាញ់​គ្នា​ដូច​បងប្អូន​មិន​ថា​នាយ​ក្រូច តាក់ស៊ី អី​ទេ។ ម្យ៉ាង​វិញ​ទៀត​ពួក​ខ្ញុំ​សុទ្ធតែ​ជា​មនុស្ស​មាន​ប្រពន្ធ​កូន​អស់​ហើយ មាន​រឿង​អី​ទៅ​បៀតបៀន​គ្នា​នោះ។

 

 

ពែកមី​ ​បកស្រាយ​រឿង​តែង​សម្ដែង​ស្និទ្ធ​ជាមួយនាង ភីម ឲ្យ​ តាក់ស៊ី ខឹង

 

Sabay៖តើ ពែកមី​ ​ មាន​ពាក្យពេចន៍​អ្វី​ជា​ចុង​ក្រោយ​ដែរ?

 

ពែកមី៖ខ្ញុំ​សូម​អរគុណ​ដែល​បាន​រិះគន់ ព្រោះ​មាន​ន័យ​ថា ​ពួក​គាត់​បាន​មើល តែ​បងប្អូន​ខ្លះ​មិន​បាន​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ទេ តែ​គាត់​ជេរ​យក​ៗ ឬ​ដាក់​ទំនាយ​តែម្ដង។ ខ្ញុំ​ក៏​សូម​ឲ្យ​បងប្អូន​នៅ​តែ​បន្ត​ការ​គាំទ្រ​ទៅ​មុខ​ទៀត៕

 

អត្ថបទ៖ទ្រី រ៉ាវី